en     km
en     km

មន្រ្តីបក្សភ្លើងទៀនរំពឹងខ្ពស់លើថ្នាក់ដឹកនាំនៃរដ្ឋាភិបាលថ្មីថាអាចដោះស្រាយឱ្យបក្សមានសិទ្ធិចូលរួមការបោះឆ្នោតនៅអាណត្តិថ្មី

Share

ភ្នំពេញ៖​ មន្រ្តីជាន់ខ្ពស់នៃគណបក្សភ្លើងទៀនមានសុទិដ្ឋនិយមថា គណបក្សភ្លើងទៀននឹងមានសិទ្ធិស្របច្បាប់ពេញលេញអាចចូលរួមការប្រកួតប្រជែងការបោះឆ្នោតឃុំនិងការបោះឆ្នោតជាតិបាននៅអាណត្តិក្រោយ បន្ទាប់ពីរដ្ឋាភិបាលថ្មីមានសមាសភាពថ្នាក់ដឹកនាំថ្មីដែលអាចជួយអន្តរាគមន៍បាន។

ការដាក់ការរំពឹងទុកខ្ពស់បែបនេះ បន្ទាប់ពីមន្រ្តីគណបក្សភ្លើងទៀនបានបរាជ័យក្នុងការប្រឹងប្រែងរកដំណោះស្រាយពាក់ព័ន្ធលិខិតបញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលបញ្ហានេះនាំឱ្យបក្សភ្លើងទៀនខកខានមិនបានចូលរួមប្រកួតការបោះឆ្នោតកាលពីពេលថ្មីៗនេះ។

មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀន ថ្លែងនៅថ្ងៃទី០៧ ខែសីហានេះ ក្នុងសន្និសីទកាសែតនៅការិយាល័យកណ្តាលរបស់បក្សស្ថិតនៅបុរីពិភពថ្មីសែនសុខ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយថា កន្លងមកសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃក៏បានប្រឹងប្រែងឱ្យមានជំនួបជាមួយគណបក្សភ្លើងទៀនដើម្បីរកដំណោះស្រាយផងដែរ ប៉ុន្តែដោយសារការមមាញឹកនឹងកិច្ចបោះឆ្នោតធ្វើឱ្យសម្តេច ស ខេង ពុំមានពេលគ្រប់គ្រាន់ដើម្បីរកច្រកចេញជូនគណបក្សភ្លើងទៀនបាន។

សន្និសីទកាសែតរបស់គណបក្សភ្លើងទៀន។

មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀនបន្តថា សមាសភាពថ្មីនៃថ្នាក់ដឹកនាំរបស់រដ្ឋាភិបាលថ្មីនឹងអាចជួយឱ្យមានយន្តការដោះស្រាយឈានឱ្យបក្សមានសម្បាទានគ្រប់គ្រាន់បានចូលប្រកួតការបោះឆ្នោតនាពេលខាងមុខបាន។

ទាក់ទងនឹងច្បាប់ដើមនៃប្រកាសលេខ១៩៣ ឆ្នាំ ១៩៩៨ស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយដែលបានបាត់កាលពីអំឡុង        ឆ្នាំ២០១៧នោះ គឺមិនស្ថិតនៅក្នុងដៃរបស់លោក​ សម រង្ស៊ី ទេ ។ នេះជាការបញ្ជាក់ពីអ្នកនាំពាក្យគណបក្សភ្លើងទៀនដដែល ខណៈមានពាក្យចចាមអ៉ារាមថា ច្បាប់ដើមនោះនៅលោក សម រង្ស៊ី។ ជាងនេះអ្នកនាំពាក្យបក្សភ្លើងទៀនអះអាងថា ការបាត់លិខិតបញ្ជាក់នោះបានបាត់នៅគ្រាដែលបទីស្នាក់ការកណ្តាលគណបក្សភ្លើងទៀន ដែលស្ថិតនៅខាងក្រោមអតីតបក្សសង្គ្រោះជាតិត្រូវបានបិទដោយអំណាចសាលដីកាតុលាការកំពូល ហើយបក្សពុំអាចមានលទ្ធភាពសុំរុករកឯកសារនោះបានព្រោះពុំត្រូវបានអនុញ្ញាតពីស្ថាប័នពាក់ព័ន្ធមួយចំនួន។

មន្រ្តីគណបក្សភ្លើងទៀនបញ្ជាក់ថា បក្សពុំទាន់មានគម្រោងបង្កើនគណបក្សថ្មីដើម្បីចូលរួមការបោះឆ្នោតនាពេលខាងមុខទេ ដោយរង់ចាំស្វែងរកជំនួបជាមួយថ្នាក់ដឹកនាំនៃរដ្ឋាភិបាលថ្មីក្នុងការចរចារកដំណោះស្រាយឱ្យបក្សភ្លើងទៀនអាចចូលរួមការបោះឆ្នោតបាន។

សូមជម្រាបថា សន្និសីទកាសែតនៅព្រឹកនេះធ្វើឡើងដើម្បីស្រាយចម្ងល់របស់អ្នកសារព័ត៌មានជុំវិញជំហររបស់បក្សក្នុងការរកដំណោះស្រាយធ្វើយ៉ាងណាឱ្យបក្សមានសិទ្ធិស្របច្បាប់អាចចូលរួមប្រកួតប្រជែងការបោះឆ្នោតបាននាពេលខាងមុខ។

សូមរំលឹកថា គណបក្សភ្លើងដែលត្រូវបានដឹងថាជាបក្សមួយអាចមានសាច់ដុំល្មមប្រកួតជាមួយបក្សកាន់អំណាច ត្រូវបានខកខានចូលរួមប្រកួតក្នុងការបោះឆ្នោតថ្នាក់កាលពីពេលថ្មីៗនេះ បន្ទាប់ពី គ ជ ប និងក្រុមប្រឹក្សាធម្មនុញ្ញបានបដិសេធ ខណៈលិខិតបញ្ជាក់ការចុះឈ្មោះបក្សនៅក្រសួងមហាផ្ទៃត្រូវបានបាត់។

តែយ៉ាងណា តាមការអះអាងរបស់មន្រ្តីបក្សគឺគណបក្សភ្លើងទៀនបានប្រឹងប្រែងខ្នោះខ្នែងសុំទៅស្ថាប័នពាក់ព័ន្ធដើម្បីរុករកឯកសារដែលបានបាត់ និងព្យាយាមស្នើសុំសេចក្តីចម្លងដែលមានតម្លៃស្មើដើម្បីធ្វើយ៉ាងណាឱ្យបក្សបានចូលរួមការបោះឆ្នោត តែការប្រឹងប្រែងនេះត្រូវបរាជ័យ ក្រោមហេតុផលគ្មានកិច្ចសហការជាមួយអ្នកពាក់ព័ន្ធ៕

Share

ព័ត៌មានទាក់ទង

Image