en     km
en     km

មន្រ្តីជំនាញ៖កម្ពុជាមានអ្នកឆ្លងមេរោគអេដស៍មួយថ្ងៃតែ ៤ នាក់ប៉ុណ្ណោះមិនមែន១០០០នាក់ទេ

Share

ភ្នំពេញ៖ ព័ត៌មានដែលផ្សាយលើបណ្តាញសង្គមហ្វេសប៊ុកថា មានមនុស្សឆ្លងមេរោគអេដស៍មួយថ្ងៃចំនួន១០០០នាក់គឺជាព័ត៌មានក្លែងក្លាយ។ នេះបើតាមការបញ្ជាក់ពីលោកបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី០៨​ ខែសីហា ឆ្នាំ២០២៣នេះ។ តាមលោក ឃិនដារ៉េត អ្នកឆ្លងមេរោគអេដស៍ក្នុងឆ្នាំ២០២២ និង២០២៣ មានត្រឹមប្រមាណតែ ៤នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។

កញ្ញា គុជ ស៊ីកុល ជូនសេចក្តីរាយការណ៍

កាលពីពេលថ្មីៗនេះអ្នកប្រើប្រាស់បណ្តាញហ្វេសប៊ុកមួយចំនួនបានបង្ហោះនិងចែកររំលែកសារតៗគ្នាថា នៅកម្ពុជាមានករណីឆ្លងមេរោគអេដស៍លើមនុស្សចំនួន១០០០នាក់ក្នុងមួយថ្ងៃ។ សម្រង់ដើមរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកបានសរសេរកាលពីថ្ងៃទី២៨ខែកក្ដដាឆ្នាំ២០២៣យ៉ាងដូច្នេះ៖«ជំងឺអេដស៍ថ្ងៃនេះ ផ្ទះឡើង ១ពាន់នាក់ជាងហើយ ឱ!ជីវិតប្រពន្ធកូននៅផ្ទះទៅជាយ៉ាងណា បើប្តីលួចទៅមានដៃគូច្រើននោះ»។

ព័ត៌មានបង្ហោះលើបណ្តាញសង្គម។រូបភាពពីក្រសួងសុខាភិបាល។

ប្រតិកម្មនឹងការផ្សព្វផ្សាយនេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានដោយច្រានចោលទាំងស្រុងចំពោះការលើកឡើងនេះ។

ជាងនេះលោកបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ប្រាប់វិទ្យុស្រ្តីបន្ថែមថា អ្នកឆ្លងមេរោគអេដស៍ថ្មីនៅកម្ពុជារយៈពេលពេញមួយឆ្នាំក្នុងឆ្នាំ២០២២មានសរុប១៤០០នាក់ ដោយក្នុងមួយថ្ងៃមានអ្នកឆ្លងថ្មីតែ ៤ នាក់ប៉ុណ្ណោះ។ លោកថាចំនួននេះគឺប្រហាក់ប្រហែលនឹងឆ្នាំ២០២៣នេះផងដែរ គឺមានអ្នកឆ្លងមេរោគអេដស៍ថ្មីតែជាង ៤នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។ លោកអំពាវនាវដល់សាធារណជនទាំងអស់ត្រូវចូលរួមផ្សព្វផ្សាយព័ត៌មានពិត ជៀសវាងការភ័ន្តច្រលំដែលបង្កជាភាពចលាចលក្នុងសង្គម។  

លោកបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។រូបភាពពីAKP

តាមរបាយការណ៍របស់អាជ្ញាធរអេដស៍បានឱ្យដឹងថា មកដល់ឆ្នាំ២០២២នេះ នៅកម្ពុជាមានមនុស្ស ​ប្រមាណ៧ម៉ឺន ៦ពាន់នាក់កំពុងផ្ទុកមេរោគអេដស៍ ហើយក្នុងនោះមាន ៧ម៉ឺន៤ពាន់នាក់ជាយុវជនពេញវ័យនិងប្រហែលជា២ពាន់នាក់ជាកុមារ។ ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍សរុប មាន៨៦%នៃអ្នកផ្ទុកបានដឹងខ្លួនពីស្ថានភាពមេរោគរបស់ពួកគេ តែបើតាមការប៉ានប្រមាណមានមនុស្សជាងមួយម៉ឺននាក់មិនបានដឹងខ្លួនថាមានផ្ទុកមេរោគអេដស៍នេះទេ។

យ៉ាងណាបើតាមរបាយការណ៍ដដែល គិតត្រឹមខែធ្នូឆ្នាំ២០២២ បង្ហាញថាមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ៦ម៉ឺន៥ពាន់នាក់កំពុងទទួលការព្យាបាលដោយប្រើឱសថប្រឆាំងជំងឺអេដស៍និងបានដឹងពីស្ថានភាពវិវត្តន៍នៃជំងឺ។

របាយការណ៍អាជ្ញាធរអេដស៍បង្ហាញទៀតថា​ ករណីឆ្លងថ្មីបានធ្លាក់ចុះពី៩១%នៅឆ្នាំ១៩៩៦ មកត្រឹម៣៣%នៅឆ្នាំ២០១០។

ចំណែកក្រុមងាយរងគ្រោះក្នុងការឆ្លងមេរោគអេដស៍នេះគឺមានក្រុមបុរសរួមភេទជាមួយបុរស ស្រ្តីបំប្លែងភេទ អ្នកបំរើសេវាកម្មកំសាន្តសប្បាយ អ្នកប្រើប្រាស់គ្រឿងញៀនជាដើម ដែលក្រុមងាយរងគ្រោះនេះមានភាគរយរហូតដល់ទៅ៨៣%៕

Share

ព័ត៌មានទាក់ទង

Image