ងាកមកព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពឯណ្ណោះវិញ កញ្ញា ទាវ ឧស្សា សូមលើកយកអត្ថបទស្រាវជ្រាវមួយដែលទាក់ទងនឹងការស្វែងយល់ពីជំងឺទឹកនោមផ្អែមប្រភេទទី១ លើកុមារ។ តទៅនេះសូមអញ្ជើញស្តាប់ដូចតទៅ!
យោងតាមទំព័រហ្វេសប៊ុកមន្ទីរពេទ្យគន្ធាបុប្ផាភ្នំពេញបានបង្ហាញព័ត៌មានពីការព្យាបាលជំងឺទឹកនោមផ្អែមលើក្មេងស្រីអាយុ ១២ ឆ្នាំម្នាក់ដោយក្រុមគ្រូពេទ្យឯកទេសសង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផា ពីការវិវត្តន៍ដ៏ធ្ងន់ធ្ងរនៃជំងឺទឹកនោមផ្អែមប្រភេទទី១ ដែលបណ្តាលឱ្យកុមារីនោះសន្លប់បាត់ស្មារតី និងមានដំបៅរលួយសាច់ខ្នងនិងខូចតម្រងនោមយ៉ាងធ្ងន់ធ្ងរបំផុត។
រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យគន្ធាបុប្ផាភ្នំពេញ
ផ្អែកតាមមន្ទីរពេទ្យគន្ធាបុប្ផា គឺក្មេងស្រីអាយុ ១២ ឆ្នាំ ម្នាក់នេះ ត្រូវបានព្យាបាលជំងឺទឹកនោមផ្អែមនិងតាមដានជំងឺជាច្រើនឆ្នាំមកហើយ ប៉ុន្តែរយ:ពេលចុងក្រោយនេះ ក្មេងស្រីរូបនេះពុំបានមកតាមការណាត់នោះទេដែលជាហេតុធ្វើឲ្យជំងឺវិវត្តន៍ទៅជាធ្ងន់ធ្ងរបែបនេះ។
ដោយឡែកនៅចក្រភពអង់គ្លេសវិញ មានមនុស្ស ១ នាក់ក្នុងចំណោម ១០ នាក់មានជំងឺទឹកនោមផ្អែមប្រភេទទី១ នេះ បើយោងតាមការបង្ហាញពីគេហទំព័រ diabetes UK ។
ផ្អែកតាមគេហទំព័រមួយមានឈ្មោះថា Verywell Health បានឱ្យដឹងថា ភេសជ្ជៈប៉ូវកម្លាំងមានគ្រប់ទីកន្លែង ហើយការលក់បានកើនឡើងជាពិសេសលើកុមារជាអ្នកទិញនូវរាល់ផលិតផលទាំងនោះ។ Verywell Health រកឃើញទៀតថា អ្នកដែលទទួលរងផលប៉ះពាល់ពីភេសជ្ជៈផ្អែមភាគច្រើនជាកុមារ។
ជាក់ស្តែង Verywell Health គូសបញ្ជាក់ថា នៅក្នុងភេសជ្ជៈប៉ូវកម្លាំងមានគ្រឿងផ្សំមួយចំនួនដែលបង្កផលអវិជ្ជមានទៅកាន់អ្នកទទួលទាន។ ក្នុងនោះរួមមាន ជាតិកាហ្វេអ៊ីន តារីន(Taurine) ស្ករ និងគ្រឿងផ្សំផ្សេងទៀតជាផ្នែកមួយប៉ះពាល់សុខភាព។
រូបភាពនេះមានប្រភពពីគេហទំព័រ MEDICAL NEWS TODAY នៃចក្រភពអង់គ្លេស
ក្នុងនាទីសុខភាពស្រ្តីនៅថ្ងៃនេះ វិទ្យុស្រ្តីសូមលើកយកមូលហេតុដែលនាំឱ្យកុមារកើតមានជំងឺទឹកនោមផ្អែមប្រភេទមួយ។ តែជាដំបូងយើងមកយល់ដឹងថា៖ តើជំងឺទឹកនោមផ្អែមប្រភេទទី ១ ជាអ្វី?
យោងតាមគេហទំព័ររបស់អង្គការសុខភាពពិភពលោក(WHO) បានបង្ហាញថា ជំងឺទឹកនោមផ្អែមប្រភេទទី ១ ជាជំងឺដែលត្រូវការចាក់អាំងស៊ុយលីនអស់មួយជីវិត ដែលកើតមានលើកុមារ ឬ ជាជំងឺទឹកនោមផ្អែមពីកុមារភាព ហើយកើតឡើងនៅពេលដែលលំពែងមិនផលិតអាំងស៊ុយលីនបានគ្រប់គ្រាន់ ដែលអាំងស៊ុយលីននេះជាអរម៉ូនដែលគ្រប់គ្រងជាតិស្ករក្នុងឈាម។
ចំពោះមូលហេតុនៃជំងឺទឹកនោមផ្អែមប្រភេទទី ១ បើតាម WHO បានពន្យល់ថា មូលហេតុនៃជំងឺនេះមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែគេគិតថា ជំងឺនេះ អាចបង្កពីការការរួមបញ្ចូលគ្នានៃកត្តាហ្សែន និងកត្តាបរិស្ថានជុំវិញដោយរួមមានការទទួលទានអាហារច្រើនពេក ការឡើងទម្ងន់លឿន របៀបរស់នៅមិនល្អ ភាពធាត់ក្នុងវ័យកុមារភាព អសកម្មរាងកាយ កត្តាជាតិសាសន៍ អាយុ និងកត្តាប្រវត្តិគ្រួសារជាដើម។
បន្ថែមពីនេះ មានប្រទេសជាច្រើនកំពុងកើនឡើងនៃចំនួនករណីថ្មីនៃជំងឺទឹកនោមផ្អែមប្រភេទទី ១ ជាពិសេសចំពោះកុមារតូចៗផងដែរ ហើយបច្ចុប្បន្ននេះ ពុំទាន់ដឹងពីវិធីសាស្រ្តការពារជំងឺទឹកនោមផ្អែមប្រភេទទី ១ នេះនៅឡើយទេ។ លើសពីនេះទៅទៀត ក្រៅពីជំងឺទឹកនោមផ្អែមប្រភេទទី ១ ក្នុងនោះក៏មានជំងឺទឹកនោមផ្អែមប្រភេទទី ២ ក៏ត្រូវបានរាយាការណ៍ថា កំពុងកើនឡើងយ៉ាងខ្លាំងចំពោះកុមារ និងមនុស្សវ័យជំទង់ផងដែរ។
រូបភាពនេះមានប្រភពពីគេហទំព័របរទេស
កុមារដែលកើតជំងឺទឹកនោមផ្អែមមានហានិភ័យខ្ពស់ក្នុងការប្រឈមបញ្ហាសុខភាពរបស់ពួកគេពេញមួយជីវិត។
តើហានិភ័យនៃជំងឺទឹកនោមផ្អែមចំពោះកុមារមានអ្វីខ្លះ?
ការសិក្សាកំពុងបង្ហាញថា កុមារមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺនេះ ហើយហានិភ័យនេះអាចបំផ្លាញបេះដូង សរសៃឈាម ភ្នែក តម្រងនោម និងសរសៃប្រសាទរបស់កុមារដែលបណ្តាលឱ្យមានបញ្ហារ៉ាំរ៉ៃ និងឆាប់ស្លាប់ថែមទៀតផង។
តទៅនេះយើងនឹងលើកយកនូវរោគសញ្ញានៃជំងឺទឹកនោមផ្អែម ដោយយោងតាមការបង្ហាញពីគេហទំព័រ MEDICAL NEWS TODAY នៃចក្រភពអង់គ្លេសដូចតទៅ៖
ចំពោះកុមារ ក្មេងជំទង់ និងមនុស្សពេញវ័យ រោគសញ្ញានៃជំងឺទឹកនោមផ្អែមគឺមានលក្ខណៈស្រដៀងគ្នា។ ចំពោះកុមារ រោគសញ្ញានៃជំងឺទឹកនោមផ្អែមប្រភេទទី ១ មានការវិវត្តយ៉ាងឆាប់រហ័សក្នុងរយៈពេលពីរទៅបីសប្តាហ៍។ ចំណែកឯរោគសញ្ញានៃជំងឺទឹកនោមផ្អែមប្រភេទទី ២ គឺមានការវិវត្តយឺតជាងនេះ ដែលអាចចំណាយពេលច្រើនខែ ឬច្រើនឆ្នាំដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ។
រូបភាពនេះមានប្រភពពីគេហទំព័របរទេស
រោគសញ្ញាចម្បងនៃជំងឺទឹកនោមផ្អែមប្រភេទទី ១ ចំពោះកុមារ និងក្មេងជំទង់មានដូចជា៖ អ្នកជំងឺមានអាការៈស្រកទឹកខ្លាំង នោមញឹក ឃ្លាន ស្រកទម្ងន់ អស់កម្លាំង ឆាប់ខឹង មានក្លិនដង្ហើម និងព្រិលភ្នែក។
យើងអាចសង្កេតរោគសញ្ញាសំខាន់ៗចំនួនបួននៃជំងឺទឹកនោមផ្អែមប្រភេទទី ១ មុនពេលដែលជំងឺនេះវិវត្តកាន់តែធ្ងន់ធ្ងរ ដោយរោគសញ្ញាទាំង ៤ នោះមានដូចជា៖ ទី១ កុមារបានប្រើបន្ទប់ទឹកញឹកញាប់ ឬមានសើមលើគ្រែ។ ទី២ កុមារអាចផឹកទឹកច្រើនជាងធម្មតា ប៉ុន្តែមានអារម្មណ៍ថាមិនបាត់ស្រេកទឹកឡើយ។ ទី៣ គឺកុមារអាចមានអារម្មណ៍អស់កម្លាំងជាងធម្មតា និងទី៤ កុមារមានស្រកទម្ងន់។
ជាការសំខាន់ណាស់ដែលអាណាព្យាបាលត្រូវដឹងពីសញ្ញានឹងរោគសញ្ញានៃជំងឺទឹកនោមផ្អែមដែលកើតមានលើកុមារ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និនព្យាបាលបានទាន់ពេលវេលា។
ជំងឺទឹកនោមផ្អែមប៉ះពាល់តម្រង់នោម
គេហទំព័រមួយមានឈ្មោះថា Verywell Health បានប្រាប់ពីមូលហេតុហេតុដែលបង្កឱ្យអ្នកទទួលទានភេសជ្ជៈផ្អែមងាយរងប្រឈមនឹងបញ្ហាតម្រង់នោម ព្រោះមានការសិក្សារកឃើញថា នៅក្នុងភេសជ្ជៈប៉ូវកម្លាំងមានសារធាតុម្យ៉ាងឈ្មោះ តារីន(Taurine) ភាគច្រើនវាត្រូវបានគេប្រើប្រាស់ជាសារធាតុផ្សំទូទៅនៅក្នុងអាហារបំប៉នកីឡា ហើយត្រូវបានគេជឿថា អាចបង្កើនសមត្ថភាពកីឡា។ ក៏ប៉ុន្តែ ប្រសិនបើក្នុងភេសជ្ជៈមួយមានផ្ទុកសារធាតុ taurine កម្រិតខ្ពស់ពេក នោះនឹងធ្វើឱ្យអ្នកទទួលទានមានផលវិបាកយ៉ាងធ្ងន់ធ្ងរ រហូតបង្កជាជំងឺតម្រងនោមរ៉ាំរ៉ៃ (CKD)។
ចំណែកឯកម្រិតជាតិស្កនៅក្នុងភេសជ្ជៈប៉ូវកម្លាំង មានផ្ទុកនូវបរិមាណកាឡូរីដែលជាផ្នែកមួយនៃការប៉ះពាល់សុខភាពផងដែរ។ ជាក់ស្តែង Verywell Health បានដាក់បញ្ចូលនូវផលិតផលភេសជ្ជៈមួយនៅក្នុងអត្ថបទខ្លួនថា ភេសជ្ជៈប៉ូវកម្លាំង Rockstar មានជាតិស្ករប្រហែល ៣០ ទៅ៦០ ក្រាម (ប្រហែល ១២ស្លាបព្រាបាយ)។
លើសពីផលប៉ះពាល់លើតម្រងនោមទៀតនោះ ភេសជ្ជៈផ្អែមមួយចំនួនក៏បង្កឱ្យមានការកើនឡើងសម្ពាធឈាម ក៏ដូចជាចង្វាក់បេះដូង ហើយថែមទាំងកាត់បន្ថយការផ្គត់ផ្គង់ឈាមទៅខួរក្បាលផងដែរ។
លើសពីនេះ នៅឆ្នាំ២០១៩ មហាវិទ្យាល័យមួយដែលសិក្សាទៅលើជំនាញបេះដូងនៅសហរដ្ឋអាមេរិកបានបង្ហាញថា បន្ទាប់ពីមនុស្សពេញវ័យមួយចំនួនទទួលទានភេសជ្ជៈប៉ូវកម្លាំង ពួកគេមានបញ្ហាសុខភាព សម្ពាធឈាមមានការកើនឡើងគួរឱ្យកត់សម្គាល់។ បញ្ហាទាំងនេះហើយដែលបង្កឱ្យមានជំងឺសរសៃឈាមបេះដូង គាំងបេះដូង ឈឺទ្រូង ដាច់សរសៃឈាមខួរក្បាលជាដើម៕