en     km
en     km

អ្នកព័ត៌មានរុស្ស៊ីម្នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ២២ឆ្នាំ

Share

មូស្គូ៖ តុលាការកំពូលរបស់រុស្ស៊ី នៅថ្ងៃពុធទី២ ខែសីហា បានសម្រេចតម្កល់សាលដីការរបស់សាលាឧទ្ធរណ៍ ដែលបានកាត់ទោសអ្នកកាសែតដ៏លេចធ្លោម្នាក់ឈ្មោះ Ivan Safronov ឱ្យជាប់ពន្ធនាគាររយៈពេល២២ឆ្នាំពីបទក្បត់ជាតិ។រាយការណ៍ដោយ កញ្ញា គុជ ស៊ីកុល

លោក Ivan Safronov អាយុ ៣៣ឆ្នាំត្រូវបានកាត់ទោសកាលពីឆ្នាំមុនពីបទផ្តល់ព័ត៌មានយោធារុស្ស៊ីដល់ចារកម្មរបស់ប្រទេសឆែក និងអ្នកវិទ្យាសាស្ត្រនយោបាយម្នាក់សញ្ជាតិរុស្ស៊ី-អាល្លឺម៉ង់ ដោយចោទប្រកាន់ពីបទក្បត់ជាតិ។

 

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបាននិយាយថា សវនាការលើបណ្តឹងឧទ្ធរណ៍ត្រូវបានធ្វើឡើងជាលក្ខណៈឯកជន ដោយគ្រាន់តែអញ្ជើញអ្នកសារព័ត៌ជាជនជាប់ចោទឱ្យស្តាប់ការសម្រេចរបស់តុលាការតែប៉ុណ្ណោះ ដោយតម្កល់សាលដីការសាលាឧទ្ធរណ៍ទុកជាបានការ។ការកាត់ទោសអ្នកសារព័ត៌មាននេះទទួលរងការរិះគន់ពីក្រុមសិទ្ធិមនុស្ស ដោយលើកឡើងថាការផ្សព្វ​ផ្សាយ​របស់អ្នកសារព័ត៌មានបានធ្វើឱ្យកងទ័ពរុស្ស៊ីរងការអាម៉ាស់។

 

សូមបញ្ជាក់ថាលោក Ivan Safronov ធ្វើការជាអ្នកឆ្លើយឆ្លងព័ត៌មានពិសេសឱ្យកាសែត Kommersant របស់រុស្ស៊ី។លោកបានសរសេរព័ត៌មានអំពីកិច្ចសន្យាការពារជាតិរុស្ស៊ី និងការចែកចាយសព្វាវុធ។ប្អូនស្រីរបស់អ្នកកាសែតរូបនេះគឺអ្នកស្រី Irina Kovyazina បាននិយាយថា “យើងត្រូវតែមានសង្ឃឹម ទោះបីជាយើងដឹងយ៉ាងច្បាស់ថាតុលាការនឹងរក្សាសាលដីការសាលាឧទ្ធរណ៍នៅដដែលក៏ដោយ”។

 

ទាក់ទងនឹងបញ្ហានេះមេធាវីរបស់លោក Ivan Safronov បានប្រាប់ AFP ថាគាត់សង្ឃឹមថាកូនក្ដីរបស់លោកនឹងត្រូវបានកាត់បន្ថយទោស។លោក​បាន​ថ្លែង​ថា​៖ «​យើង​រំពឹងថានឹងមាន​លទ្ធផល​ខុស​គ្នា​បន្តិច​បន្តួច​នៅ​ថ្ងៃ​នេះ​។

ចាប់តាំងពីមានជម្លោះជាមួយអ៊ុយក្រែនក្នុងឆ្នាំ២០២២ ទីក្រុងម៉ូស្គូបានបង្កើនការរិតត្បិតនិងលុបបំបាត់អ្នកសារព័ត៌មានឯករាជ្យ។អ្នកកាសែតរាប់សិបនាក់បានចាកចេញពីប្រទេសរុស្សី។លោកSafronov ត្រូវបានគេចាត់ទុកថាជាអ្នកសារព័ត៌មានជំនាញខាងយោធារុស្ស៊ី៕

ប្រភព៖ C N A ថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០២៣

Share

ព័ត៌មានទាក់ទង

Image