en     km
en     km

របប​យោធា​មី​យ៉ាន់​ម៉ាបន្ត​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន៦ខែបន្ថែមទៀត

Share

ក្រុងយ៉ាំងហ្គោនៈ កាលពីថ្ងៃចន្ទទី៣១ ខែកក្កដា ឆ្នាំ២០២៣ របបយោធាមីយ៉ាន់ម៉ាបានបន្តដាក់ប្រទេសក្នុងភាពអាសន្នរយៈពេលប្រាំមួយខែបន្ថែមទៀត ដែលនាំឱ្យមានការពន្យារការបោះឆ្នោតដែលពួកគេបានសន្យាថានឹងរៀបចំឱ្យមានការបោះឆ្នោតឡើងវិញក្រោយការធ្វើរដ្ឋប្រហារ។

ចាប់តាំងពីរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោកស្រី អ៊ុងសាន ស៊ូជី កាលពីជាង២ឆ្នាំមុន ប្រទេសមីយ៉ាន់ម៉ាត្រូវបានបំផ្លិចបំផ្លាញដោយអំពើហឹង្សាយ៉ាងធ្ងន់ធ្ងរ និងមានការបង្ក្រាបយ៉ាងបង្ហូរឈាមលើក្រុមប្រឆាំង។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា ប្រមុខរដ្ឋាភិបាលលោក Min Aung Hlaing បានទទួលស្គាល់ថាយោធាមិនបាន “គ្រប់គ្រងទាំងស្រុង” គឺមានច្រើនជាងមួយភាគបីនៃទីប្រជុំជនរបស់ប្រទេសមីយ៉ាន់ម៉ា។ក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ(NDSC) បានសម្រេចពន្យារពេលដាក់ប្រទេសក្នុងគ្រាអាសន្ន ដែលបានប្រកាសតាំងពីការផ្តួលរំលំរដ្ឋាភិបាលរបស់លោកស្រី អ៊ុងសាន ស៊ូជី។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានដកស្រង់សម្តីប្រធានាធិបតីស្តីទីលោក Myint Swe ថា “ស្ថានភាពនៃភាពអាសន្ននឹងត្រូវបន្តរយៈពេលប្រាំមួយខែទៀតចាប់ពីថ្ងៃទី១ ខែសីហាតទៅ”។របបយោធាបាននិយាយថា រដ្ឋធម្មនុញ្ញ ឆ្នាំ២០០៨ នៅតែស្ថិតនៅជាធរមាន ដែលតម្រូវឱ្យអាជ្ញាធរភូមាត្រូវរៀបចំការបោះឆ្នោតជាថ្មីក្នុងរយៈពេលប្រាំមួយខែបន្ទាប់ពីស្ថានភាពអាសន្នត្រូវបានបញ្ចប់។របប​យោធា​​ធ្លាប់​បាន​សន្យា​បោះឆ្នោតជា​ថ្មី​នៅ​ខែ​សីហា​ឆ្នាំ​នេះ។

លោក Min Aung Hlaing បាននិយាយថា ការប្រយុទ្ធគ្នានៅតែបន្តនៅក្នុងតំបន់ Sagaing, Magway, Bago និង Tanintharyi ក៏ដូចជារដ្ឋ Karen, Kayah និង Chin ។លោក​បាន​បន្ថែម​ថា​៖ «យើង​ត្រូវ​ការ​ពេល​វេលា​ដើម្បី​បន្ត​កាតព្វកិច្ច​របស់​យើង​សម្រាប់​ការ​រៀបចំ​ជា​ប្រព័ន្ធ ព្រោះ​យើង​មិន​គួរ​រៀបចំ​ការ​បោះ​ឆ្នោត​​ដោយ​ប្រញាប់ប្រញាល់ពេក​នោះ​ទេ»។

សូមរំឭកផងដែរថា កងទ័ពបានគ្រប់គ្រងប្រទេសមីយ៉ាន់ម៉ាអស់ជាច្រើនទសវត្សរ៍បន្ទាប់ពីប្រទេសនេះទទួល​បានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៤៨។ពួកយោធាបានគ្រប់គ្រងសេដ្ឋកិច្ច និងនយោបាយរបស់ប្រទេសភូមា តាំងតែពីមុនពេលរដ្ឋប្រហារមកម្លេះ។

លោក Phil Robertson អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី បានប្រាប់ AFP ថា “សុបិន្តអាក្រក់សម្រាប់ប្រជាជនមីយ៉ាន់ម៉ាគឺមិនចេះចប់”។លោក​បាន​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ​ធ្វើការ​បន្ថែម​ទៀតលើបញ្ហាភូមា។លោកបន្ថែមថា«របបយោធា​បាន​ត្រៀម​ខ្លួន​ដើម្បី​ប្រយុទ្ធ​ដល់​ដង្ហើមចុង​ក្រោយ​ដើម្បី​កាន់​អំណាច​ដោយ​មិន​គិត​ថា​ត្រូវ​បង្ហូរ​ឈាម​និង​ពលរដ្ឋ​រងទុក្ខ​យ៉ាងណា​នោះ​ទេ»។

បើយោងតាមក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សក្នុងតំបន់បានបង្ហាញថាការបង្រ្កាបរបស់យោធាភូមាលើបក្រុមអ្នកប្រឆាំងបានសម្លាប់មនុស្សជាង៣.៨០០នាក់ និងចាប់ខ្លួនជាង ២៤.០០០នាក់។ទោះយ៉ាងណារបប​​យោធានិយាយថា មានជនស៊ីវិលជាង ៥.០០០នាក់ត្រូវបានសម្លាប់ដោយពួក “ភេរវករ” ចាប់តាំងពីពួកវាបានដណ្តើមអំណាច៕

ប្រភព៖ C N A ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៣

Share

ព័ត៌មានទាក់ទង

Image