en     km
en     km

ស្វែងយល់ពីមូលហេតុ និងរោគសញ្ញានៃការហូរឈាមនៅក្នុងស្រោមខួរក្បាល

Share

ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលអាចបណ្តាលមកពី ការហូរឈាមនៅក្នុងស្រោមខួរក្បាលមានប្រហែលពី ៥% ទៅ ១០%។ ការហូរឈាមនៅក្នុងស្រោមខួរក្បាលជាប្រភេទជំងឺធ្ងន់ធ្ងរដែលប៉ះពាល់នៅលើមនុស្សវ័យក្មេង និងមានសុខភាពល្អ ហើយបណ្តាលឱ្យស្លាប់ភ្លាមៗប្រហែលពី ៤០% ទៅ ៦០%។

រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត

ការហូរឈាមនៅក្នុងស្រោមខួរក្បាលនេះផងដែរ គឺតម្រូវឱ្យមានការធ្វើរោគវិនិច្ជ័យ និងព្យាបាលឱ្យបានឆាប់រហ័សពីសំណាក់គ្រូពេទ្យ។

ថ្វីត្បិតបច្ចុប្បន្នមានការរីកចម្រើនផ្នែកវេជ្ជសាស្រ្តក្តី ផលវិបាកនៃការហូរឈាមនៅក្នុងស្រោមខួរក្បាលគឺជាគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរនៃការស្លាប់ និងពិការភាព។ នេះបើយោងតាមការលើកឡើងពីទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត។

 

រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត

តើមូលហេតុនៃការហូរឈាមក្នុងស្រោមខួរក្បាលមានអ្វីខ្លះ?

តាមមន្ទីរពេទ្យកាល់ម៉ែតដដែលបានបង្ហាញថា មូលហេតុនៃការហូរឈាមក្នុងស្រោមខួរក្បាលរួមមាន ៨០% បណ្តាលមកពីការដាច់សរសៃឈាមដែលរីកប៉ោងនៅក្នុងខួរក្បាល។ 

រួមទាំងមូលហេតុផ្សេងៗទៀត ដែលអាចបណ្តាលមកពី៖ ការដាច់សរសៃឈាមមិនប្រក្រតីពីកំណើតរវាងសរសៃឈាមវ៉ែន និងអាក់ទែ។ ការប៉ះទង្គិចក្បាលដោយប្រការផ្សេងៗ ដូចជាការដួល គ្រោះថ្នាក់ចរាចរណ៍ ឬគ្រោះថ្នាក់ដោយការកីឡា។ បន្ថែមពីនេះ មូលហេតុផ្សេងទៀតបណ្តាលពីការឡើងសម្ពាធឈាមដោយគំហុកដែលធ្វើឱ្យសរសៃឈាមលេចធ្លាយ ឬផ្ទុះ  និងការព្យាបាលដោយថ្នាំប្រឆាំងកុំឱ្យឈាមកកមានរយៈពេលយូរ(ថ្នាំបញ្ចុះឈាម) ហើយមានការពុលសារជាតិពុលមួយចំនួនផងដែរ។

លើសពីនេះ តាមគេហទំព័រគ្លីនិច Cleveland នៃសហរដ្ធអាមេរិកបានបង្ហាញមូលហេតុនៃការហូរឈាមក្នុងស្រោមខួរក្បាលផងដែរ ក្នុងនោះមានដូចជា មានដុំសាច់ខួរក្បាលបានសង្កត់លើជាលិកាខួរក្បាលដែលបណ្តាលឱ្យហូរឈាម  ជាតិខ្លាញ់ប្រមូលផ្តុំក្នុងសសៃឈាម (atherosclerosis) និងការដាច់សរសៃឈាមក្នុងខួរក្បាលជាដើម។ 

ជាពិសេសមានកាលៈទេសៈមួយចំនួនទៀត ក៏ធ្វើឱ្យដាច់សរសៃឈាមដែលបានប៉ោងផងដែរ ដូចជានៅពេលតប់ប្រមល់ (Stress) នៅពេលប្រឹងធ្វើការ ពេលរំភើបចិត្តខ្លាំង ពេលត្រូវកំដៅថ្ងៃខ្លាំង និងពេលស្រវឹងស្រា។

 

រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត

តទៅនេះ យើងនឹងបង្ហាញនូវរោគសញ្ញានៃការហូរឈាមក្នុងស្រោមខួរក្បាល ដោយយោងតាមការបង្ហាញរបស់មន្ទីរពេទ្យកាល់ម៉ែតដូចតទៅ៖

អ្នកជំងឺ ៨៥% ទៅ ៩៥% មានអាការៈឈឺក្បាលខ្លាំងដោយកើតឡើងភ្លាមៗខុសពីធម្មតា និងឈឺកាន់តែខ្លាំង នៅពេលត្រូវពន្លឺ ឬពេលលឺសំឡេង ហើយការឈឺចាប់នេះមិនបាត់ដោយការលេបថ្នាំបំបាត់ការឈឺចាប់ទេនោះទេ។ បន្ថែមពីឈឺក្បាលខ្លាំង គឺមានចង្កោរ ឬក្អួត រឺមានការប្រកាច់ភ្លាមៗ រួមជាមួយនឹងការបាត់បង់ស្មារតី។

មួយវិញទៀត បន្ទាប់ពីអ្នកជំងឺឈឺក្បាល់ខ្លាំង មានបាត់បង់ស្មារតីមួយភ្លែតរួចនឹងដឹងខ្លួនវិញ តែបើការបាត់បង់ស្មារតីនេះមានរយៈពេលយូរ ជាសញ្ញាមួយដ៏ធ្ងន់ធ្ងរ។ ហើយជួនកាលការសន្លប់នេះ គឺជាសញ្ញាធ្ងន់ធ្ងរចំពោះអ្នកមានហូរឈាមនៅក្នុងស្រោមខួរក្បាល។

ក្រៅពីនេះ អ្នកជំងឺមានអាការៈនិយាយមិនរួច (aphasie) ស្ពឹក ឬស្លាប់មួយចំហៀងខ្លួន (Hémiparésie ou hémiplégie) និងមើលឃើញរូបពីរផងដែរ (diplopie)។

រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត

ដោយឡែកការធ្វើរោគវិនិច្ឆ័យជំងឺនេះ គឺត្រូវពឹងផ្អែកលើ៖ ការសែ្កនខួរក្បាល(Scanner cérébral)

និងការបូមទឹកខួរឆ្អឹងខ្នង (Ponction lombaire) ឬទឹកខួរឆ្អឹងមានឈាមតែមិនកក (Liquide xanthochromique)។

យ៉ាងណាមិញ អ្នកអាចការពារការហូរឈាមក្នុងស្រោមខួរក្បាលបាន ដោយលុបបំបាត់កត្តាបង្កហានិភ័យមួយចំនួនដូចជា ការជក់បារី ការសេពគ្រឿងស្រវឹង ការប្រើប្រាស់ថ្នាំប្រភេទអ័រម៉ូនមួយចំនួន ការប្រើប្រាស់គ្រឿងញៀនជាដើម។ល។

ហើយអ្នកគួរធ្វើការសែ្កនខួរក្បាលដើម្បីរកសរសៃឈាមរីកប៉ោងក្នុងខួរក្បាល ដើម្បីព្យាបាលមុនវាបែក។

ជាចុងបញ្ចប់នៃអត្ថបទនេះ មន្ទីរពេទ្យកាល់ម៉ែតរំលឹកដល់សាធារណជនថា ការហូរឈាមនៅក្នុងស្រោមខួរក្បាលនេះ ជាជំងឺធ្ងន់ធ្ងរដែលតម្រូវឲ្យមានការធ្វើរោគវិនិច្ឆ័យឱ្យបានឆាប់រហ័ស និងធ្វើការព្យាបាលឱ្យបានទាន់ពេល៕

Share

ព័ត៌មានទាក់ទង

Image