en     km
en     km

តួកម៉េនីស្ថានចង់ភ្ជាប់ជើងហោះហើរជាមួយកម្ពុជាទៅខេត្តសៀមរាបដើម្បីពង្រឹងរំហូរទេសចរ

Share

-(ភ្នំពេញ)៖ ប្រទេសតួកម៉េនីស្ថានចង់ភ្ជាប់ជើងហោះហើរត្រង់ជាមួយប្រទេសកម្ពុជា មកកាន់ព្រលានយន្ដហោះអន្តរជាតិសៀមរាប ដែលជាតំបន់មានសម្បត្តិបេតិកភណ្ឌពិភពលោកគឺប្រាសាទអង្គរ ដើម្បីជំរុញឱ្យទេសចរនៅប្រទេសតួកម៉េនីស្ថាន និងភ្ញៀវទេសចរប្រទេសជុំវិញពិភពលោកបានមកទស្សនាខេត្តសៀមរាប ក៏ដូចជាទូទាំងប្រទេសកម្ពុជាផងដែរ។

ការចង់ចងភ្ជាប់ជើងហោះហើររបស់ប្រទេសអាស៊ីកណ្ដាលមួយនេះជាមួយកកម្ពុជា គឺជាប្រទេសមុនគេហើយ ក្នុងចំណោមប្រទេសទាំង៥នៅតំបន់របស់ខ្លួន។ នេះបើតាមការលើកឡើងរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អំឡុងពេលលោកជួបជាមួយឯកអគ្គរដ្ឋទូតតួកម៉េនីស្ថានប្រចាំកម្ពុជា នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។

លោករដ្ឋមន្ដ្រីអះអាងថា ដោយសារការមើលឃើញពីសក្ដានុពលទេសចរណ៍កម្ពុជា ភាគីតួកម៉េនីស្ថានចង់ពង្រឹងទំនាក់ទំនងជាមួយកម្ពុជា លើវិស័យទេសចរណ៍ឱ្យកាន់តែរឹងមាំឡើង ដើម្បីជំរុញរំហូរទេសចរទៅវិញទៅមក និងទេសចរប្រទេសទី៣។

នៅឆ្នាំ២០២៣នេះ កម្ពុជារំពឹងនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៥លាននាក់ និងមានកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាច្រើន ដើម្បីពង្រឹងទំនាក់ទំនងលើវិស័យទេសចរណ៍ បង្កើនចលនាភ្ញៀវទេសចរឱ្យកាន់តែច្រើនលើសនេះទៀត។ យ៉ាងណា រយៈពេល ៧ខែ ឆ្នាំ២០២៣នេះ កម្ពុជាបានទទួលទេសចរអន្តរជាតិជាង៣.០៤លាននាក់ហើយ។

គួរជម្រាបថា ប្រទេសតួកម៉េនីស្ថាន គឺជាប្រទេសមួយក្នុងចំណោមក្រុមប្រទេសនៅតំបន់អាស៊ីកណ្ដាលទាំង៥ រួមមាន កាហ្សាក់ស្ថាន កៀរហ្ស៉ីស៊ីស្ថាន តាជីគីស្ថាន តួកម៉េនីស្ថាន និងអ៊ូបេគីស្ថាន។  ក្រុមប្រទេសនៅតំបន់អាស៊ីកណ្ដាលទាំងនេះ មិនទាន់មានប្រទេសណាភ្ជាប់ជើងហោះហើរត្រង់មកកាន់កម្ពុជានៅឡើយទេ៕

Share

ព័ត៌មានទាក់ទង

Image