en     km
en     km

អ្នកឯកទេសបង្កើតកម្មវិធី«សាលាបោះតង់»ផ្តល់ការយល់ដឹងពីរបៀបបោះតង់មានសុវត្ថិភាពបន្ទាប់ពីផ្ទុះករណីបាត់បង់ជីវិតអ្នកបោះតង់ម្នាក់

Share

ភ្នំពេញ៖ បន្ទាប់ពីមានករណីយុវជនមួយក្រុមមានគ្រោះថ្នាក់ដោយសារការបោះតង់នៅស្រុកទឹកឈូ ខេត្តកំពតរួចមក ក្រុមការងាររបស់ អ្នកឯកទេសរៀបចំដំណើរកំសាន្តមួយមានឈ្មោះថា CAMID EXPLORER បង្កើតកម្មវិធីមួយមានឈ្មោះថា«សាលាបោះតង់»។ គោលបំណងបណ្តាលឱ្យមានកម្មវិធីនេះគឺយល់ដឹងអំពីរការបោះតង់ដែលសុវត្តិភាព។

នៅថ្ងៃទី៣ ខែសីហានេះ លោក ស៊ាង មករា ក្រុមការងារ CAMID EXPLORER ប្រាប់វិទ្យុស្រ្តីថា ការបង្កើតកម្មវិធី«សាលាបោះតង់»នេះឡើង ដោយលោកមើលឃើញថា បច្ចប្បន្នការយល់ដឹងរបស់អ្នកដែលមានចំណង់ចំណូលចិត្តបោះតង់ផ្សងព្រេងនៅតាមតំបន់ទេសចរណ៍មួយចំនួនហាក់នៅមានកម្រិត ពិសេសការយល់ដឹងសុវត្ថិភាព។ ភ្ជាប់ជាមួយកម្មវិធីនេះ ដោយសារថ្មីៗនេះលោកក៏ទទួលបានដំណឹងពីគ្រោះថ្នាក់នៃការបោះតង់របស់យុវជនមួយក្រុមនៅលើភ្នំឳម៉ាល់ ខេត្តកំពត ដែលបណ្តាលឱ្យមានការបាត់បងជីវិត ហេតុនេះហើយទើបលោកបង្កើតចេញជាកម្មវិធីមួយនេះឡើង។

លោក ស៊ាង មករា៖« រឿងថ្មីៗដែលយុវតីគាត់ទៅបោះតង់នៅតំបន់ទឹកជ្រោះគាត់អត់ដឹងថា រដូវផ្យុះភ្លៀងមិចអាកាសធាតុមិច វាកើតចេញពីគ្រោះទឹកជំន់ទឹកភ្លៀងមកចឹងគាត់គេងក្នុងតង់អត់ដឹងរឿងចឹងហាស៎ ចឹងវាកើតជារឿងសោកសៅមួយដែលយើងនឹកស្មានមិនដល់ គ្រាន់តែជាការដើរកំសាន្តសោះប៉ះពាល់ដល់អាយុជីវិតយើងអត់ចង់ឱ្យវាកើតចឹងៗឡើង វាប៉ះពាល់ជាមួយទេសចរណ៍ បោះតង់នេះវាប៉ះពាល់ជាមួយនឹងសហគមន៍ communityតំបន់ របស់ពួកគាត់នឹងបាត់ចំណូលពីវិស័យហ្នឹងមួយទៀតបាទ»

បន្ថែមពីនេះ លោកក៏រំលេចច្បាស់ទាក់ទងនឹងគោលបំណងចម្បងនៃកម្មវិធី«សាលាបោះតង់»នេះផងដែរ។ លោកថាកម្មវិធីនេះធ្វើឡើង បំណងពង្រឹងការយល់ដឹង និងរបៀបនៃការបោះតង់ឱ្យមានសុវត្ថិភាព និងចៀសវាងគ្រោះថ្នាក់ផ្សេងៗទៅដល់អ្នកដែលមានចំណង់ចំណូលចិត្តជាមួយនឹងការបោះតង់។

យ៉ាងណាមិញលោក ស៊ាង មករា ឱ្យដឹងថាកម្មវិធី«សាលាបោះតង់»បានធ្វើឡើងមួយដងរួចហើយដែលជាការសាកល្បង។ ក្នុងនោះលោកសម្គាល់ឃើញថា មានយុវជនជាច្រើនចាប់អារម្មណ៍ ដោយពួកគេចូលរួមគ្រប់ចំនួនដែលកម្មវិធីកំណត់គឺមានចំនួន២០នាក់។ ការសាកល្បងលើកទីមួយធ្វើឡើងនៅ ភូមិទឹកស្រែ ស្ថិតនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ 

ក្រុមយុវជនចូលរួមកម្មវិធី«សាលាបោះតង់» រូបភាព៖ ទំព័រហ្វេសប៊ុក CAMID EXPLORER 

ជាផែនការបន្ទាប់ លោក ស៊ាង មករា គ្រោងអភិវឌ្ឍន៍កម្មវិធី«សាលាបោះតង់» នេះមានលក្ខណៈទូលំទូលាយ ដោយបង្កើតចេញសកម្មភាពបោះតង់ជាក្រុមតូចៗ ហើយមានអ្នកជំនាញបង្រៀនជាវគ្គបន្តបន្ទាប់នៃចំណេះដឹងនៃការបោះតង់ទៅកាន់សមាជិកដែលចូលរួមក្នុងក្រុមតូចៗទាំងនោះ៕

រូបភាព៖ ទំព័រហ្វេសប៊ុក CAMID EXPLORER 

Share

ព័ត៌មានទាក់ទង

Image