en     km
en     km

ស្វែងយល់ពីអត្ថប្រយោជន៍ទាំង ៥ របស់ផ្លែចេក

Share

ចេកជាផ្លែឈើពេញនិយមមួយនៅចក្រភពអង់គ្លេស ជាមធ្យមពួកគេបរិភោគផ្លែចេកប្រមាណ ១០ គីឡូក្រាម ក្នុងមួយឆ្នាំ។ នេះបើតាមការបង្ហាញរបស់គេហទំព័រសារព័ត៌មាន BBC។

ផ្លែចេកទំហំមធ្យមមួយផ្លែ ផ្តល់នូវអាហាររូបត្ថម្ភជាច្រើនប្រភេទរួមមាន ផ្តល់នូវថាមពល ១០៥ កាឡូរី , ប្រូតេអ៊ីន ចំនួន ១ ក្រាម, កាបូអ៊ីដ្រាតចំនួន ២៨ ក្រាម, ជាតិសរសៃ ៣ ក្រាម, ជាតិស្ករ ១៥ ក្រាម និងប៉ូតាស្យូម ៤២២ មីលីក្រាម ហើយជាតិខ្លាញ់មានមិនលើសពី ១ ក្រាម។

រូបភាពនេះមានប្រភពពីគេហទំព័រគ្លីនិក Cleveland របស់សហរដ្ធអាមេរិក

តើការទទួលទានផ្លែចេកផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់សុខភាព?
ក្នុងអត្ថបទនេះនឹងបង្ហាញអ្នកនូវអត្ថប្រយោជន៍ជាពិសេសរបស់ផ្លែចេក ដោយយោងតាមការបង្ហាញពីគេហទំព័រគ្លីនិក Cleveland របស់សហរដ្ធអាមេរិកដូចតទៅ៖
ផ្លែចេកជួយដល់ប្រព័ន្ធរំលាយអាហារ និងការពាររាងកាយពីជំងឺផ្សេងៗ។ ចេកមួយផ្លែមានជាតិសរសៃ ៣ ក្រាមដែលស្មើនឹង ១០ ភាគរយនៃរបបអាហារ ដែលរាងកាយត្រូវការក្នុងមួយថ្ងៃ(២,000 កាឡូរី) នេះបើយោងតាមការណែនាំអំពីរបបអាហាររបស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA)។
ជាតិសសៃមានក្នុងផ្លែចេក មានសារៈសំខាន់ណាស់សម្រាប់សុខភាពពោះវៀន។ បន្ថែមពីនេះ ការសិក្សារកឃើញថា មនុស្សដែលទទួលទានជាតិសរសៃពី ២៥ ទៅ ២៩ ក្រាមក្នុងមួយថ្ងៃមានការថយចុះហានិភ័យនៃជំងឺផ្សេងៗប្រមាណដល់ទៅ ៣០% ឯណ្ណោះដែលរួមមាន ជំងឺមហារីកពោះវៀនធំ ជំងឺបេះដូង លើសឈាម កូលេស្តេរ៉ុលខ្ពស់ ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺទឹកនោមផ្អែមប្រភេទទី ២ ។
លើសពីនេះ ផ្លែចេកគឺសំបូរដោយវីតាមីន C ដែលជាសារធាតុចិញ្ចឹមជួយរាងកាយស្រូបយកជាតិដែក និង មាននាទីជួយធ្វើប្រព័ន្ធភាពសុំាឱ្យកាន់តែរឹងមាំ។ ចេកមួយផ្លែផ្តល់នូវវីតាមីន C ប្រហែល ១០ មីលីក្រាម ដែលជាទូទៅមនុស្សពេញវ័យត្រូវការ វីតាមីន C ពី ៧៥ ទៅ ៩០ មីលីក្រាមក្នុងមួយថ្ងៃ។

ក្រៅពីនេះ ផ្លែចេកក៏សំបូរដោយវីតាមីន B6 ជាច្រើនសម្រាប់រាងកាយដូចជា បំបាត់ចំណង់អាហារ ជួយដល់មុខងារនៃប្រព័ន្ធភាពស៊ាំ ដំណើរការមេតាប៉ូលីសកាន់តែល្អ ល្អដល់ប្រព័ន្ធប្រសាទ និងជួយដល់បញ្ហាការគេងផងដែរ។ ចេកមួយផ្លែផ្តល់នូវវីតាមីន B6 ប្រមាណមួយភាគបួន នៃវីតាមីនដែលអ្នកត្រូវការក្នុងមួយថ្ងៃ។
មួយវិញទៀតចេកមួយផ្លែផ្តល់នូវប៉ូតាស្យូមប្រហែល ៤២២ មីលីក្រាម ដែល USDA បានណែនាំមនុស្សពេញវ័យឱ្យទទួលប៉ូតាស្យូមជាប្រចាំថ្ងៃពី ៤,៧00 ទៅ ៥,000 មីលីក្រាម ព្រោះសារធាតុប៉ូតាស្យូមនេះមានមុខងារជាច្រើនសម្រាប់រាងកាយដូចជា បេះដូង តម្រងនោម សាច់ដុំ និងសរសៃប្រសាទ។
ជាពិសេសទៅទៀត ការទទួលបានប៉ូតាស្យូមគ្រប់គ្រាន់ក៏ជួយរក្សាសម្ពាធឈាម និងកាត់បន្ថយសម្ពាធឈាមដែលលើសថែមទៀតផង។
ចំណែកឯអត្ថប្រយោជន៍ផ្សេងទៀតរបស់ផ្លែចេកគឺ សំបូរដោយម៉ាញ៉េស្យូមដែលចូលរួមនៅក្នុងដំណើរការជាច្រើននៅក្នុងរាងកាយរបស់អ្នក រួមមាន សម្ពាធឈាម កម្រិតជាតិស្ករក្នុងឈាម ការកសាងប្រូតេអ៊ីន ការថែរក្សាឆ្អឹង មុខងារសាច់ដុំ និងមុខងារសរសៃប្រសាទ។
ចេកមួយផ្លែផ្តល់នូវសារធាតុរ៉ែម៉ាញេស្យូមប្រហែល ៣២ មីលីក្រាមប្រហែល ៨% ទៅ ១០% នៃតម្រូវការម៉ាញេស្យូមប្រចាំថ្ងៃ។

យ៉ាងណាមិញគេហទំព័រសារព័ត៌មាន BBC បានបង្ហាញថា ជាការល្អអ្នកមិនត្រូវបរិភោគចេកលើសពីមួយទៅពីរផ្លែក្នុងមួយថ្ងៃនោះទេ ទោះបីមិនមានអ្វីកំណត់ឱ្យច្បាស់លាស់នៅឡើយក្តី ព្រោះការបរិភោគផ្លែចេកច្រើនអាចធ្វើឱ្យអ្នកឡើងទម្ងន់ ដោយសារតែវាសំបូរទៅដោយកាបូអ៊ីដ្រាត និងជាតិស្ករ៕

Share

ព័ត៌មានទាក់ទង

Image