en     km
en     km

មន្រ្តីស្នងការភ្នំពេញ៖អធិការរងខណ្ឌចំការមនម្នាក់ត្រូវប្រឈមទោសព្រហ្មទណ្ឌករណីបង្កហិង្សាលើពលរដ្ឋ ​​

Share

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជាក់ប្រាប់វិទ្យុស្រ្តីនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះថា ឈ្មោះ ហ៊ួត គង់ ជាអធិការរងទទួលផែនបច្ចេកទេសកោសល្យវិច្ច័យ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមនកំពុងស្ថិតក្នុងការសាកសួរ បន្ទាប់ពីមន្ត្រីរូបនេះបានបង្កហិង្សាដាក់ពលរដ្ឋម្នាក់គ្រាដែលទាស់សម្តីគ្នា។

លោក សាន សុខសីហា ឱ្យដឹងថា ហេតុការណ៍ខាងលើនេះកើតឡើងនៅយប់ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំណុចផ្លូវ៤៨៤ កែង៩៩ ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ដោយអធិការរងរូបនោះបានវាយទៅលើប្រជាពលរដ្ឋបណ្ដាលឲ្យសន្លប់ ទាំងខ្លួនស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ។

រូបភាពពីហ្វេសប៊ុកអគ្គស្នងការនរគបាលជាតិ។

​អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ប្រាប់បន្តថា ករណីបង្កហិង្សាបែបនេះគឺស្ថិតក្នុងទោសព្រហ្មទណ្ឌដែលប្រឈមមុខជាប់ពន្ធនាគារ ខណៈលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កំពុងបញ្ជាឲ្យអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់មិនលើកចំពោះមន្រ្តីរូបណាដែលល្មើសច្បាប់នោះទេ។

ប្រសាសន៍​អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៖

គួរជម្រាបថា នៅយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ មានបុរសម្នាក់បើករថយន្ត PRIUS បុកខឿនផ្ទះប្រជាពលរដ្ឋបណ្តាលឱ្យ ខូចខាតបន្តិចបន្តួច។ ខណៈនោះស្រាប់តែមានបុរសម្នាក់ទៀតជិះម៉ូតូម៉ាក PCX ដែលជាគេស្គាល់ថា ជាអធិការរងនគរបាលខណ្ឌចំការមន មានរហ័សនាមថា បាសាក់១៤ បានមកឃាត់រថយន្តទាំងខ្លួនឯងកំពុងស្ថិតក្នុងស្ថានភាពស្រវឹង។ គ្រាននោះក៏ផ្ទុះការប្រើពាក្យសម្ដីមិនសមរម្យ រហូតឈានដល់ការប្រើហិង្សាវាយបុរសម្ចាស់រថយន្តមុន ទើបម្ចាស់រថយន្តក៏បានវាយតបគ្នាទៅវិញទៅមកបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅចំណុចផ្លូវ៤៨៤ កែងផ្លូវលេខ៩៩ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ព្រំប្រទល់សង្កាត់បឹងត្របែក ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។

 

ដោយឡែក សម្រាប់អ្នកបើកបររថយន្ដដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍បុកខឿនផ្លូវសាធារណៈនោះ ក៏ត្រូវហៅមកធ្វើកិច្ចសន្យាអប់រំ និងផាកពិន័យតាមផ្លូវច្បាប់ដូចគ្នា៕

 

Share

ព័ត៌មានទាក់ទង

Image