ងាកមកព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពឯណ្ណោះវិញ កញ្ញា ទាវ ឧស្សា សូមលើកយកអត្ថបទមួយទាក់ទងនឹងការស្វែងយល់ពីការដើរ ដែលអាចជួយដល់សុខភាពបេះដូងរបស់អ្នក។ ដោយអត្ថបទនេះប្រែសម្រួលពីគេហទំព័រសុខភាព verywell នៃសហរដ្ធអាមេរិក ។ តទៅនេះសូមអញ្ជើញស្តាប់ដូចតទៅ!
តាមគេហទំព័រសុខភាព verywell បានបង្ហាញថា មនុស្សពេញវ័យគួរព្យាយាមធ្វើសកម្មភាពរាងកាយក្នុងកម្រិតមធ្យមយ៉ាងហោចណាស់ ១៥០ នាទីក្នុងមួយសប្តាហ៍ ឬក្នុងមួយថ្ងៃដើរឱ្យបានយ៉ាងហោចណាស់ ២០ នាទី។ នេះបើយោងតាមការណែនាំពីនាយកដ្ឋានសុខភាព និងសេវាពលរដ្ធ ដែលគាំទ្រដោយសមាគមបេះដូងអាមេរិក (AHA) នាពេលថ្មីៗនេះ។
រូបភាពនេះមានប្រភពពីគេហទំព័រសុខភាព verywell នៃសហរដ្ធអាមេរិក
បន្ថែមពីនេះផងដែរ សេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយខែឧសភានេះបានគូសបញ្ជាក់ថា មានមនុស្សជាច្រើនមិនអាចធ្វើលំហាត់ប្រាណ ១៥០ នាទីក្នុងមួយសប្តាហ៍តាមការណែនាំនេះបានទេ។ មួយវិញទៀត ពួកគេប្រហែលជាមិនបានដឹងថាការដើរជាប្រចាំនេះអាចជួយដល់សុខភាពរបស់ពួកគេ។
ទោះបីជាយ៉ាងណាក្តី ការលើកកម្ពស់ឱ្យមានការធ្វើសកម្មភាពរាងកាយគឺពិតជាមានសារៈសំខាន់ ជាពិសេសចំពោះមនុស្សពេញវ័យដែលមិនសូវមានសកម្មភាពរាងកាយ និងមានសុខភាពសរសៃឈាមបេះដូងខ្សោយ។
រូបភាពនេះមានប្រភពពីគេហទំព័របរទេស
តទៅនេះយើងនឹងបង្ហាញពី សារៈសំខាន់នៃការដើរសម្រាប់សុខភាពបេះដូង ដោយយោងតាមការលើកឡើងពីគេហទំព័រសុខភាព verywell ដូចតទៅ៖
យោងតាមអ្នកឯកទេសខាងជំងឺបេះដូងបានពន្យល់ថាការដើរអាចបង្កើនអត្រាបេះដូង ដែលអាចជម្រុញឱ្យមានអុកស៊ីសែន និងសារធាតុចិញ្ចឹមច្រើនទៅសាច់ដុំរបស់អ្នក។ ជាពិសេសធ្វើឱ្យលំហូរឈាមក្នុងរាងកាយបានល្អ បន្ថយសម្ពាធឈាម និងធ្វើឱ្យបេះដូងកាន់តែរឹងមាំ។
បន្ថែមពីនេះ ការដើរអាចជួយរក្សាទម្ងន់រាងកាយបានល្អ ឬអាចជាវិធីសម្រកទម្ងន់ប្រសិនអ្នកលើសទម្ងន់។
មួយវិញទៀត បើយោងតាមវិទ្យាស្ថានជាតិបេះដូង សួត និងឈាម បានបង្ហាញថា ការធ្វើសកម្មភាពរាងកាយបានទៀតទាត់ ដូចជាការដើរនេះ អាចជួយបន្ថយកូលេស្តេរ៉ុលអាក្រក់(LDL) និងបង្កើនកម្រិតកូឡេស្តេរ៉ុលល្អ(HDL) ដែលជាជម្រើសមួយដ៏ល្អសម្រាប់សុខភាពបេះដូង ព្រោះថាប្រសិនអ្នកមានកម្រិតកូលេស្តេរ៉ុលអាក្រក់ខ្ពស់ អាចធ្វើឱ្យស្ទះសរសៃឈាមដែលអាចហានិភ័យជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។
លើសពីនេះទៅទៀតការដើរ ក៏អាចកាត់បន្ថយការរលាកនិងជំងឺរ៉ាំរ៉ៃដូចជាជំងឺទឹកនោមផ្អែម ជំងឺមហារីក និង ជំងឺសរសៃឈាមបេះដូង ហើយថែមទាំងល្អដល់សុខភាពផ្លូវចិត្តទៀតផង។
រូបភាពនេះមានប្រភពពីគេហទំព័របរទេស
ដោយឡែកក្រៅពីការដើរជារៀងរាល់ថ្ងៃ មានសកម្មភាពជាច្រើនទៀតដែលអាចធ្វើឱ្យសុខភាពសរសៃឈាមបេះដូងកាន់តែល្អប្រសើរដូចជា ឡើងជណ្តើរ ធ្វើយូហ្គា រត់ ហែលទឹក ជិះកង់ រាំ លេងបាល់ ការលើកទម្ងង់ ឡើងភ្នំ និងសូម្បីតែការថែសួនជាដើម ក៏អាចជួយដល់បេះដូង ផ្លូវចិត្ត និងរាងកាយរបស់អ្នកផងដែរ។
ដូច្នេះ អ្នកអាចចាប់ផ្តើមដើរ ឬធ្វើសកម្មភាពណាមួយឱ្យបានជាប្រចាំ និងឱ្យក្លាយទម្លាប់ ទោះបីអ្នកមិនធ្លាប់ធ្វើពីមុនក៏ដោយក៏វាមិនយឺតពេលដែរ។
យ៉ាងណាមិញអ្នកជំនាញបានណែនាំផងដែរថា ក្រៅពីការធ្វើសកម្មភាពរាងកាយ និងការធ្វើលំហាត់ប្រាណ មានវិធីសាស្រ្តមួយចំនួនទៀតដែរអ្នកអាចពង្រឹងសុខភាពបេះដូងរបស់អ្នកឱ្យកាន់តែរឹងមាំដូចជា៖
ទទួលទានរបបអាហារមានជីវជាតិ ដែលរួមមានផ្លែឈើ និងបន្លែ ឬប្រូតេអ៊ីនពីអាហារសមុទ្រជាដើម។ កាត់បន្ថយអាហារដែលមានជាតិស្ករខ្ពស់ដូចជាស្ករគ្រាប់និងសូដា និងកំណត់ការទទួលទានអាហារសំបូរអំបិលដូចជាអាហារកក អាហារសម្រន់ និងទំនិញកំប៉ុង។
មួយវិញទៀត អ្នកត្រូវជៀសវាងការជក់បារី ឬឈប់ជក់បារី កំណត់ការទទួលទានគ្រឿងស្រវឹង និងគ្រប់គ្រងកម្រិតស្ត្រេស ជាពិសេសអ្នកត្រូវពិនិត្យសុខភាពជាប្រចាំ៕