en     km
en     km

ពលរដ្ឋជាង១៤លាននាក់យល់ដឹងផលអវិជ្ជមាននៃការបាត់បង់សត្វព្រៃបន្ទាប់ពីមានយុទ្ធនាការ«អន្ទាក់សូន្យ»​

Share

ភ្នំពេញ៖ យ៉ាងហោចណាស់មានប្រជាពលរដ្ឋជាង១៤លាននាក់ បានយល់ជ្រួលជ្រាបពីផលអវិជ្ជមាននៃការទទួលទានសាច់សត្វព្រៃនិងការបាត់បង់សត្វព្រៃពីក្នុងធម្មជាតិ។ ការយល់ដឹងរបស់ពលរដ្ឋនេះ ផ្អែកតាមទិន្នន័យរកឃើញបន្ទាប់ពីក្រសួងបរិស្ថាននិងដៃគូអភិវឌ្ឍមួយចំនួនបានសហការបង្កើតឱ្យមានយុទ្ធនាការអន្ទាក់សូន្យផ្សព្វផ្សាយពីសារៈប្រយោជន៍នៃសត្វព្រៃ ដោយអ្នកយល់ដឹងមានទាំងអ្នកចូលរួមដោយផ្ទាល់និងដោយប្រយោលតាមប្រព័ន្ធឌីជីថល។

អត្ថ​បទដោយ៖លោក កែវ សុខា  ជូនសេចក្តីរាយការណ៍ដោយ៖កញ្ញា គុជ ស៊ីកុល

យុទ្ធនាការ«អន្ទាក់សូន្យ» បានបំផុសការយល់ដឹងដល់មនុស្សជាង១៤លាននាក់ខណៈក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូប្តេជ្ញារួមគ្នាបន្តអនុវត្តយុទ្ធនាការដើម្បីបញ្ចប់វិបត្តិអន្ទាក់នៅកម្ពុជា។ នេះជាចំណងជើងធំៗរំលេចលើសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថានកាលពីថ្ងៃទី០៣ ខែសីហាឆ្នាំ២០២៣។

កាំភ្លើងកែច្នៃសម្រាប់បរបាញ់សត្វត្រូវបានចាប់និងដាក់បង្ហាញក្នុងថ្ងៃបិទយុទ្ធនាការអន្ទាក់សូន្យទី៣នៅបាត់ដំបង។

គឺត្រឹមតែរយៈពេល១៣ខែប៉ុណ្ណោះ ពោលគឺចន្លោះពីខែមីនាឆ្នាំ២០២២ ដល់ខែមិថុនាឆ្នាំ២០២៣ ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធបានរួមសហការអនុវត្តយុទ្ធនាការអន្ទាក់សូន្យនៅតាមតំបន់ទីប្រជុំជន និងខេត្តនានាសរុបចំនួន១២ ក្នុងនោះមាន៖ ខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី កំពង់ធំ រតនៈគិរី ពោធិ៍សាត់ វាលវែង កំពង់ស្ពឺ កោះកុង សៀមរាម បាត់ដំបង និងប៉ៃលិន។ នេះជាការគូសបញ្ជាក់បន្ថែមពីលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តយុទ្ធនាការអន្ទាក់សូន្យ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន។

លោកបញ្ជាក់បន្ថែមទៀតថា ជាលទ្ធផលយុទ្ធនាការអន្ទាក់សូន្យបានបំផុសការយល់ដឹងដល់មនុស្សជាង១៤លាននាក់ ដោយរាប់បញ្ចូលការទទួលបាននូវព័ត៌មាន និងចំណេះដឹងពីយុទ្ធនាការ ទាំងតាមរយៈការចូលរួមក្នុងសកម្មភាពយុទ្ធនាការនេះដោយផ្ទាល់ និងតាមរយៈប្រព័ន្ធសារព័ត៌មានក្នុងស្រុក ក្នុងតំបន់ និងតាមបណ្តាញសង្គមរបស់ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធនានា។

លោក នេត្រ ភក្ត្រា ចូលរួមក្នុងកម្មវិធីបិទយុទ្ធនាការអន្ទាក់សូន្យទី៣នៅខេត្តបាត់ដំបង។

ផ្អែកតាមរបាយការណ៍ស្តីពីលទ្ធផលជាផ្នែកៗនៃការអនុវត្តយុទ្ធនាការទាំងមូលបានបង្ហាញថា៖ មានមនុស្សចំនួនប្រមាណជា ១ម៉ឺននាក់បានចូលរួមដោយផ្ទាល់ក្នុងសកម្មភាពផ្សេងៗនៃយុទ្ធនាការ និងមានអត្ថបទព័ត៌មានសរុបប្រមាណជាមួយពាន់ចំណងជើង ត្រូវបានផ្សព្វផ្សាយដល់មនុស្សចំនួនប្រមាណជា ៥លាននាក់ ខណៈមនុស្សចំនួន ៧លាននាក់ ទៀតបានអានសារអប់រំតាមទូរស័ព្ទដៃដែលបានអំពាវនាវឲ្យចូលរួមការពារសត្វព្រៃ ដោយបញ្ឈប់ការដាក់អន្ទាក់ និងកុំពាក់ព័ន្ធនឹងការជួញដូរសត្វព្រៃ។

នៅក្រោមឆ័ត្រនៃយុទ្ធនាការអន្ទាក់សូន្យ ស្ថាប័ន និងដៃគូពាក់ព័ន្ធ បានមកធ្វើការរួមគ្នាក្រោមការដឹកនាំរបស់ក្រសួងបរិស្ថាន ដោយមានភាពជាដៃគូជាមួយអង្គការមូលនិធិសកលដើម្បីធម្មជាតិ (WWF) ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍអន្តរជាតិ (USAID) គម្រោង Green Prey Lang, Morodok Baitong, Cambodia Green Future អង្គការសម្ព័ន្ធសត្វព្រៃ (Wildlife Alliance)  អង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិ (Wild Earth Allies)  អង្គការអភិរក្សអន្តរជាតិប្រចាំកម្ពុជា (CI) មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) មូលនិធិម៉ាដក្សចូលីភីត (MJP)  អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) អង្គការជីវិតធម្មជាតិនៅកម្ពុជា (Nature Life) អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា (FFI) អង្គការរីខូហ្វកម្ពុជា (RECOFTC) និងអង្គការដៃគូនៅកម្រិតមូលដ្ឋានផ្សេងទៀត ដែលបានអនុវត្តសកម្មភាពយុទ្ធនាការ។ នេះជាកំណត់សម្គាល់ដែលបង្ហាញក្នុងសេចក្តីប្រកាសព័ត៌មានខាងលើ។

ទិន្នន័យក្នុងឆ្នាំ២០២២ បង្ហាញថា អន្ទាក់សរុបប្រមាណជាង ៣៤.០០០ ត្រូវបានដកចេញពីតំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជា។ តួលេខនេះបង្ហាញពីការថយចុះនៃអត្រាអន្ទាក់ក្នុងព្រៃប្រមាណ៤៤% បើធៀបនឹងលទ្ធផលនៃការដោះអន្ទាក់ក្នុងឆ្នាំ២០២១ ដែលចំនួនអន្ទាក់ប្រមូលបានសរុបមានចំនួនដល់ទៅ ៦១.៦១១ អន្ទាក់។ ចំណែកឯអន្ទាក់ចំនួន ១៤.៣២៥ អន្ទាក់ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិក្នុងឆមាសទី១ ឆ្នាំ២០២៣ នេះ។

តាមរយៈការអនុវត្តយុទ្ធនាការអន្ទាក់សូន្យ សាធារណជនបានយល់ដឹងពីសារៈសំខាន់នៃការអភិរក្សសត្វព្រៃ និងភាពចាំបាច់ដែលខ្លួនត្រូវចូលរួមជាផ្នែកមួយទាំងក្នុងការជួយផ្សព្វផ្យាយបន្ត និងការអនុវត្តសកម្មផ្ទាល់ខ្លួនគឺមិនលក់ មិនទិញ មិនបរិភោគ និងមិនជួញដូរសត្វព្រៃដែលជាអំពើច្បាប់ហាមឃាត់។ ទោះយ៉ាងណាក៏ដោយការដាក់អន្ទាក់ និងការបរបាញ់សត្វព្រៃខុសច្បាប់ នៅតែជាកត្តាគំរាមកំហែងដ៏ចំបងចំពោះការរស់រានរបស់សត្វព្រៃ នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់អង្គការWWFស្តីពីស្ថានភាពសត្វព្រៃក្នុងតំបន់អាណ្ណាមដែលមានព្រំប្រទល់ជាប់ខេត្តរតនគិរី។ របាយការណ៍នេះគូសបញ្ជាក់ថា សត្វឈ្លូសយក្សដែលត្រូវបានរកឃើញរស់នៅក្នុងប្រទេសកម្ពុជា ព្រមទាំងសត្វទោចថ្ពាល់លឿងសុទ្ធសឹងតែស្ថិតក្នុងចំណោមប្រភេទសត្វដែលកំពុងរងការគំរាមកំហែងបំផុតក្នុងតំបន់បណ្តាលមកពីវិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃ។ ទន្ទឹមគ្នានេះដែរការសិក្សាជាចង្កោមដោយក្រសួងបរិស្ថាន និងអង្គការ WWFកម្ពុជា បានបង្ហាញថា ក្នុងចន្លោះឆ្នាំ២០១០ ដល់ ឆ្នាំ២០២២ ចំនួនសត្វទន្សោងបានថយចុះ៨៩% ឈ្លូសថយចុះ៦៥% និងជ្រូកព្រៃថយចុះ១៥%។

អន្ទាក់ជាច្រើនបានប្រមូលពីក្នុងព្រៃនៃខេត្តបាត់ដំបង និងប៉ៃលិន ដាក់បង្ហាញជូនអ្នកចូលរួមទស្សនាពិធីបិទយុទ្ធនាការអន្ទាក់សូន្យនៅបាត់ដំបង។

លោក សេង ទៀក នាយកអង្គការ WWF និងជាលេខាធិការដ្ឋាននៃយុទ្ធនាការបានឲ្យដឹងថា ការអនុវត្តយុទ្ធនាការនេះត្រូវបានសារទរពីមជ្ឈដ្ឋានអន្តរជាតិជាច្រើនថាកម្ពុជាជាប្រទេសដំបូងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលបានផ្តួចផ្តើមនិង អនុវត្តយុទ្ធនាការអន្ទាក់សូន្យសម្រាប់ជាដំណោះស្រាយចំពោះវិបត្តិអន្ទាក់ក្នុងតំបន់ការពារធម្មជាតិ។ លទ្ធផលនៃយុទ្ធនាការអន្ទាក់សូន្យបានជះឥទ្ធិពលជាវិជ្ជមានដល់ប្រជាជនគ្រប់ស្រទាប់ក្នុងសង្គមកម្ពុជា ដែលបានរួមចំណែកកាត់បន្ថយចំនួនអន្ទាក់ក្នុងតំបន់ការពារ និងចូលរួមចំណែកផ្លាស់ប្តូរឥរិយាបទរបស់ប្រជាពលរដ្ឋឲ្យស្រឡាញ់សត្វព្រៃនិងធម្មជាតិ ។ លោកបន្តថា ប្រជាជនចាំបាច់ត្រូវបន្តស្មារតីនៃយុទ្ធនាការអន្ទាក់សូន្យនិងការសហការគ្នាដើម្បីជួយដោះស្រាយបញ្ហារួមរបស់យើង។

លោក សេង ទៀក នាយកអង្គការ WWF ក្នុងឱកាសចូលរួមដឹកនាំអ្នកសារព័ត៌មាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត។

តាមរយៈយុទ្ធនាការអន្ទាក់សូន្យ កម្ពុជាមិនត្រឹមបានក្លាយជាប្រទេសគំរូក្នុងតំបន់អាស៊ានសម្រាប់ដោះស្រាយវិបត្តិអន្ទាក់និងការជួញដូរសត្វព្រៃប៉ុណ្ណោះទេ យុទ្ធនាការនេះក៏បានរួមចំណែកយ៉ាងខ្លាំងដល់កិច្ចខិតខំរបស់កម្ពុជាក្នុងការទប់ស្កាត់ហានិភ័យនៃឆ្លងជំងឺពីសត្វទៅមនុស្សផងដែរ។ ជាក់ស្តែង របាយការណ៍នៃការអនុវត្តយុទ្ធនាការបានបង្ហាញថា មានប្រជាជនជាង ៤ពាន់នាក់ បានចូលរួមប្តេជ្ញាចិត្តមិនបរិភោគសាច់សត្វព្រៃ ដែលវាបានជំរុញការផ្លាស់ប្តូរផ្នត់គំនិត និងឥរិយាបថឲ្យបោះបង់ចោលការនិយមសាច់សត្វព្រៃ ខណៈភោជនីយដ្ឋានសរុបចំនួន ១០៣កន្លែង ក្នុងខេត្តគោលដៅទាំង១២ បានប្តេជ្ញាចិត្តមិនលក់មុខម្ហូបពីសាច់សត្វព្រៃក្នុងសេវាអាហារដ្ឋានរបស់ខ្លួន ហើយភោជនីយដ្ឋានទាំងនេះបានទទួលនូវប័ណ្ណសរសើរមេត្រីបរិស្ថានពីក្រសួងបរិស្ថានសម្រាប់ការចូលរួមរបស់ពួកគេក្នុងការទប់ស្កាត់ការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជាផងដែរ។

លោក នេត្រ ភក្ត្រា ជាមួយអភិបាលរងខេត្តបាត់ដំបងចូលរួមក្នុងពិធីបិទយុទ្ធនាការអន្ទាក់សូន្យ។

លោក នេត្រ ភក្ត្រា បានមានប្រសាសន៍ទៀតថា តាមរយៈការអនុវត្តយុទ្ធនាការអន្ទាក់សូន្យភាគីពាក់ព័ន្ធ និងដៃគូទាំងអស់បានផ្តល់ឆន្ទៈធ្វើការរួមគ្នាដោយឈរលើមូលដ្ឋាននៃការស្វែងរកដំណោះស្រាយរួមគ្នាសំដៅសម្រេចបាននូវគោលបំណងរួមតែមួយគឺការឈានទៅលុបបំបាត់អន្ទាក់គ្រប់ប្រភេទក្នុងតំបន់ការពាររបស់កម្ពុជា ។ លោកបញ្ជាក់ថា អ្នកពាក់ព័ន្ធនានាចាំបាច់ត្រូវពង្រីកយុទ្ធនាការនេះទៅកាន់ភូមិសាស្រ្តនៃតំបន់ការពារធម្មជាតិ និងខេត្តផ្សេងៗទៀតក្នុងប្រទេសកម្ពុជា ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង