en     km
en     km

តុលាការមីយ៉ាន់ម៉ាសម្រេចបន្ថយទោសលោកស្រី អ៊ុងសាន ស៊ូជី

Share

 

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ាបានរាយការណ៍នៅថ្ងៃអង្គារ ទី១ ខែសីហានេះថា អតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានតុលាការសម្រេចលើកលែងទោសបទល្មើសចំនួន ៥ ករណី ក្នុងចំណោមបទល្មើសចំនួន ១៩ ករណី ដែលធ្លាប់បានកាត់ទោសឱ្យជាប់ពន្ធនាគារសរុបចំនួន ៣៣ ឆ្នាំ។

(កញ្ញា កែវ សុជាតា រាយការណ៍)

បើយោងតាមសារព័ត៌មាន Chanel New Asia បានឱ្យដឹងថា ប្រធានក្រុមប្រឹក្សារដ្ឋបាលរបស់មីយ៉ាន់ម៉ាបានសម្រេចលើកលែងទោសលោកស្រី អ៊ុងសាន ស៊ូជី  ចំនួន ៥ បទល្មើសភ្លាមៗ នៅថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣នេះ។

ទន្ទឹមគ្នានេះ អ្នកនាំពាក្យរបបយោធា លោក Zaw Min Tun បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Eleven Media Group ថាការលើកលែងទោសនេះចង់សំដៅដល់ការកាត់បន្ថយរយៈពេលជាប់ពន្ធនាគាររបស់លោកស្រី​។ លោក Tun បានបញ្ជាក់បន្ថែមថា ការជាប់ពន្ធនាគាររបស់លោកស្រីនឹងត្រូវកាត់បន្ថយរយៈពេល៦ឆ្នាំខណៈតុលាការធ្លាប់បានកាត់ទោសឱ្យលោកស្រីជាប់ពន្ធនាគាររយៈពេល ៣៣ ឆ្នាំ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Tun បានគូសបញ្ជាក់ថា យោធាមីយ៉ាន់ម៉ាមិនបានដោះលែងលោកស្រីទាំងស្រុងនោះទេ បើទោះបីជាទោសខ្លះត្រូវបានលើកលែងក៏ដោយ។ លោកអះអាងថា លោកស្រីនៅតែត្រូវប្រឈមមុខនឹងទោសទណ្ឌចំនួន១៤ ករណីផ្សេងទៀតដដែល។ នៅក្នុងនោះដែរវិទ្យុ និងទូរទស្សន៍មីយ៉ាន់​ម៉ាមួយចំនួនបានរាយការណ៍ថា លោកស្រីនៅតែស្ថិតក្នុងការឃុំខ្លួននៅឡើយ ពោលគឺលោកស្រី​​មិនទាន់​រួចខ្លួន​ពី​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​នោះទេ​។

ដោយឡែក កាលពីសប្តាហ៍មុន លោកស្រី អ៊ុងសាន ស៊ូជី បានផ្លាស់ប្តូរពីការជាប់ឃុំឃាំងក្នុងពន្ធនាគារទៅការឃុំខ្លួនក្នុងផ្ទះនៅក្នុងរដ្ឋធានី Naypyitaw ជំនួសវិញ។ លោកស្រីត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣៣ ឆ្នាំពីបទចោទប្រកាន់ ១៩ ករណី រួមទាំងអំពើពុករលួយ ការកាន់កាប់ឧបករណ៍ខុសច្បាប់ និងការហាមឃាត់ការរឹតបន្តឹងនៃជំងឺរាតត្បាតកូវីដ១៩។

ជាការកត់សម្គាល់ ក្រុមប្រឹក្សារដ្ឋបាលរបស់យោធាមីយ៉ាន់ម៉ាក៏បានលើកលែងទោសអតីតប្រធានាធិបតីមីយ៉ាន់ម៉ា លោក Win Myint ដែលត្រូវបានចាប់ខ្លួនក្នុងពេលតែមួយជាមួយលោកស្រី អ៊ុងសាន ស៊ូជី បន្ទាប់ពីយោធាធ្វើរដ្ឋប្រហារក្នុងឆ្នាំ២០២១។

គួរបញ្ជាក់ដែរថា ការ​លើក​លែង​ទោស​នេះ គឺ​ជា​​ការ​លើក​លែង​ទោស​ទណ្ឌិត​ជាង ៧ ​ពាន់​នាក់ដែលកំពុងជាប់ពន្ធនាគារនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ។ ជានិច្ចកាល ប្រទេសមីយ៉ាន់ម៉ា​តែងតែ​​លើក​លែង​ទោសទណ្ឌ​ដល់​អ្នក​ទោស​រាប់​ពាន់​នាក់​ដើម្បី​រំលឹក​ដល់​ថ្ងៃ​បុណ្យ ឬ​ថ្ងៃ​ពិសេស​របស់​ពុទ្ធសាសនិក។

សូមរំលឹកថា លោកស្រី អ៊ុងសាន ស៊ូជី មានអាយុ ៧៨ ឆ្នាំ និងជាកូនស្រីរបស់វីរៈជនមីយ៉ាន់ម៉ា ដែលបានទាមទារឯករាជ្យជូនមាតុប្រទេស។ ក្នុងឆ្នាំ១៩៩១ លោកស្រីបានឈ្នះរង្វាន់ណូបែលសន្តិភាពសម្រាប់ការធ្វើយុទ្ធនាការដើម្បីលទ្ធិប្រជាធិបតេយ្យ។ លោកស្រីបានឈ្នះការបោះឆ្នោតក្នុងឆ្នាំ២០១៥ ដែលជាផ្នែកមួយនៃកំណែទម្រង់យោធាបណ្តោះអាសន្ន ហើយគណបក្សរបស់លោកស្រីក៏បានទទួលជ័យជំនះសារជាថ្មីនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០។

យ៉ាងណាមិញ រដ្ឋាភិបាលជាច្រើន ជាពិសេសនៅលោកខាងលិច បានអំពាវនាវឱ្យមានការដោះលែងលោកស្រី អ៊ុងសាន ស៊ូជី ដោយគ្មានលក្ខខណ្ឌ។ ក្រៅពីនេះ ប្រជាពលរដ្ឋរាប់ពាន់នាក់ផ្សេងទៀត ត្រូវបានឃុំខ្លួន និងត្រូវបាត់បង់ជីវិត បន្ទាប់ពីពួកគេបានប្រឆាំងតវ៉ានឹងរបបយោធា ខណៈគាំទ្រលទ្ធិប្រជាធិបតេយ្យ៕

ប្រភព៖ CNA ចុះថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image