en     km
en     km

សន្តិសុខ៤នាក់ស្នើក្រសួងពាក់ព័ន្ធជួយអន្តរាគមន៍ ក្រោយក្រុមហ៊ុនរត់ចោលមិនបើកប្រាក់ឈ្នួលឱ្យ

Share

បុគ្គលិកសន្តិសុខ៤នាក់ ដែលមានអ្នកខ្លះមានវ័យចាស់ជរា ហើយខ្លះមានពិការភាព ស្នើឱ្យក្រសួង ឬស្ថាប័នពាក់ព័ន្ធជួយដោះស្រាយករណីដែលពួកគេត្រូវបាន ក្រុមហ៊ុន HONESTY general security មិនបើកប្រាក់ខែឱ្យ ក្រោយការបិទក្រុមហ៊ុន។ សហព័ន្ធសហជីពសេរីកម្មករ ដែលបានអន្តរាគមន៍លើរឿងនេះ អះអាងថានឹងជួយសម្រួលពួកគេប្ដឹងទៅតុលាការ បន្ទាប់ពីប្ដឹងទៅក្រសួងការងារមិនបានជោគជ័យ។ លោក គីម ចាន់ចាវ រាយការណ៍

 

បុគ្គលិកសន្ដិសុខ៤នាក់នៃក្រុមហ៊ុន HONESTY General Security ដែលជាក្រុមហ៊ុនសន្ដិសុខ អះអាងថា ក្រុមហ៊ុន រត់ចោលពួកគាត់ដោយមិនបើកប្រាក់ឈ្នួលឲ្យពួកគាត់រយៈពេលមួយខែកន្លះដែលគិតជាទឹកប្រាក់ស្មើនឹង៣00ដុល្លារក្នុងម្នាក់(៤នាក់)។ លោក សៅ សុខសាន អគ្គលេខាធិការសហព័ន្ធសហជីពសេរីកម្មករ បានប្រាប់វិទ្យុស្ត្រីនៅថ្ងៃច័ន្ទនេះថា ក្រុមហ៊ុនសន្ដិសុខបានបិទដំណើរការ ដោយមិនបានបើកប្រាក់ខែឱ្យបុគ្គលិកសន្ដិសុខទាំង៤នាក់ ចាប់តាំងពីថ្ងៃទី១៦ ខែឧសភា ដល់ថ្ងៃទី៣០ ខែមិថុនា។

លោកបន្តថា ក្រោយទទួលបាបបណ្ដឹងរបស់បុគ្គលិកសន្តិសុខ នាកដ្ឋានវិវាទការងារ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី១២ ខែកក្កដា មន្ត្រីក្រសួងបានកោះហៅអ្នកទាំង៤ឱ្យចូលផ្ដល់ព័ត៌មានជុំវិញពាក្យបណ្ដឹងនេះ។ ក្រោយមកក៏ប្រាប់ឱ្យបុគ្គលិកសន្ដិសុខទាំង៤នាក់ដកពាក្យបណ្ដឹងនោះវិញ ដោយហេតុថា ក្រុមហ៊ុនបានបិទ ដូច្នេះក្រសួងមិនអាចរកទីតាំងក្រុមហ៊ុននោះឃើញទៀតឡើយ។

«ឥលូវហ្នឹងបច្ចុប្បន្នហ្នឹងខាងក្រសួងការងារគាត់ទាក់ទងមកវិញ គាត់ថា ដោយសារតែរោងចក្រហ្នឹងបិទហើយគាត់រកន្លែងក្រុមហ៊ុនហ្នឹងអត់ឃើញ ចឹងគាត់ខាងនាយកដ្ឋានវិវាទការងារហ្នឹងគាត់ ឱ្យគ្នាគាត់៤នាក់ហ្នឹងឱ្យទៅដកពាក្យបណ្ដឹងវិញរឿងហ្នឹងហាស៎។ តែដោយសារខាងខ្ញុំគឺអត់ព្រមដកទេ ដោយសារតែរឿងយើងមិនទាន់ដោះស្រាយឱ្យផងឱ្យយើងទៅដកពាក្យបណ្ដឹងម៉េចកើត? ចឹងខាងខ្ញុំនឹងត្រៀមឯកសារពាក់ព័ន្ធជាមួយគាត់ ត្រៀមប្ដឹងទៅតុលាការបន្តទៅមុខទៀត»។

វិទ្យុស្រ្តីមិនទាន់អាចទាក់ទងសុំការបំភ្លឺពីលោក ប៊ុន សភាឫទ្ធិ មន្ត្រីតំណាងក្រសួងការងារដែលសម្របសម្រួលតំណាងក្រសួងការងារបានទេត្រឹមព្រឹកថ្ងៃទី០៧ ខែកក្កដានេះ។ ក្រុមបុគ្គលិកសន្តិសុខទាំង៤នាក់នោះរួមមានលោក នុត សារឿន លោក ស៊ិន ព្រែក លោក លឹម សុខងួន និងលោក សុន សាវិន ដែលមានដៃពិការ(ខ្វេដោយគ្រោះថ្នាក់)។ លោក សុន សាវិន មានអាយុ២៤ឆ្នាំ អំពាវនាវឱ្យក្រុមហ៊ុនដោះស្រាយផ្ដល់ប្រាក់ខែដល់លោកត្បិតលោកខំព្យាយាមបំពេញការងារជាសន្តិសុខនេះដោយមិនបានឈប់សម្រាកដូចកម្មករនិយោជិតផ្នែកផ្សេងឡើយ ដើម្បីបានប្រាក់សម្រាប់ជីវភាព។

«ផលលំបាករបស់ខ្ញុំនិយាយទៅជីវភាព ហើយរូបរាងខ្ញុំក៏ពិការចឹងទៅ ចង់ឱ្យក្រុមហ៊ុនមកដោះស្រាយរឿងបើកប្រាក់ខែ ហើយធ្វើការពិបាកអត់មានថ្ងៃសៅរ៍ ថ្ងៃអាទិត្យ អត់មានពេលឈប់សម្រាកដូចគេផ្សេងទៀត»។

លោក សុន សាវិន(ស្ដាំ)  បុគ្គលិកសន្ដិសុខក្រុមហ៊ុន HONESTY General Security

បុគ្គលិកសន្ដិសុខម្នាក់ទៀតមានវ័យ៥៨ឆ្នាំ គឺលោក នុត សារឿន  បានអះអាងថាលោកជាជំហរក្នុងគ្រួសារ ខិតខំធ្វើការងារជាសន្តិសុខទាំងយប់ថ្ងៃ ដូច្នេះលោកអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍ដោះស្រាយឱ្យលោកទទួលបានដំណោះស្រាយនេះ ដើម្បីជួយជីវភាពគ្រួសារ។

«ខំតស៊ូការងារសន្ដិសុខអត់ស្គាល់ពេលដេកពេលពួនទេ ដល់ពេលដាច់ខែប៉ុន្មានខែចុងក្រោយនេះដល់អត់បើកលុយឱ្យរយៈពេលមួយខែកន្លះ។ ឥលូវធ្វើម៉េច សូមជួយដោះស្រាយខ្ញុំផង សូមជួយដោះស្រាយខាងរាជរដ្ឋាភិបាល ស្ថាប័ន សូមជួយដោះស្រាយរឿងលុយកាក់ឱ្យខ្ញុំផងដើម្បីជួយផ្គត់ផ្គង់ជីវភាពគ្រួសារខ្ញុំឱ្យទៅមុខទៀតបាន..»

លោក នុត សារឿន)  បុគ្គលិកសន្ដិសុខក្រុមហ៊ុន HONESTY General Security

ទោះយ៉ាងណាលោក សៅ សុខសាន អះអាងនឹងស្វែងរកមេធាវីជូនបុគ្គលិកសន្តិសុខទាំង៤នាក់ ដើម្បីប្ដឹងបន្តទៅតុលាការដើម្បីទទួលបានដំណោះស្រាយប្រាក់ខែនេះ ត្បិតលោកយល់ថាបុគ្គលិកសន្តិសុខជារឿយៗតែងរងការរិតត្បិតសេរីភាព ដោយត្រូវធ្វើការលើសម៉ោង ហើយមិនបានឈប់សម្រាកថ្ងៃបុណ្យទានដូចកម្មករនិយោជិតវិស័យផ្សេងៗឡើយ៕

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង