en     km
en     km

ក្រុមស៊ើបអង្កេត៖យោធាមីយ៉ាន់ម៉ាកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមកាន់តែខ្លាំងឡើង

Share

 

បាងកក៖ ក្រុមអ្នកស៊ើបអង្កេតដែលបង្កើតឡើងដោយអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារ ទី៨ ខែសីហា ឆ្នាំ២០២៣ថាក្រុមយោធា និងកងជីវពលរបស់ប្រទេសមីយ៉ាន់ម៉ាកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមកាន់តែសាហាវ ដូចជាការទម្លាក់គ្រាប់បែកលើជនស៊ីវិល និងដុតភូមិជាដើម។

ក្រុមអ្នកស៊ើបអង្កេតឯករាជ្យដើម្បីមីយ៉ាន់ម៉ាហៅកាត់ថា IIMM បានរាយការណ៍ថារយៈពេល១២ខែ គិតត្រឹមខែមិថុនាឆ្នាំ២០២៣នេះមានភ័ស្តុតាងជាច្រើនថាកងទ័ព និងកងជីវពលបានវាយប្រហារដោយមិនមុខលើជនស៊ីវិល និងបានប្រហារជីវិតអ្នកជាប់ឃុំយ៉ាងច្រើនរួមទាំងការដុតផ្ទះប្រជាពលរដ្ឋផងដែរ។

ក្រុមអ្នកស៊ើបអងង្កេតឯករាជ្យនេះបានបង្កើតឡើងដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិក្នុងឆ្នាំ ២០១៨ដើម្បីតាមដានការរំលោភច្បាប់អន្តរជាតិក្នុងប្រទេសមីយ៉ាន់ម៉ា។ក្រុមនេះបាននិយាយថា ខ្លួនកំពុងប្រមូលភស្តុតាងដែលអាចប្រើក្នុងការកាត់ទោសអ្នកទទួលខុសត្រូវនាពេលអនាគត។លោក Nicholas​ Koumjian ប្រធានក្រុមស៊ើបអង្កេតបាននិយាយថា “រាល់ការបាត់បង់អាយុជីវិតក្នុងប្រទេសមីយ៉ាន់ម៉ា គឺជាសោកនាដកម្ម ប៉ុន្តែការទម្លាក់គ្រាប់បែកពីលើអាកាសបំផ្លិចបំផ្លាញភូមិប្រជាពលរដ្ឋគឺពិតជាគួរឱ្យតក់ស្លុតណាស់” ។ “ភ័ស្តុតាងដែលយើងរកឃើញមានការកើនឡើងយ៉ាងខ្លាំងនៃឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាមួយនឹងការវាយប្រហារយ៉ាងខ្លាំង និងជាប្រព័ន្ធទៅលើជនស៊ីវិល ហើយយើងកំពុងកសាងសំណុំរឿងដែលអាចប្រើប្រាស់ដោយតុលាការដើម្បីដាក់ទោសអ្នកទទួលខុសត្រូវ “។

ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីយោធាបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី Aung San Suu Kyi កាលពីខែកុម្ភៈ ឆ្នាំ២០២១ ដែលបង្កឱ្យមានការតវ៉ាអហិង្សាដ៏ធំនិងមានការបង្ក្រាបដោយកម្លាំងដ៍សាហាវ។ ក្រុមប្រឆាំងនៅពេលនោះបានតស៊ូប្រដាប់អាវុធ ហើយមកដល់ពេលនេះទឹកដីមួយផ្នែកធំកំពុងមានជម្លោះ ដែលអ្នកជំនាញរបស់អង្គការសហប្រជាជាតិមួយចំនួនបានកំណត់ថាជាសង្រ្គាមស៊ីវិល។អង្គការឃ្លាំមើលសិទ្ធិមនុស្សនិយាយថា កងកម្លាំងសន្តិសុខភូមាបានសម្លាប់ជនស៊ីវិលយ៉ាងតិច៣.៩០០នាក់ និងចាប់ខ្លួន២៤.២៣៦ នាក់ ចាប់តាំងពីពួកយោធាកាន់កាប់អំណាច។

រដ្ឋាភិបាលយោធាបានបើកការវាយលុកកាន់តែខ្លាំងនៅតាមទីជនបទ ដើម្បីប្រឆាំងនឹងក្រុមតស៊ូប្រដាប់អាវុធ ដោយបានវាយប្រហារតាមអាកាស ដុតភូមិ និងបានជម្លៀសមនុស្សរាប់ពាន់នាក់។ កង​កម្លាំង​តស៊ូ​មាន​អាវុធ​តិចតួច និង​គ្មានប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​ទេ។

កាលពីខែមេសា ពួកយោធាបានទម្លាក់គ្រាប់បែកលើភូមិ Pazigyi ក្នុងតំបន់ Sagaing ដែលបានសម្លាប់មនុស្សជាង១៦០នាក់ រួមទាំងកុមារជាច្រើនផងដែរ។ការវាយប្រហារនេះបានសំដៅពិធីបើកការិយាល័យរបស់រដ្ឋាភិបាលរួបរួមជាតិ ដែលជាក្រុមប្រឆាំងសំខាន់មួយដែលចាត់ទុកខ្លួនឯងជារដ្ឋាភិបាលស្របច្បាប់របស់ប្រទេសមីយ៉ាន់ម៉ា។ជាការឆ្លើយតបទៅនឹងការចោទប្រកាន់ខាងលើ រដ្ឋាភិបាលយោធាតែងតែចោទប្រកាន់កងកម្លាំងតស៊ូថាបានប្រព្រឹត្តិអំពើភេរវកម្ម។ ក្រុមស៊ើបអង្កើត IIMM បានចេញរបាយការណ៍មួយថា យោធាគួរតែដឹងថា ជនស៊ីវិលភាគច្រើនមានវត្តមាននៅកន្លែងពួកគេវាយប្រហារ។របាយការណ៍បានបន្ថែមថាករណីដែលខ្លួនស៊ើបអង្កេត ជាពិសេសនៅក្នុងតំបន់ Sagaing និង Magway និងនៅក្នុងរដ្ឋ Chin, Karen និង Kayah ដែលជាតំបន់តស៊ូប្រដាប់អាវុធដ៏សំខាន់របស់ចលនាបះ។ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ខ្លួនផ្អែកលើ រូបថត វីដេអូ សំឡេង ឯកសារ ផែនទី រូបភាពភូមិសាស្ត្រ ចេញពីប្រភព៧០០ រួមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គមជាង២០០គណនីផ្សេងទៀត។ របាយការណ៍បាននិយាយថា មិនមានព័ត៌មានណាមួយដែលថាអាជ្ញាធរមីយ៉ាន់ម៉ាបានស៊ើបអង្កេតមន្ត្រីយោធា ឬមន្រ្តីស៊ីវិលណាម្នាក់ចំពោះឧក្រិដ្ឋកម្មសង្គ្រាម ឬឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនោះទេ ហើយការមិនអើពើនឹងឧក្រិដ្ឋកម្មបែបនេះអាចបង្ហាញថាអាជ្ញាធរមានបំណងឱ្យពួកគេប្រព្រឹត្តអំពើទាំងនោះ។ក្រុមស៊ើបអង្កេតIIMM បាននិយាយថា ខ្លួនកំពុងបន្តស៊ើបអង្កេតករណីហិង្សា រួមទាំងឧក្រិដ្ឋកម្មផ្លូវភេទ និងយេនឌ័រ ដែលប្រព្រឹត្តដោយយោធាទៅលើជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ាក្នុងឆ្នាំ២០១៧ផងដែរ។សូមជម្រាបជូនថាជនជាតិរ៉ូហ៊ីងយ៉ាជាង៧០ម៉ឺននាក់បានភៀសខ្លួនចេញពីប្រទេសទៅកាន់ប្រទេសបង់ក្លាដែស ចាប់តាំងពីខែសីហា ឆ្នាំ២០១៧ ដើម្បីគេចចេញពីយុទ្ធនាការប្រឆាំងការបះបោរយោធាដ៏ឃោរឃៅ បន្ទាប់ពីការវាយប្រហារដោយក្រុមបះបោរនៅក្នុងរដ្ឋរ៉ាឃីន។ រដ្ឋាភិបាលមីយ៉ាន់ម៉ាបានច្រានចោលការចោទប្រកាន់ថាកងកម្លាំងរបស់ខ្លួនបានប្រព្រឹត្តការរំលោភផ្លូវភេទ សម្លាប់រង្គាល និងដុតផ្ទះរាប់ពាន់ខ្នងនៅក្នុងយុទ្ធនាការនេះ។ រដ្ឋាភិបាល​អាមេរិក​បាន​ចាត់​ទុក​សកម្មភាព​របស់​យោធាមីយ៉ាន់ម៉ា​ថា​ជា​អំពើ​ប្រល័យពូជសាសន៍។ប្រធានក្រុមស៊ើបអង្កេតលោក Koumjian បាននិយាយថា “ឧក្រិដ្ឋកម្មផ្លូវភេទ និងយេនឌ័រ គឺជាឧក្រិដ្ឋកម្មដ៏សាហាវបំផុត ដែលយើងកំពុងស៊ើបអង្កេត” ។ “អំពើទាំងនេះគឺបានកើនឡើងខ្លាំងក្នុងអំឡុងពេលប្រតិបត្តិការបោសសម្អាតជនជាតិរ៉ូហ៊ីងយ៉ា ដែលមានសាក្សីជាច្រើនដែលយើងបានសម្ភាសន៍ផ្ដល់ភស្តុតាងពាក់ព័ន្ធអំពីរឿងនេះ”៕

ប្រភព៖ C N A ថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០២៣

Share

ព័ត៌មានទាក់ទង

Image