en     km
en     km

ឥណ្ឌូនេស៊ីទិញអង្ករជាង១២ម៉ឺនតោនដើម្បីធានាសន្ដិសុខស្បៀង តែចង់វិនិយោគវិស័យកសិកម្មលើកម្ពុជា

Share

កម្ពុជាបានលក់អង្ករទៅឱ្យឥណ្ឌូនេស៊ីបរិមាណ១២ម៉ឺន៥ពាន់តោន ខណៈប្រទេសក្នុងតំបន់អាស៊ានមួយនេះស្វែងរកស្បៀង ដើម្បីធានាស្ថិរភាពក្នុងប្រទេសរបស់ខ្លួន។ តែយ៉ាងណា ប្រទេសឥណ្ឌូនេស៊ី ក៏ចង់វិនិយោគមកកម្ពុជាវិញនូវខ្សែសង្វាក់តម្លៃនៃវិស័យកសិកម្ម ជារោងម៉ាស៊ីនកិនស្រូវ ឃ្លាំងស្តុក ឬហេដ្ឋារចនាសម្ព័ន្ធ ឡូជីស្ទីក និងការវិនិយោគផ្គត់ផ្គង់ជីអុយរ៉េ។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖


កម្ពុជាជួយសម្រួលក្នុងការនាំចេញអង្ករទៅកាន់ប្រទេសឥណ្ឌូនេស៊ី ដើម្បីទ្រទ្រង់ដល់សន្តិសុខស្បៀងសម្រាប់ប្រទេសក្នុងតំបន់អាស៊ានមួយនេះ ក្រោយឥណ្ឌូនេស៊ីស្វែងរកទីផ្សារអង្ករបន្ថែមពីប្រទេសផ្សេងៗ។ ប្រទេសឥណ្ឌូនេស៊ីសង្កត់ធ្ងន់ថា ដើម្បីទ្រទ្រង់ដល់សន្តិសុខស្បៀងក្នុងប្រទេស ប្រទេសរបស់ខ្លួនចាំបាច់ស្វែងរកទីផ្សារអង្ករ ដោយក្នុងនោះមានទីផ្សារអង្ករពីកម្ពុជាផងដែរ ដោយសារកម្ពុជាមានអង្ករដែលមានគុណភាពល្អ និងមានការទទួលស្គាល់ និងនាំចូលដោយប្រទេសជាសមាជិកអាស៊ានចំនួន៨ ក្នុងចំណោមសមាជិកទាំង១០ប្រទេស។


នេះបើតាមការលើកឡើងរបស់លោកអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី ខណៈជួបជាមួយលោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទៅ១៥ ខែសីហា។
បើតាមការបញ្ជាក់ពីក្រសួងណាពិជ្ជកម្មនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ម្សិលមិញថា ឥណ្ឌូនេស៊ីបានឯកភាពទិញអង្ករពីកម្ពុជាក្នុងបរិមាណ ១២ម៉ឺន៥ពាន់តោន ក្នុងនោះមានអង្ករ ស បរិមាណ១០ម៉ឺនតោន។ ចំណែកវិស័យឯកជននៃប្រទេសឥណ្ឌូនេស៊ីបានទិញអង្ករប្រណិតពីកម្ពុជា២ម៉ឺន៥ពាន់តោនផងដែរ។


ជាមួយគ្នាក្រសួងពាណិជ្ជកម្មបានឱ្យដឹងដែរថា កម្ពុជា និងឥណ្ឌូនេស៊ីបានចុះអនុស្សនៈយោគយល់ ក្នុងការធ្វើពាណិជ្ជកម្មអង្កររហូតដល់បរិមាណជាង២៥ម៉ឺនតោនក្នុងមួយឆ្នាំ ដែលមានសុពលភាពរហូតដល់៤ឆ្នាំ។
យ៉ាងណា ឥណ្ឌូនេស៊ីក៏ចាប់អារម្មណ៍ក្នុងការវិនិយោគក្នុងផ្នែកខ្លះនៃខ្សែសង្វាក់តម្លៃនៃវិស័យកសិកម្ម ដូចជា រោងម៉ាស៊ីនកិនស្រូវ ឃ្លាំងស្តុក ឬហេដ្ឋារចនាសម្ព័ន្ធ ឡូជីស្ទីក និងការវិនិយោគផ្គត់ផ្គង់ជីអុយរ៉េ មកកម្ពុជាផងដែរ។
លោក ឌិត ទីណា ថា កម្ពុជាបើកចំហរទ្វារជានិច្ច សម្រាប់ឥណ្ឌូនេស៊ី ក្នុងការវិនិយោគក្នុងខ្សែសង្វាក់នៃវិស័យកសិកម្មរបស់កម្ពុជា និងជួយជ្រោមជ្រែងឱ្យដំណើរការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារឥណ្ឌូនេស៊ី។


បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ ចេញកាលពីថ្ងៃទី៨ ខែសីហា បានឱ្យដឹងរយៈពេល៧ខែឆ្នាំ២០២៣ អង្ករកម្ពុជាបាននាំចេញចំនួនជាង៣៦២លានតោន។ តាមរបាយការណ៍បញ្ជាក់ថា ចំនួននេះមានការថយចុះបើធៀបនិងរយៈពេលដូចគ្នាឆ្នាំ២០២២។ តែអ្នកនាំពាក្យក្រសួងសិកម្ម កញ្ញា អ៊ឹម រចនា ធ្លាប់បានគូសបញ្ជាក់ថា តម្លៃអង្ករលើទីផ្សារអន្តរជាតិបាននិងកំពុងតែហក់ឡើង ម្ល៉ោះហើយ កម្ពុជាកំពុងតែសិក្សាអំពីយុទ្ធសាស្ត្រដែលអាចទាញយកផលប្រយោជន៍ខាងសេដ្ឋកិច្ចពីព្រឹត្តិការណ៍នេះ តាមរយៈការបង្កើនសមត្ថភាពឱ្យរោងម៉ាស៊ីនក្នុងស្រុកប្រមូលទិញស្តុកទុក បង្កើនការកែច្នៃ និងនាំចេញផ្ទាល់ទៅកាន់ទីផ្សារអន្តរជាតិ៕

Share

ព័ត៌មានទាក់ទង

Image