en     km
en     km

ដើម្បីមានសុខភាពល្អយ៉ាងហោចណាស់ដើរឱ្យបាន ៥០០០ ជំហានក្នុងមួយថ្ងៃ

Share

តាមគេហទំព័រសារព័ត៌មាន BBC បានលើកឡើងថា ការដើរ ១០,0០០ ជំហានក្នុងមួយថ្ងៃ អាចជួយថែរក្សារាង និងនាំឱ្យមានសុខភាពល្អ ​ ប៉ុន្តែការសិក្សាថ្មីមួយបានបង្ហាញថាការដើរយ៉ាងតិច ៥.000 ជំហានក៏មានប្រយោជន៍ច្រើនដែរ។

យោងតាមការសិក្សាជាមួយមនុស្សជាង ២២៦.000 នាក់នៅជុំវិញពិភពលោកបានបង្ហាញថាការរាល់ការដើរបាន ៥.០០០ដល់ ២0.000 ជំហានក្នុងមួយថ្ងៃ អាចកាត់បន្ថយហានិភ័យនៃការស្លាប់មុនអាយុ ប្រមាណ១៥% ឯណ្ណោះ។ បើដើរបាន ២.៣00 ជំហានក៏ផ្តល់អត្ថប្រយោជន៍ដល់បេះដូង និងសរសៃឈាមផងដែរ។

   

រូបភាពនេះមានប្រភពពីគេហទំព័រសារព័ត៌មាន BBC

លើសពីនេះ ក្រុមស្រាវជ្រាវមកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រនៃប្រទេសប៉ូឡូញ និងនៅសហរដ្ឋអាមេរិកបានរកឃើញថា អត្ថប្រយោជន៍នៃការដើរនេះគឺល្អគ្រប់វ័យជាពិសេសអាយុក្រោម ៦0 ឆ្នាំគឺទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន។​

យោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោកបានបង្ហញថា​ អ្នកស្លាប់៣.២លាននាក់ជារៀងរាល់ឆ្នាំភាគច្រើនបណ្តាលមកពីកង្វះលំហាត់ប្រាណឬធ្វើសកម្មភាពរាងកាយមិនបានគ្រប់គ្រាន់។

បញ្ហាចម្បងនៃសុខភាពនោះ គឺបណ្ដាលមកពីការអង្គុយច្រើនពេក ដែលប៉ះពាល់ដល់ការរំលាយអាហារ និងប៉ះពាល់ដល់ការលូតលាស់សាច់ដុំនឹងអាចបណ្តាលឱ្យមានឈឺចុកចាប់ផងដែរ។ បន្ថែមពីនេះ ការអង្គុយយូរពេកក៏អាចបណ្តាលឱ្យមានបញ្ហាឆ្អឹងខ្នងគ្រប់ប្រភេទដែរ ដែលភាគច្រើនត្រូវបានរកឃើញថាជាអ្នកធ្វើការិយាល័យ ដែលពួកគេអាចប្រឈមនឹងបញ្ហា​ជាច្រើន​។

ការធ្វើសកម្មភាពរាងកាយសាមញ្ញៗ គឺមានសារៈសំខាន់ណាស់ដូចជា ឈរ ​ដើរទិញឥវ៉ាន់ បោកគក់ ជូតឥដ្ឋ ដើរអំឡុងពេលនិយាយឬលេងទូរសព្ទ ដែលធ្វើឱ្យយើងសកម្មជាងមុន និងជួយដុតកាឡូរីបានថែមទៀតផង។

 រូបភាពនេះមានប្រភពពីគេហទំព័រសារព័ត៌មាន BBC

ការដើរបានទៀងទាត់ អាចជាលំបាកមួយសម្រាប់អ្នក​ ប៉ុន្តែការដើរនេះមានសារៈសំខាន់ណាស់សម្រាប់សុខភាពរបស់អ្នក។​ ការដើរអាចបន្ថយសម្ពាធឈាម ពង្រឹងសាច់ដុំដើម្បីការពារឆ្អឹង មានឥទ្ធិពលល្អសម្រាប់សន្លាក់ បង្កើនថាមពល និងជួយរក្សាទម្ងន់រាងកាយឱ្យមានសុខភាពល្អ ហើយជាពិសេសជំរុញដល់សុខភាពផ្លូវចិត្តបានកាន់ប្រសើរ និងជាពេលដែលអ្នកអាចនៅឆ្ងាយពីអេក្រង់ទូរស័ព្ទឬកុំព្យូទ័រ និងការរំខានផ្សេងទៀត។

តទៅនេះគឺជាគន្លឹះដែលអ្នកអាចអនុវត្តសម្រាប់ការដើររបស់អ្នក ដែលមានដូចជា៖ អ្នកអាចដើរទៅចំណតរថយន្តក្រុង ឬដើរទៅរៀនឬទៅធ្វើការ ជាជាងជិះឡានឬម៉ូតូ ។ ប្រសិនអ្នកអង្គុយធ្វើការយូរ ចូរកំណត់ម៉ោង ដើម្បីរំលឹកឱ្យក្រោកដើរខ្លះកុំអង្គុយយូរពេក។ ប្រសិនបើអ្នកមានផ្ទៃពោះ ការដើរគឺជាប្រភេទលំហាត់ប្រាណដ៏ល្អបំផុតដែលត្រូវធ្វើ។​

ជាចុងក្រោយអ្នកអាចចាប់ផ្តើមហាត់ប្រាណដោយដើររយៈពេល ៣0 នាទី ជារៀងរាល់ថ្ងៃជាមួយនឹងការស្តាប់ចម្រៀង ឬដើរជាមួយមិត្តភ័ក្តិនៅក្នុងឧទ្យាន ឬដើរព្រៃជាដើម៕

 

Share

ព័ត៌មានទាក់ទង

Image