en     km
en     km

ស្ត្រីទេសចរណ៍បារាំងលោតចេញពីកង់បីឥណ្ឌានៅបាត់ដំបង គេចចេញពីការចាប់ជំរិត ពិតឬទេ?

Share

សមត្ថកិច្ច​ខេត្ត​បាត់ដំបងថា ​កំពុង​ស្រាវជ្រាវ​រកអ្នក​រត់កង់បីឥណ្ឌា​ ដែលត្រូវបានអ្នកលេងបណ្ដាសង្គមមួយចំនួនសង្ស័យថា ​មាន​ចេតនាអាក្រក់​លើស្ត្រី​ទេសចរណ៍​បរទេស​ម្នាក់។ លោកស្នងការខេត្តបាត់ដំបងបានបង្ហើបប្រាប់វិទ្យុស្ត្រីថា ករណីនេះអាចមិនមែនជារឿងចាប់បង្ខំឬចាប់ជំរិតអ្វីឡើយ។

លោក គីម ចាន់ចាវ រាយការណ៍

 

កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ មានភ្ញៀវទេសចរជនជាតិបារាំងម្នាក់បានធ្វើដំណើរពីភ្នំពេញទៅលេងខេត្តបាត់ដំបងក្នុងគោលបំណងទេសចរណ៍។ ស្តី្រជនជាតិបារាំងរូបនេះបានជិះឡានក្រុងពេលយប់ទៅដល់ខេត្តបាត់ដំបងប្រហែលម៉ោង៤ទៀបភ្លឺ ហើយក៏បានជិះកង់បីឥណ្ឌា បន្តទៅរកកន្លែងស្នាក់នៅ ដោយឱ្យអ្នករត់កង់បីឥណ្ឌាដឹកទៅសណ្ឋាគារឡាគី។

បើតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះSam Achhara  បញ្ជាក់ថា «នៅពេលមកដល់មុខសណ្ឋាគារហើយកង់បីឥណ្ឌា មិនបានឈប់ដាក់ភ្ញៀវចុះនៅគោលដៅដែលបានចរចាមុនពេលឡើងជិះទេ បែរជាព្យាយាមជិះពង្វាងទៅរកផ្លូវស្ងាត់ទៅវិញ។ ដោយឃើញស្ថានភាពមិនស្រួលស្រ្តីជនជាតិបារំាងរូបនេះក៏បានលោតចុះពីលើ passApp ធ្វើឱ្យមានរបួសបាក់ម្រាមដៃ និងរបកមុខមាត់»។

ព័ត៌មានដែលបានផុសនេះមានការចែកចាយពាសពេញបណ្ដាញសង្គម និងដឹងដល់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលធ្វើឱ្យស្នងការនគរបាលខេត្តបាត់ដំបង ចេញបទបញ្ជាបន្ទាន់ដល់ថ្នាក់ដឹកនាំជំនាញពាក់ព័ន្ធឱ្យស្រាវជ្រាវចំពោះករណីនេះ។ យ៉ាងណារហូតមកដល់ថ្ងៃទី៧ ខែសីហានេះ ម្ចាស់កង់បីឥណ្ឌានោះមិនទាន់ត្រូវបានរកឃើញនៅឡើយទេ។

ក៏ប៉ុន្តែថ្លែងប្រាប់វិទ្យុស្ត្រីនៅរសៀលថ្ងៃដដែលនេះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ឱ្យដឹងថាករណីនេះ សមត្ថកិច្ចបានសួរនាំស្ត្រីជនជាតិបារាំងដែលជាជនរងគ្រោះឃើញថា រឿងនេះមិនមែនជាករណីចាប់បង្ខំឬចាប់ជំរិតអ្វីឡើយ ប៉ុន្តែដោយសារតាមផ្លូវទៅទីតាំងដែលស្ត្រីនោះចង់ទៅផ្លូវងងឹតគាត់ប្រាប់ឱ្យអ្នកបើកម៉ូតូកង់បីឈប់ ប៉ុន្តែអ្នកបើម៉ូតូកង់បីស្ដាប់មិនបានដោយសារមិនចេះភាសាបរទេស។

«មិនមានអាដែងការចាប់បង្ខំឬចាប់ចំរិតអីទេ គឺដល់ពេលគាត់ដឹកទៅរក(សណ្ឋាគារ)ឡាគី តែវាទៅតំបន់ងងឹតដល់ចឹងគាត់ហក់ចេញពីលើកង់បីខ្លួនគាត់ កង់បីនោះក៏ក្រឡាប់ហើយក្រោយពីនារីនោះគាត់ងើបរួចកង់បីក៏រត់បាត់ទៅ។ មិនមានសកម្មភាពអីទៀតទេ គាត់បំភ្លឺច្បាស់លាស់ហើយ ដោយសារតែងងឹតគាត់ខ្លាច គាត់ថាឱ្យឈប់តែម៉ូតូកង់បីគាត់ ចង់និយាយថា វាស្ដាប់គ្នាមិនបាន ដល់ភាសាស្ដាប់គ្នាមិនបានគាត់ហក់ពីលើម៉ូតូ(កង់បី)ហ្នឹងទៅវាបណ្ដាលឱ្យម៉ូតូហ្នឹងក្រឡាប់»

ទោះយ៉ាងណា លោកឧត្តមសេនីយ៍ទោ សាត គឹមសាន អះអាងថា ស្នងការខេត្តបាត់ដំបងកំពុងតាមដានស៊ើបអង្កេត និងស្វែងរកម្ចាស់កង់បីឥណ្ឌា ដើម្បីសួរនាំសម្រាប់ធ្វើការសន្និដ្ឋានលើករណីនេះជាផ្លូវការ៕

 

Share

ព័ត៌មានទាក់ទង

Image