en     km
en     km

ស្វែងយល់ពីជំងឺរលាកផ្លូវដង្ហើមចំពោះកុមារ

Share

ជំងឺរលាកផ្លូវដង្ហើម ជាការឆ្លងមេរោគ បាក់តេរី និងផ្សិត នៅផ្នែកដែលពាក់ព័ន្ធនឹងការដកដង្ហើមដូចជា បំពង់ក ផ្លូវដង្ហើម និងសួត។ ជំងឺរលាកផ្លូវដង្ហើមមាន ២ ប្រភេទគឺ រលាកផ្លូវដង្ហើមផ្នែកខាងលើដែលប៉ះពាល់ដល់បំពង់ក និងភ្នាសរន្ធឆ្អឹង។ និងជំងឺរលាកផ្លូវដង្ហើមផ្នែកខាងក្រោមដែលប៉ះពាល់ដល់បំពង់ខ្យល់ និងសួត។

រូបភាពនេះមានប្រភពពីគេហទំព័រសុខភាព verywell របស់សហរដ្ធអាមេរិក

ជាពិសេសមេរោគងាយនឹងឆ្លងតាមផ្លូវដង្ហើមរបស់កុមារ ដោយសារប្រព័ន្ធភាពសុំារបស់ពួកគេមិនទាន់ខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគដែលបង្កគ្រោះថ្នាក់ទាំងនោះ។ ជំងឺរលាកផ្លូវដង្ហើម អាចវិវត្តទៅជាការរលាកទងសួតនិងសួតធ្ងន់ធ្ងរបាន ពិសេសចំពោះកុមារតូចៗអាយុក្រោម ២ ឆ្នាំ។ 

តួយ៉ាងតាមគេហទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យគន្ធាបុប្ផាបានបង្ហាញពីកុមារីម្នាក់អាយុ ១០ ខែ ត្រូវបានជួយសង្រ្គោះជីវិតអស់រយ:ពេល១០ថ្ងៃ ដោយនាងមានអាការៈដង្ហក់ ហត់ ថប់ដង្ហើម និងបាត់បង់ស្មារតី ព្រមទាំងមានជំងឺរលាកទងសួតនិងសួតទាំងសងខាងយ៉ាងធ្ងន់ធ្ងរបំផុត។

យ៉ាងណាមិញ តាមគេហទំព័រសុខភាព verywell របស់សហរដ្ធអាមេរិកបានបង្ហាញថា កុមារពី១០% ទៅ ១៥% ជួបប្រទះនឹងជំងឺរលាកផ្លូវដង្ហើមនេះ។ ជាពិសេស នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ជំងឺរលាកផ្លូវដង្ហើមជាកត្តាចម្បងដែលបណ្តាលឱ្យមានអ្នកស្លាប់ចំនួន ២ លាននាក់ក្នុងមួយឆ្នាំៗ។

រូបភាពនេះមានប្រភពពីគេហទំព័របរទេស 

យោងតាមការបង្ហាញពីគេហទំព័រសុខភាព verywell ដដែល ចំពោះការធ្វើរោគវិនិច្ឆ័យនៃជំងឺនេះ ជាធម្មតាគឺមានគ្រុនក្តៅដែលមានសីតុណ្ហភាពធំជាង ឬស្មើ ៣៨អង្សាសេ និងមានរោគសញ្ញាផ្លូវដង្ហើមយ៉ាងតិចមួយចំនូនដូចជា ហៀរសំបោរ តឹងច្រមុះ ឈឺបំពង់ក ក្អក ឈឺត្រចៀក ដង្ហើមខ្លីឬពិបាកដកដង្ហើម ដង្ហក់ និងស្បែកមានពណ៌ខៀវ ហើយរោគសញ្ញាទាំងនេះមានរយៈពេលយ៉ាងហោចណាស់ពីរទៅបីថ្ងៃ។ មួយវិញទៀត រោគសញ្ញាទូទៅចំពោះកុមារអាចរួមមាន បដិសេធមិនញុំអាហារ ឬរហិតរហៃជាដើម។

បន្ថែមពីនេះ តក្តាហានិភ័យនៃជំងឺនេះរួមមាន៖ កត្តាអាយុ ពោលគឺប្រព័ន្ធការពាររបស់កុមារមិនមានការអភិវឌ្ឍពេញលេញទេរហូតដល់អាយុ ៥ ឬ ៦ ឆ្នាំ។ មួយទៀតគឺកត្តាបរិយាកាស កុមារដែលរស់នៅក្នុងបរិយាកាសដែលមានមនុស្សច្រើនគឺប្រឈមនឹងហានិភ័យច្រើន។ បន្ថែមពីនេះគឺ កត្តាកង្វះការបំបៅទឹកដោះម្តាយ ដែលធ្វើឱ្យកុមារមិនមានអង់ទីករគ្រប់គ្រាន់និងរឹងមាំ។ ម៉្យាងវិញទៀតគឺផ្សែងបារី និងខ្យល់អាក្រក់នៅខាងក្រៅ ជាពិសេសកុមារដែលមានម្តាយជក់បារីអំឡុងពេលមានផ្ទៃពោះ។

ហើយកត្តាផ្សេងៗទៀតនោះគឺ កង្វះអាហារូបត្ថម្ភ កុមារមានគ្រួសារមានប្រវត្តិនៃជំងឺអាឡែស៊ី កុមារកើតមិនគ្រប់ខែ មិនទទួលបានការចាក់ថ្នាំបង្ការ និងបានប្រើប្រាស់ថ្នាំស្ពឹកជាដើម។ 

ជាចុងបញ្ចប់នៃអត្ថបទនេះ យើងនឹងលើកនូវវិធានការការពារការឆ្លងមេរោគផ្លូវដង្ហើមនេះ ដូចតទៅ៖

អនុវត្តអនាម័យល្អដូចជា លាងដៃមុនពេលញ៉ាំអាហារឬរៀបចំអាហារ ក្អកដាក់ដៃឬក្រដាសអនាម័យរួចលាងដៃឱ្យបានស្អាត។ បន្ថែមពីនេះគឺ ផ្លាស់ប្តូររបៀបរស់នៅដូចជា ជៀសវាងកុមារទាក់ទងជាមួយមនុស្សដែលឈឺ ផឹកទឹកឱ្យបានច្រើន គេងឱ្យបានគ្រប់គ្រាន់ និងសមាជិកគ្រួសារត្រូវឈប់ជក់បារី។

ជាពិសេសទៅទៀត កុមារត្រូវទទួលការពិនិត្យ និងត្រូវចាក់ថ្នាំបង្ការជាប្រចាំ ពោលគឺអំពីវ៉ាក់សាំងការពារជំងឺរលាកសួតនេះឯង។ និងសូមយកកុមារទៅពិនិត្យនៅមន្ទីរពេទ្យ ប្រសិនមានរោគសញ្ញាដូចខាងលើមានរយៈពេលយូរជាងពីរសប្តាហ៍ គ្រុនក្តៅខ្លាំង ឬមានការព្រួយបារម្ភផ្សេងទៀត៕

 

Share

ព័ត៌មានទាក់ទង

Image