en     km
en     km

CMACនៅតែបន្ដបិទវិទ្យាល័យព្រះមហាក្សត្រីយានីកុសមៈខេត្តក្រចេះដើម្បីរុករកយុទ្ធភណ្ឌមិនទាន់ផ្ទុះ

Share

ដើម្បីបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ នៅក្នុងការរុករកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងបរិវេណសាលាវិទ្យាល័យព្រះមហាក្សត្រីយានី កុសមៈ អង្គភាពស៊ីម៉ាក់ បានបិទសាលារៀននេះបន្ដទៀត ដើម្បីស្វែងរកគ្រាប់ដែលនៅសេសសល់។ យ៉ាងណាគណៈគ្រប់គ្រងសាលាបានរៀបចំឱ្យសិស្សរៀនតាមប្រព័ន្ធអនឡាញបណ្តុះអាសន្នរហូតប្រាកដថាទីតាំងសាលាមានសុវត្តិភាពទើបអនុញ្ញាតឱ្យសិស្សានុសិស្សចូលរួមដូចដើមវិញ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន CMAC បានឱ្យដឹងនៅលើហ្វេសប៊ុកអង្គភាពនៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ថាCMAC បន្ដបិទសាលារៀន វិទ្យាល័យព្រះមហាក្សត្រីយានី កុសមៈ ដែលស្ថិតនៅក្នុងភូមិសាស្ដ្រភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ដើម្បីបន្ដរុករកយុទ្ធភណ្ឌមិនទាន់ផ្ទុះ។

មន្រ្តីជំនាញ បានអះអាងថា អាចនៅមានសេសសល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលជាសំណល់ពីសង្គ្រាមជាច្រើនទៀត ដែលត្រូវបន្តប្រតិបត្តិការនៅក្នុងបរិវេណសាលានេះ។ សាលាវិទ្យាល័យព្រះមហាក្សត្រីយានីកុសមៈ ជាទីតាំងសាលារៀនចាប់តាំងពីសម័យសង្គមរាស្ត្រនិយម ប៉ុន្តែក្នុងសម័យខ្មែរក្រហម នាឆ្នាំ១៩៧៥-ដល់ដើមឆ្នាំ១៩៧៩ ទីតាំងសាលាក៏បានប្រែក្លាយជាបន្ទាយកងទ័ពខែ្មរក្រហម។ ក្រោយឆ្នាំ១៩៧៩ ទីតាំងនេះបន្តប្រើជាបន្ទាយរហូតដល់ឆ្នាំ១៩៨៧ ទើបប្រគល់អតីតបន្ទាយទាហាននេះទៅឲ្យអាជ្ញាធរខេត្តក្រចេះប្រើប្រាស់ធ្វើជាសាលារៀនវិញ។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា ក្រុមការងារបានដាក់គ្រឿងចក្រមួយចំនួនដើម្បីបំរើដល់ការរុករកឱ្យបានឆាប់រហ័ស បំណងដើម្បីពន្លឿនការវិលត្រឡប់របស់សិស្សសិក្សាក្នុងថ្នាក់រៀនដូចប្រក្រតីវិញ។

ដោយឡែកនាយកសាលាព្រះមហាក្សត្រីយានី កុសមៈបានឱ្យដឹងថា សាលាបានផ្អាកការសិក្សាដោយផ្ទាល់ និងចាប់ផ្ដើមរៀនតាមប្រព័ន្ធអនឡាញតាំងពីថ្ងៃទី១៤ ខែសីហាមកម៉្លេះ និងរងចាំរហូតដល់អង្គភាពស៊ីម៉ាក់ប្រាកដថាមានសុវត្ថិភាពទើបបើកដំណើរការជាធម្មតាវិញ។

គួរជម្រាបថា អាជ្ញាធរមូលដ្ឋានបានប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួនតែ២ គ្រាប់ប៉ុណ្ណោះកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ តែក្រោយមកអង្គភាពស៊ីម៉ាក់បានបន្ដរុករកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដល់ទៅជាង២ពាន់គ្រាប់ នៅវិទ្យាល័យព្រះមហាក្សត្រីយានីកុសមៈនេះ។

គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលជាសំណល់សង្គ្រាមចំនួនជាង២ពាន់គ្រាប់នោះ មានប្រភេទគ្រាប់M79 ចំនួន២.០៣៣គ្រាប់ គ្រាប់DK75 ចំនួន៦៣គ្រាប់ FuzeM48 ចំនួន១៨គ្រាប់ និងគ្រាប់B40, គ្រាប់H107 ចំនួន១គ្រាប់។

គួររម្លឹកដែរកម្ពុជាបានប្រកាសថា រាជធានី ខេត្តចំនួន៦ ចាត់ទុកថាគ្មានមីន ក្នុងនោះរួមមានខេត្តស្ទឹងត្រែង កែប ព្រៃវែង ត្បូងឃ្មុំ រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ដោយឡែកនៅឆ្នាំ២០២៣នេះ អាជ្ញាធរមីនគ្រោងប្រកាសខេត្តអស់មីនចំនួន១២បន្ថែមទៀត គឺខេត្តកំពង់ចាម ស្វាយរៀង កណ្តាល តាកែវ កំពង់ឆ្នាំង កំពត កំពង់ស្ពឺ ក្រចេះ កំពង់ធំ សៀមរាប រតនគិរី និងខេត្តមណ្ឌលគិរី ខេត្តដទៃទៀតនឹងប្រកាសនៅក្រោយឆ្នាំ២០២៣។  តាមផែនការជាតិពីការសម្អាតមីន ថានៅឆ្នាំ២០២៥ កម្ពុជានឹងក្លាយជាប្រទេសគ្មានមីន៕

Share

ព័ត៌មានទាក់ទង

Image