en     km
en     km

រដ្ឋអូក្លាហូម៉ានៃសហរដ្ឋអាមេរិកបានកំណត់ព្រំដែនសិទ្ធិសេរីភាពរបស់អ្នកកែភេទ

Share

អាជ្ញាធរនៅក្នុងរដ្ឋអូក្លាហូម៉ានៃសហរដ្ឋអាមេរិកបានរាយការណ៍ថា អភិបាលរដ្ឋអូក្លាហូម៉ាបានណែនាំទីភ្នាក់ងាររដ្ឋមួយចំនួនដូចជាតាមគ្រឹះស្ថានអប់រំ កន្លែងផ្តល់សេវាសាធារណៈនានា ត្រូវកំណត់ព្រំដែនច្បាស់លាស់នូវសិទ្ធិប្រើប្រាស់រវាងស្រ្តី បុរស និងអ្នកកែភេទ បន្ទាប់ពីមានជនខូចខិលកេងចំណេញលើសិទ្ធិយេនឌ័រ។
(កញ្ញា កែវ សុជាតា រាយការណ៍)

នៅថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣ អភិបាលរដ្ឋអូក្លាហូម៉ានៃសហរដ្ឋអាមេរិក លោក Kevin Stitt បានណែនាំទីភ្នាក់ងាររដ្ឋឱ្យប្រើពាក្យ «ស្ត្រី» និង «បុរស» ឱ្យបានត្រឹមត្រូវជៀសវាងជនខូចខិលកេងចំណេញលើសិទ្ធិយេនឌ័រនៅក្នុងប្រទេស។ លោកអភិបាលរដ្ឋអូក្លាហូម៉ាបាននិយាយថា ច្បាប់ស្តីពីសិទ្ធិរបស់អ្នកកែភេទនៅក្នុងរដ្ឋក៏មានរួចជាស្រេចហើយ ដែលប្រើប្រាស់ដើម្បីកំណត់ព្រំដែននៃសេរីភាពរបស់ពួកគេ។ នៅក្នុងនោះ ច្បាប់ទាំងនេះផ្តោតលើការប្រើប្រាស់បន្ទប់ទឹក ការថែទាំសុខភាព និងកីឡាសម្រាប់អ្នកកែភេទ។ តួយ៉ាង បុរសកែភេទជាស្រីមួយចំនួនមិនបានកែអវៈយវៈបន្តពូជនោះទេ ប្រការនេះមានការចោទសួរថា តើត្រូវប្រើបន្ទប់ទឹករបស់ស្រ្តី ឬបន្ទាប់ទឹករបស់បុរស។


បើតាមសារព័ត៌មាន AP បានឱ្យដឹងថា លោក Stitt បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ រួមជាមួយនឹងសកម្មជនជាស្ត្រីមកពីក្រុមប្រឆាំងនឹងសិទ្ធិរបស់អ្នកកែភេទ និងវត្តមានអតីតអ្នកប្រកួតហែលទឹកជាមួយអត្តពលិកកែភេទ Lia Thomas ពោលគឺអ្នកស្រី Riley Gaines ផងដែរ។ លោក Stitt និយាយថា យើងកំពុងប្រកាន់ជំហរប្រឆាំងនឹងមនោគមវិជ្ជាយេនឌ័រ ដែលមិនមានបទដ្ឋាន និងសណ្តាប់ធ្នាប់ត្រឹមត្រូវ ដែលបញ្ហានេះបាននិងកំពុងបំផ្លាញមូលដ្ឋានគ្រឹះនៃសង្គម។
ក្រៅពីភ្នាក់ងាររដ្ឋ និងក្រុមប្រឹក្សាបានកំណត់និយមន័យនៃពាក្យ «ស្ត្រី» និង «បុរស» ឱ្យសមស្របនឹងភេទរបស់មនុស្សដែលមានពីកំណើត បទបញ្ជាប្រតិបត្តិក៏រួមបញ្ចូលទាំងការកំណត់ពាក្យ «បុរស» «ក្មេងប្រុស» «ស្ត្រី» «ក្មេងស្រី» «ឪពុក» និង «ម្តាយ» ផងដែរ។
លើសពីនេះ ច្បាប់នេះក៏ណែនាំដល់ស្ថាប័នអប់រំដូចជាសាលារៀន និងទីភ្នាក់ងាររដ្ឋផ្សេងទៀតឱ្យប្រើប្រាស់និយមន័យទាំងនេះនៅក្នុងពេលប្រមូលស្ថិតិសំខាន់ៗ និងណែនាំបន្ថែមឱ្យសាលារៀនផ្តល់បន្ទប់សម្រាក និងបន្ទប់ទឹកសម្រាប់ក្មេងប្រុស និងក្មេងស្រីរៀងៗខ្លួន។
ជាការកត់សម្គាល់ អ្នកគាំទ្រច្បាប់នេះបានហៅវាថា ជាច្បាប់សម្រាប់សិទ្ធិស្ត្រី និងជាការកំណត់ព្រំដែននៃសិទ្ធិរបស់អ្នកកែភេទចុងក្រោយគេនៅក្នុងរដ្ឋអូក្លាហូម៉ានៃសហរដ្ឋអាមេរិក។ យ៉ាងណាមិញ នាយកប្រតិបត្តិនៃអង្គការ Freedom Oklahoma អ្នកស្រី Nicole ដែលគាំទ្រសិទ្ធិអ្នកកែភេទបាននិយាយថា បទបញ្ជាប្រតិបត្តិនេះមិននិយាយអំពីសិទ្ធិ ហើយក៏មិនមែនជាការការពារស្ត្រីនោះដែរ។ នាងបានអះអាងថា ច្បាប់នេះដាក់ចេញ ដើម្បីឱ្យមានការឱ្យវាយប្រហារតវ៉ានឹងគ្នា ជាពិសេសបានបង្ហាញពីការរើសអើងប្រឆាំងនឹងស្ត្រីកែភេទ។
ដោយឡែក មេដឹកនាំគណបក្សប្រជាធិបតេយ្យរបស់សភាលោកស្រី Cyndi Munson បានចោទប្រកាន់ថា អភិបាលរដ្ឋបានប្រើប្រាស់បក្សពួកនិយម និងដើម្បីនយោបាយ ក្នុងការបំបែករដ្ឋ Oklahomas បន្ថែមទៀត។ ចំណែក លោក Munson បានថា មហាអំណាចនៃគណបក្សសាធារណរដ្ឋបន្តរំលោភលើសិទ្ធិពលរដ្ឋ៕

ប្រភព៖ AP ចុះថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image