en     km
en     km

បណ្តាញ CYN៖ ពលរដ្ឋនិងបណ្ដាញសហគមន៍រងការរឹតត្បិតមិនឱ្យចុះល្បាតព្រៃឡង់ពីមន្ដ្រីបរិស្ថាន

Share

ភ្នំពេញ៖ ពលរដ្ឋចំនួន ១៥នាក់ មានស្ដ្រី២នាក់ជាយុវជន និងជាបណ្ដាញសហគមន៍ព្រៃឡង់បានលើកឡើងទៅកាន់សមាគមបណ្ដាញយុវជនកម្ពុជា CYNថា ខ្លួនរងការរឹតត្បិតពីក្រសួង និងមន្ដ្រីបរិស្ថានដោយមិនអនុញ្ញាតឱ្យពួកគេចុះល្បាតព្រៃឡង់ ខណៈដែនជម្រកសត្វព្រៃមួយនេះកំពុងគំរាមកំហែងដោយការកាប់ទន្ទ្រានព្រៃឈើ។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ សមាគមបណ្ដាញយុវជនកម្ពុជា CYN បានលើកឡើងថា បណ្ដាញសហគមន៍ព្រៃឡង់ រងការរឹតត្បិតពីសំណាក់ក្រសួងបរិស្ថាន និងមន្រ្តីបរិស្ថានមិនឱ្យពលរដ្ឋសហគមន៍ចុះល្បាតព្រៃ ដើម្បីរួមចំណែកការពារព្រៃឡង់ ចាប់តាំងពីដើមឆមាសទី១ ឆ្នាំ២០១៩ រហូតដល់ពេលបច្ចុប្បន្ននេះ ក្រោមហេតុផងថា បណ្ដាញមួយនេះជាបណ្ដាញមិនស្របច្បាប់។


CYN បានហៅការរឹតត្បិតនេះថា ជាការចោទប្រកាន់មកលើបណ្ដាញសហគមន៍ និងជាការរំលោភសិទ្ធិពលរដ្ឋធ្ងន់ធ្ងរ ព្រមទាំងឆ្លុះបញ្ចាំងពីភាពអយុត្តិធម៌ដ៏សម្បើម ខណៈបញ្ហាព្រៃឡង់កំពុងស្ថិតក្នុងសភាពរងគ្រោះ និងការកាប់ឈើធ្វើអាជីវកម្មពីសំណាក់ឈ្មួញ ក្រុមហ៊ុន ការកាប់រានទន្រ្ទានព្រៃកាន់កាប់ជាកម្មសិទ្ធិជាដើម។


CYN អះអាងថា មន្រ្តីក្រសួងបរិស្ថានមិនបានចាត់វិធានការច្បាប់លើក្រុមជនល្មើសនោះទេ បែរជាហាមឃាត់សហគមន៍ និងសកម្មជនមិនឱ្យចុះល្បាតព្រៃទៅវិញ។ ប្រភពដដែលបន្ដថា ការធ្វើបែបនេះគឺដើម្បីជារនាំងបិទបាំងពីភាពកម្សោយរបស់ខ្លួនចំពោះមុខមហាជន មិនឱ្យឃើញពីចំណុចខ្សោយរបស់ខ្លួន ដែលគ្មានសមត្ថភាព ការពារទប់ស្កាត់បទល្មើស ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់។
វិទ្យុស្ដ្រីបានសុំការឆ្លើយតបពីលោក នេត្រ ភក្ដ្រា អ្នកនាំពាក្យក្រសួងបរិស្ថាន តែលោកមិនលើកទូរសព្ទទេនៅរសៀលថ្ងៃនេះ។ យ៉ាងណាយោងតាមច្បាប់ស្ដីពីកិច្ចការពារបរិស្ថាន និងគ្រប់គ្រងធនធានធម្មជាតិ ត្រង់ជំពូកទី៧ ស្ដីពីការចូលរួមរបស់សាធារណជន និងការស្រង់យកព័ត៌មាន មាត្រា១៦ បានចែងថា ក្រសួងបរិស្ថានត្រូវផ្ដល់ជូនតាមសំណូមពរសាធារណជននូវព័ត៌មានពីសកម្មភាពរបស់ខ្លួន និងត្រូវលើកទឹកចិត្តឱ្យមានការចូលរួមពីសាធារណជន ក្នុងកិច្ចការពារបរិស្ថាន និងគ្រប់គ្រងធនធានធម្មជាតិ។


ជារឿយៗសមាគមបណ្ដាញយុវជនកម្ពុជា CYN តែងតែចេញរបាយការណ៍នានាពីព្រៃឡង់នេះ តែត្រូវបានរាជរដ្ឋាភិបាលច្រានចោល និងចោទថាសកម្មភាពនោះធ្វើឡើងដើម្បីប្រយោជន៍នយោបាយ។ ព្រៃឡង់ត្រូវបានដាក់បញ្ចូលជាតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ កាលពីឆ្នាំ២០០៦ ក្នុងទំហំផ្ទៃដីជាង៤៣ម៉ឺនហិចតា។ ក្នុងនោះព្រៃឡង់ស្ថិតនៅក្នុងភូមិសាស្ដ្រខេត្តចំនួន៤ មានព្រះវិហារ ខេត្តក្រចេះ កំពង់ធំ និងខេត្តស្ទឹងត្រែង។


អង្គការលើកលែងទោសអន្ដរជាតិធ្លាប់បានចេញរបាយការណ៍កាលពីខែមករា ឆ្នាំ២០២២ ថា ព្រៃឈើចំនួនជាង៦ពាន់ហិចតា ត្រូវបានកាប់បំផ្លាញ ក្នុងដែលជម្រកសត្វព្រៃចំនួនពីរ មានដែនជម្រក់ព្រៃឡង់ និងដែនជម្រកសត្វព្រៃព្រះរការ និងបានប៉ះពាល់ដល់សិទ្ធិ និងវប្បធម៌របស់ជនជាតិដើមភាគតិចផងដែរ៕

Share

ព័ត៌មានទាក់ទង

Image