en     km
en     km

ប្រទេសនីហ្សេប្រកាសបិទដែនអាកាស

Share

ប្រភព៖ The Guargian ថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៣

បន្ទាប់ពីមានរដ្ឋប្រហារនៅប្រទេសនីហ្សេ សហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិចEcowas បានព្រមានធ្វើអន្តរាគមន៍យោធានិងសុំឱ្យក្រុមពួកយោធាធ្វើរដ្ឋប្រហារអនុញ្ញាតឱ្យប្រធានាធិបតីដែលត្រូវបានបណ្តេញចេញពីអំណាចមកកាន់តំណែងវិញដោយកំណត់ត្រឹមថ្ងៃអាទិត្យទី៦ ខែសីហា ប៉ុន្តែតំណាងរដ្ឋាភិបាលយោធានីហ្សេបានបដិសេដដោយនិយាយថា កងកម្លាំងប្រដាប់អាវុធបានត្រៀមខ្លួនជាស្រេច ចំពោះអន្តរាគមន៍យោធាណាមួយ ហើយបានប្រកាសបិទដែនអាកាសរបស់ខ្លួនកាលពីថ្ងៃអាទិត្យទី៦ ខែសីហា ដោយគ្មានកាលកំណត់រហូតដល់មានការជូនដំណឹងបន្ថែម។រាយការណ៍ដោយកញ្ញា គុជ ស៊ីកុល

តំណាងរបបយោធានីហ្សេម្នាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើកញ្ចក់ទូរទស្សន៍ជាតិកាលពីល្ងាចថ្ងៃអាទិត្យទី៦ ខែសីហាថា “នៅក្នុងការប្រឈមមុខនឹងការគំរាមកំហែងនៃការអន្តរាគមន៍យោធា ដែនអាកាសនីហ្សេត្រូវបានបិទចាប់ពីថ្ងៃនេះតទៅ”។លោក​បាន​និយាយ​ថា មាន​ការ​ដាក់​ពង្រាយ​កម្លាំង​ត្រៀមជាមុន​​សម្រាប់​ការអន្តរាគមន៍ណា​មួយ ប៉ុន្តែ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​នោះទេ។

តំណាងរូបនេះបាននិយាយថា “កងកម្លាំងប្រដាប់អាវុធរបស់នីហ្សេ និងកងកម្លាំងការពារ សន្តិសុខរបស់យើងទាំងអស់ ដែលមានការគាំទ្រយ៉ាងពេញទំហឹងពីប្រជាជនរបស់យើង បានត្រៀមខ្លួនរួចជាស្រេចដើម្បីការពារបូរណភាពទឹកដីរបស់យើង”។

ប្រមុខការពារជាតិនៃសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច(Ecowas)បានយល់ព្រមលើផែនការធ្វើសកម្មភាពយោធានៅគ្រប់ពេលវេលា និងគ្រប់កន្លែង ក្នុងករណីលោក Bazoumអតីតប្រធានាធិបតីនីហ្សេ មិនត្រូវបានដោះលែង និងឡើងកាន់អំណាចវិញនៅត្រឹមថ្ងៃអាទិត្យទី៦ ខែសីហានេះ។សហគមន៍ Ecowas មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​ការ​អត្ថាធិប្បាយថានឹងធ្វើ​អ្វី​បន្ថែមទៀត ​បន្ទាប់ពីថ្ងៃឱសានវាទផុតកំណត់​​។

ជាមួយគ្នានេះអ្នកគាំទ្ររបបយោធានីហ្សេរាប់ពាន់នាក់បានជួបជុំគ្នានៅពហុកីឡដ្ឋានមួយក្នុងទីក្រុង Niamey ដោយអបអរសាទរការសម្រេចចិត្តមិនធ្វើតាមការបង្គាប់បញ្ជាពីសហគមន៍ Ecowas កាលពីថ្ងៃអាទិត្យ។ក្រុមយោធានីហ្សីបានធ្វើរដ្ឋប្រហារដណ្តើមអំណាចកាលពីថ្ងៃទី ២៦ ខែកក្កដា ដោយបានផ្តួលរំលំអំណាចប្រធានាធិបតីជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យគឺលោក Mohamed Bazoum ។

រដ្ឋប្រហារ៧លើកនៅទ្វីបអាហ្រ្វិកភាគខាងលិច និងភាគកណ្តាលក្នុងរយៈពេល៣ឆ្នាំ បានធ្វើឱ្យកក្រើកតំបន់Sahel ដែលជាតំបន់ក្រីក្របំផុតមួយក្នុងពិភពលោក។ដោយសារតំបន់នេះ​សម្បូរ​សារធាតុ​អ៊ុយរ៉ាញ៉ូម និង​ប្រេង និង​ជាទីតាំងយុទ្ធសាស្រ្តសំខាន់សម្រាប់​​ប្រឆាំងនឹង​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម ប្រទេស​នីហ្សេក្លាយជាទីតាំងដ៏​សំខាន់​​សម្រាប់​អាមេរិក អឺរ៉ុប ចិន និង​រុស្ស៊ី។

ប្រទេសនីហ្សេកាលពីសប្តាហ៍មុនបានលុបចោលកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធាជាមួយប្រទេសបារាំងដែលមានទាហានចន្លោះពី ១០០០ ទៅ ១៥០០នាក់នៅក្នុងប្រទេសប្រទេសនេះ។ ការគំរាមកំហែងផ្នែកយោធារបស់សហគមន៍ Ecowas នេះបានបង្កឱ្យមានការភ័យខ្លាចនៃជម្លោះបន្ថែមទៀតនៅក្នុងតំបន់ដែលកំពុងប្រយុទ្ធនឹងក្រុមបះបោរអ៊ីស្លាមនិយមដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបង្ខំមនុស្សរាប់លាននាក់ឱ្យភៀសខ្លួន។

ទោះយ៉ាងណាគេមើលឃើញថាអន្តរាគមន៍យោធា អាចមានភាពស្មុគស្មាញដោយសារប្រទេសជិតខាងម៉ាលី និងបួគីណាហ្វាសូដែលគ្រប់គ្រងដោយក្រុមយោធាដែរនោះបានសន្យាការពារប្រទេសនីហ្សេនៅក្នុងករណីចាំបាច់ ដោយនិយាយថា អន្តរាគមន៍យោធាណាមួយប្រឆាំងនឹងមេដឹកនាំយោធាថ្មីនៅប្រទេសនីហ្សេ នឹងត្រូវបានចាត់ទុកថាជា “ការប្រកាសសង្រ្គាម”។ ប្រទេសបារាំងបានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនកំពុងផ្អាកជំនួយអភិវឌ្ឍន៍ និងជំនួយថវិកាដល់ប្រទេសប៊ូគីណាហ្វាសូ។ នាយករដ្ឋមន្ត្រីចាស់របស់ប្រទេសនីហ្សេបាននិយាយកាលពីថ្ងៃសៅរ៍ទី៥ ខែសីហានៅទីក្រុងប៉ារីសថា រដ្ឋាភិបាលដែលត្រូវបានបណ្តេញចេញពីអំណាចនៅតែជឿជាក់ថាកិច្ចព្រមព្រៀងចុងក្រោយអាចធ្វើទៅបាន។កាលពីថ្ងៃអាទិត្យ ប្រទេសអ៊ីតាលីបាននិយាយថា ខ្លួនបានកាត់បន្ថយចំនួនកងទ័ពរបស់ខ្លួននៅក្នុងប្រទេសនីហ្សេ និងធ្វើលេដ្ឋានសម្រាប់ការពារជនស៊ីវិលអ៊ីតាលី ប្រសិនបើសន្តិសុខកាន់តែយ៉ាប់យ៉ឺន៕

Share

ព័ត៌មានទាក់ទង

Image