ពលរដ្ឋមានជម្លោះដីធ្លីនៅក្បែរតំបន់បឹងតាមោក ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅម្នាក់ គឺអ្នកស្រី អ៊ំ ភឿន ដែលត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ កោះហៅឱ្យចូលខ្លួនបំភ្លឺ បានសម្រេចដាក់ពាក្យស្នើសុំពន្យាពេលចូលឆ្លើយបំភ្លឺ។ ការស្នើសុំពន្យាពេលនេះ ដោយអះអាងថាតុលាការឱ្យដីកាកោះ កៀកនឹងថ្ងៃចូលបំភ្លឺ ធ្វើឱ្យអ្នកស្រីមិនអាចរកមេធាវីបានភ្លាមៗ។ លោក គីម ចាន់ចាវ រាយការណ៍
តាមដីការកោះរបស់តុលាការ ដែលចុះថ្ងៃទី១០ ខែកក្កដា អ្នកស្រី អ៊ំ ភឿន ត្រូវចូលខ្លួនបំភ្លឺ នៅរសៀលថ្ងៃទី២៧ ខែកក្កដា។ ក៏ប៉ុន្តែការស្នើសុំពន្យាពេលឆ្លើយបំភ្លឺនៅតុលាការនៅលើកនេះ ដោយហេតុផលថា អ្នកស្រី អ៊ំ ភឿន មិនមានមេធាវី ដើម្បីជួយការពារក្ដីក្នុងពេលបំភ្លឺនេះនៅឡើយ។ អ្នកស្រី ប្រាក់ សុភា តំណាងពលរដ្ឋនៅបឹងតាមោក ដែលបានចូលរួមដាក់ពាក្យពន្យាពេលនេះ បានប្រាប់វិទ្យុស្ត្រីនៅថ្ងៃសុក្រទី២៨ កក្កដា ឆ្នាំ២០២៣ ក្រោយការស្នើសុំពន្យាពេលចូលបំភ្លឺនេះថា រឿងឱ្យដីកាកោះដូចជាមិនប្រក្រតីនៅពីក្រោយវាជាការធ្វើបាបនឹងដាក់សំពាធដល់សហគមន៍រងគ្រោះរបស់អ្នកស្រី ដោយដីការត្រូវបានតុលាការផ្ដល់ឱ្យត្រឹមតែមួយថ្ងៃមុនថ្ងៃចូលបំភ្លឺ។
ស្ត្រីតំណាងពលរដ្ឋនៅបឹងតាមោក បន្តថា ដោយសារតែព្រួយបារម្ភ ពីការការពារផ្នែកផ្លូវច្បាប់ ក្រុមប្រជាសហគមន៍កំពុងរ៉ៃប្រាក់គ្នាតាមលទ្ធភាពដើម្បីពឹងពាក់មេធាវីឯកជនឱ្យជួយការពារក្ដីជូនអ្នកស្រី អ៊ំ ភឿន។
«ចឹងសហគមន៍កំពុងតែរ៉ៃគ្នាដើម្បីយកមេធាវីឯកជន ហើយណាមួយទៀតចង់និយាយថា រឿងដីកាហ្នឹង ដូចជាមានចេតនាចង់ធ្វើបាបប្រជាសហគមន៍យើង ហើយយើងចង់ថាយើងរស់នៅ២០-៣០ឆ្នាំហើយមិនមានជនណាអះអាងថាជាដីឯកជនបែរជាមកដល់ថ្ងៃនេះ មានជនទាំង៣នាក់នេះអះអាងថាជាដីរបស់ពួកគាត់ ហើយបានប្រើហិង្សា ចឹងយើងសូមបញ្ជាក់ថាយើងបដិសេធរាល់ការណ៍ដែលយើងប្រើហិង្សាទៅលើបុគ្គលណា។ និយាយទៅប៉ះទង្គិចគ្នាប៉ះទង្គិចតែជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌទេ ហើយពួកគាត់ព្យាយាមមកកាប់បំផ្ញាញរបស់យើងៗគ្រាន់តែការពារទ្រព្យសម្បត្តិរបស់យើងទេ អត់បានទៅវ៉ៃប្រើហិង្សាទៅលើពួកគាត់ ហើយអ្នកដែលរងរបួសគឺប្រជាពលរដ្ឋទេដែលរងរបួស»។
អ្នកស្រី ប្រាក់ សុភា ស្ត្រីតំណាងពលរដ្ឋនៅបឹងតាមោក
អ្នកស្រី អ៊ំ ភឿន ជាសមាជិកក្នុងចំណោមប្រជាពលរដ្ឋ៧៧ខ្នងផ្ទះ ដែលមិនទាន់យល់ព្រមទទួលសំណងដែលផ្ដល់ឱ្យជាថ្នូរឱ្យពួកគាត់ចាកចេញពីតំបន់ដែលគាត់កំពុងរស់នៅ។ អ្នកស្រី អ៊ំ ភឿន បានព្យាយាមទាក់ទងរកមេធាវីដើម្បីការពារក្ដីក្នុងករណីនេះ។ ទោះយ៉ាងណា ទាំងអ្នកស្រីអ៊ំ ភឿន និងប្រជាសហគមន៍មិនបានដឹងទេថា ដីកាកោះនេះ ឱ្យបំភ្លឺពាក់ព័ន្ធរឿងរ៉ាវអ្វីឱ្យប្រាកដឡើយ។ ក៏ប៉ុន្តែក្នុងដីកាកោះនេះ បានបញ្ជាក់ថា ឱ្យចូលបំភ្លឺ ពីដំណើររឿងដែលឈ្មោះ ងួន ម៉ុង តំណាងឱ្យ ឈ្មោះ ថៃ អ៊ុយ និងឈ្មោះ តាំង គីម ប្ដឹងពីបទ៖ រំលោភកាន់កាប់អចនវត្ថុដោយចេតនា និងប្រើប្រាស់អំពើហិង្សាលើអ្នកកាន់កាប់អចនវត្ថុដោយសុចរិត។
អ្នកស្រី អ៊ំ ភឿន មានអាយុ៥៣ឆ្នាំ អះអាងថា អ្នកស្រីមិនដែលប្រើអំពើហិង្សាជាមួយបុគ្គលឯកជនណាឡើយ ប៉ុន្តែអ្នកស្រីធ្លាប់តវ៉ាជាមួយអាជ្ញាធរជុំវិញវិវាទដីធ្លីដែលអ្នកស្រីកំពុងអាស្រ័យផល។
«ខ្ញុំមានការព្រួយបារម្ភខ្លាំង ហើយណាវាហួសចិត្តតែហ្មង វាប្ដឹងហើយប្តឹងទៀតតែរឿងដីម៉ាបង្វិចហ្នឹង»។
អ្នកស្រី អ៊ំ ភឿន ប្រជាពលរដ្ឋបឹងតាមោក
ប្រជាពលរដ្ឋមានជម្លោះដីធ្លីនៅក្បែរតំបន់បឹងតាមោក ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅប្រមាណ១៥០នាក់ កាលពីថ្ងៃទី០៩ ឧសភា បានប្រមូលផ្ដុំតវ៉ាមិនឱ្យអាជ្ញាធរខណ្ឌព្រែកព្នៅរុះរើស្ពានឫស្សីប្រវែង ៨០ម៉ែត្រ ដែលពួកគេ សាងសង់សម្រាប់ឆ្លងទៅក្នុងបឹងដើម្បីបេះត្រកួន រាវខ្យង និងរកត្រី។
អាជ្ញាធរប្រមាណ ៤០នាក់បានយករណាយន្តកាត់រុះរើស្ពានឫស្សី ហើយករណីនេះធ្វើឱ្យមានការតវ៉ា និងការហាមឃាត់ រហូតឈានដល់មានករណីរុញច្រានធ្វើឱ្យស្រ្តីប្រមាណ១០នាក់រងរបួស។ ក្រៅពីការប៉ះទង្គិចពាក្យសម្ដី និងការរុញច្រានជាមួយក្រុមស្ត្រី ក្រុមអាជ្ញាធរបានចោទប្រកាន់ពួកគេថារំលោភយកដីរដ្ឋដើម្បីសាងសង់ស្ពាន ប៉ុន្តែផ្ទុយពីនេះ ពលរដ្ឋអះអាងថាពួកគាត់សាងសង់នៅលើដីរបស់ពួកគេ។
នេះគឺជាការណ៍ដែលអ្នកស្រីអ៊ំ ភឿន ស្នើសុំពន្យាពេលជាលើកទី២ហើយ ដោយលើកទី១ ត្រូវចូលបំភ្លឺនៅតុលាការនៅថ្ងៃទី០៣ ខែកក្កដា ប៉ុន្តែអ្នកស្រីអះអាងដូចលើកនេះដែរ ក្រោយហេតុផលថា តុលាការ បានឱ្យដីការកោះហៅនេះភ្លាមៗ ត្រឹមមួយថ្ងៃ មិនទុកពេលឱ្យពួកគាត់បានត្រៀមខ្លួន៕