en     km
en     km

បក្សភឿថៃចងសម្ព័ន្ធមិត្តថ្មីជាមួយបក្សផ្សេង ក្រោយផ្តាច់ខ្លួនពីសម្ព័ន្ធមិត្តចាស់

Share

នៅថ្ងៃច័ន្ទ ទី៧ ខែសីហា ឆ្នាំ២០២៣ គណបក្សភឿថៃបានធ្វើឱ្យមហាជន និងអតីតសម្ព័ន្ធមិត្តទាំង៧ ភ្ញាក់ផ្អើលជាខ្លាំងចំពោះសេចក្តីប្រកាសជាផ្លូវការនូវការចងសម្ព័ន្ធមិត្តថ្មីជាមួយនឹងគណបក្សដទៃ។ ខណៈនៅក្នុងដដែល មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខបានបង្ហោះសារព្រមានចំៗទៅគណបក្សភឿថៃ ដើម្បីកុំឱ្យចាញ់ល្បិចកលបោកបញ្ឆោតរបស់គេ។

(កញ្ញា កែវ​ សុជាតា រាយការណ៍)

តាមសារព័ត៌មាន Channel New Asia បានឱ្យដឹងថា គណបក្សភឿថៃដឹកនាំដោយក្រុមគ្រួសារមហាសេដ្ឋី ស៊ីណាវ៉ាត្រា ដែលមានលោក Srettha Thavisin ជាបេក្ខភាពនាយករដ្ឋមន្រ្តី ទទួលបាន ១៤១ អាសនៈនៅក្នុងការបោះឆ្នោតសកលនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។ ចំពោះលទ្ធផលនេះ នាំឱ្យគណបក្សភឿថៃឈរលើលំដាប់លេខរៀងទី២ បន្ទាប់ពីគណបក្សចលនាឆ្ពោះទៅមុខ។

បន្ទាប់ពីការបោះឆ្នោតសកលរួចរាល់ គណបក្សភឿថៃបានចងសម្ព័ន្ធមិត្តជាមួយគណបក្ស ៧ ផ្សេងទៀតដែលមានដូចជាគណបក្សចលនាឆ្ពោះទៅមុខ Move Forward,​ គណបក្សប្រាឆាឆាត, គណបក្ស Thai Liberal Party, គណបក្សថៃសាងថៃ, គណបក្សយុត្តិធម៌, គណបក្សផ្លុងស៊ុងកុមម៉ៃ និងគណបក្ស Pue Thai Rumphlang។

ក៏ប៉ុន្តែ កាលពីថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣សប្តាហ៍មុននេះ គណបក្សភឿថៃបានសម្រេចដកខ្លួនចេញពីសម្ព័ន្ធមិត្តគណបក្សខាងលើ ក្រោយព្រឹទ្ធសភាបន្តបដិសេធ និងមិនគាំទ្រតែងតាំងមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ លោក Pita Limjaroenrat ជានាយករដ្ឋមន្រ្តីថ្មីនៅក្នុងអាណត្តិនេះ ចំនួន២លើក។

យ៉ាងណាមិញ នៅថ្ងៃច័ន្ទ ទី៧ ខែសីហា ឆ្នាំ២០២៣នេះ គណបក្សភឿថៃបានប្រកាសជាសាធារណៈអំពីការចងសម្ព័ន្ធភាពជាមួយគណបក្ស Bhumjaithai។ បេក្ខភាពនាយករដ្ឋមន្រ្តីតំណាងឱ្យគណបក្សភឿថៃ លោក Srettha Thavisin បានប្រាប់សន្និសីទសារព័ត៌មានថា «យើងសូមថ្លែងអំណរគុណចំពោះគណបក្ស Bhumjaithai ដែលសម្រេចសហការគ្នាជាមួយគណបក្សភឿថៃ»។

លោក Cholnan បាននិយាយថា “យើងមិនទទួលបានការគាំទ្រគ្រប់គ្រាន់ពីគណបក្សផ្សេងទៀត និងព្រឹទ្ធសភាទេ នៅពេលដែល Move Forward កំពុងព្យាយាមបង្កើតរដ្ឋាភិបាល” ដោយបន្ថែមថា Pheu Thai មាន “ឱកាសខ្ពស់នៃភាពជោគជ័យក្នុងការបង្កើតរដ្ឋាភិបាលជាមួយ Bhumjaithai” ។

សូមជម្រាបថា គណបក្ស Bhumjaithai ទទួលបាន ៧១ អាសនៈនៅក្នុងការបោះឆ្នោតជាសកលនៅក្នុងប្រទេសថៃ។ នៅក្នុងនោះដែរ គណបក្ស Bhumjaithai ជាគណបក្សមួយដែលដាក់គោលនយោបាយប្រឆាំងនឹងការជួញដូរ និងប្រើប្រាស់កញ្ឆានៅក្នុងប្រទេស។ គណបក្សនេះទៀតសោត ចង់ចងសម្ព័ន្ធមិត្តជាមួយគណបក្សភឿថៃនៅក្នុងលក្ខខណ្ឌចំនួនបី ជាពិសេសកត្តាដែលគណបក្សភឿថៃមិនប្រឆាំងនឹងច្បាប់ប្រមាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ។

ដោយឡែក នៅក្នុងថ្ងៃច័ន្ទ ទី៧ ខែសីហា ឆ្នាំ២០២៣ដដែល លោក Pita បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅក្នុងន័យចង់ព្រមានគណបក្សភឿថៃ កុំឱ្យលង់ខ្លួនជឿគណបក្សដទៃ ដែលព្យាយាមញុះញង់បំបែកបំបាក់សាមគ្គីភាពរបស់សម្ព័ន្ធមិត្តទាំង៨។ លោក Pita បានសង្កត់ន័យថា លោក និងសម្ព័ន្ធទាំង៦ផ្សេងទៀត កំពុងរង់ចាំការសម្រេចចិត្តជាថ្មីរបស់គណបក្សភឿថៃ៕

 

ប្រភព៖ CNA ចុះថ្ងៃអង្គារ ទី៨ ខែសីហា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image