វេទិកាការងាររបស់ NEA សហការជាមួយនឹង សសយក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ចប់ការសម្ភាសន៍លើយុវជនជាសិស្សនិស្សិត ដែលស្វែងរកការងារធ្វើចំនួនជិត៣០០នាក់ក្នុងចំណោមអ្នកដាក់ពាក្យ ៤៩៩ នាក់ ដោយលទ្ធផលមានអ្នកជាប់ការងារបឋមចំនួន ២២៤នាក់ និងអ្នកជាប់ជាស្ថាពរចំនួន ២៥ នាក់។
រូបភាពយុវជនកំពុងដាក់ពាក្យធ្វើការ។
កញ្ញា វឿន ស្រីម៉ី មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានជាប់ការងារនៅក្រុមហ៊ុន GFG យល់ឃើញថា វេទិកាការងារនេះពិតជាបានរួមចំណែកយ៉ាងធំធេងក្នុងការជួយដល់អ្នកមានបំណងចង់ស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ ឲ្យបានជួបជាមួយនឹងនិយោជក។ ស្រីម៉ី បន្ថែមថា៖ “ខ្ញុំចង់រកការងារធ្វើ ខ្ញុំតែងតែមើលលើវេបសាយផ្សេង ហើយពេលដាក់ពាក្យទៀត សោតក៏មានការរង់ចាំយូរដែរ ទំរាំតែគេcallហៅទៅសម្ភាស ហើយពេលខ្លះក៏អត់មានអ្នកតេហៅទៅសម្ភាសមានដែរ។”
កញ្ញា វឿន ស្រីម៉ី ពិតជាអរគុណណាស់ដែល NEA រៀបចំវេទិកាការងារនេះឡើង ហើយកញ្ញាពិតជារំភើបណាស់ក្រោយទទួលបានដំណឹងថា ជាប់ការងារនៅក្រុមហ៊ុន GFG។ កញ្ញាថាប្រសិនបើបងប្អូនចង់រកការងារធ្វើ ឬឆាប់ទទួលបានការងារកុំភ្លេចតាមដានលើហ្វេសបុកផេក ឬតាមតេឡេក្រាម NEA ជាដើម។
ដូចគ្នានេះដែរយុវជន សិទ្ធិ សិរី ដែលបានបញ្ចប់ការសិក្សាថ្នាក់ទី១២ នឹងដែលបានសម្ភាសជាប់ការងារនៅក្រុមហ៊ុន AEON Cambodia ផ្នែកចំណីអាហារយល់ឃើញថា វេទិកាការងាររបស់ NEA ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យុវជន ដែលមិនទាន់មានការងារធ្វើ។ ដូច្នេះបើយុវជនសិស្សនិសិត្ស ដែលមានបំណងស្វែងរកការងារធ្វើអាចអញ្ជើញមកចូលរួមក្នុងវេទិកាការងារដែលបានរៀបចំឡើងដោយ NEA នេះ ជារៀងរាល់ខែបាន។
សម្រាប់យុវជន សិស្ស/និស្សិត ដែលមានបំណងស្វែងរកការងារធ្វើសូមមកចុះឈ្មោះស្វែងរកការងារជាមួយ NEA ដើម្បីអាចចូលរួមក្នុងព្រឹត្តិការណ៍ការងារ និងវគ្គបណ្តុះបណ្តាលផ្សេងៗជាច្រើនដោយឥតគិតកម្រៃ ដែលរៀបចំជាបន្តបន្ទាប់ទៀតដោយ NEA។ ក្នុងនោះ រួមមាន៖ វេទិកាការងារ, កិច្ចសម្ភាសន៍ការងារ, វគ្គបណ្តុះបណ្តាលអំពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ និង ជំនាញទន់ ដើម្បីអាចទទួលបានការងារធ្វើកាន់តែឆាប់រហ័ស។
ដើម្បីទទួលព័ត៌មានបន្ថែមអំពីការចូលរួមក្នុងវេទិកាការងារនាពេលក្រោយទៀត សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕