en     km
en     km

សិង្ហបុរី​ប្រហារជីវិត​ស្ត្រី​ម្នាក់ពីបទជួញដូរគ្រឿងញៀន

Share

អាជ្ញាធរសិង្ហបុរីបានរាយការណ៍ឱ្យដឹងថា តុលាការសិង្ហបុរីបានសម្រេចកាត់ទោសប្រហារជីវិតស្រ្តីម្នាក់នៅថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រោមបទចោទថាបានជួញដូរគ្រឿងញៀនខុសច្បាប់ កាលពីឆ្នាំ២០១៨។

(កញ្ញា កែវ សុជាតា រាយការណ៍)

 

តាមសារព័ត៌មាន BBC បានឱ្យដឹងថា ជនជាប់ចោទមានឈ្មោះថា Saridewi Djamani ជាស្រ្តីស្ថិតក្នុងវ័យ ៤៥ឆ្នាំ និងជាជនជាតិសិង្ហបុរីផងនោះ ត្រូវបានអាជ្ញាធរបង្រ្កាប និងចាប់ខ្លួនពីបទជួញដូរហេរ៉ូអ៊ីន ៣0 ក្រាម នៅឆ្នាំ២០១៨។ ការិយាល័យគ្រឿងញៀន (CNB) របស់ប្រទេសសិង្ហបុរីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តុលាការសម្រេចកាត់ទោសប្រហារជីវិតអ្នកស្រី Saridewi កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ ក្រោមច្បាប់គតិយុត្តរបស់សិង្ហបុរី។

ជាការកត់សម្គាល់ តុលាការកំពូលរបស់សិង្ហបុរីក៏ធ្លាប់បានច្រានចោលបណ្តឹងឧទ្ធរណ៍ ដែលប្រឆាំងនឹងការផ្តន្ទាទោសរបស់អ្នកស្រី Saridewi កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ម្តងរួចដែរ។ អាជ្ញាធរបានបញ្ជាក់ថា សូម្បីតែញត្តិសុំលើកលែងទោសរបស់ប្រធានាធិបតីសិង្ហបុរីក៏មិនទទួលបានជោគជ័យដែរ។

យ៉ាងណាមិញ អ្នកស្រី Saridewi ជាស្រ្តីដំបូងបំផុត ដែលត្រូវប្រហារជីវិតនៅក្នុងថ្ងៃសុក្រ​​​ ទី២៨ ខែកក្កដា ឆ្នាំ២០២៣នេះ។ នៅមុនការប្រហារជីវិតអ្នកស្រីពីរថ្ងៃ ពោលគឺកាលពីថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣ លោក Mohd Aziz bin Hussain ក៏ត្រូវបានអជ្ញាធរសិង្ហបុរីកាត់ទោសប្រហារជីវិត ដោយការព្យួរក ក្រោយអាជ្ញាធរបានរកឃើញថា លោកធ្លាប់បានជួញដូរហេរ៉ូអ៊ីន ៥0 ក្រាម នៅក្នុងឆ្នាំ២០១៧។

សូមជម្រាបថា ប្រទេសសិង្ហបុរីមានច្បាប់ដ៏តឹងរឹងបំផុតមួយ ដែលប្រើប្រាស់សម្រាប់ប្រឆាំងនឹងការជួញដូរគ្រឿងញៀនខុសច្បាប់នៅក្នុងប្រទេសរបស់ខ្លួន។ នៅក្នុងនោះ ច្បាប់របស់ប្រទេសសិង្ហបុរីបានកំណត់ថា ជនណាដែលជួញដូរកញ្ឆាលើសពី ៥00ក្រាម ឬហេរ៉ូអ៊ីន ១៥ក្រាមឡើងទៅ នឹងប្រឈមនឹងការទោសប្រហារជីវិតជាសាធារណៈនៅក្នុងប្រទេសសិង្ហបុរី។

ទន្ទឹមគ្នានោះ អាជ្ញាធរសិង្ហបុរីអះអាងថា ច្បាប់គ្រឿងញៀនដ៏តឹងរ៉ឹងនេះ បានជួយរក្សាសន្តិសុខ និងសុវត្ថិភាពនៅក្នុងប្រទេសសិង្ហបុរី ហើយថាការដាក់ទោសទណ្ឌចំពោះបទល្មើសគ្រឿងញៀននេះទៀតសោតទទួលបានការគាំទ្រពីសំណាក់សាធារណជននៅក្នុងប្រទេស។ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋមួយចំនួនបាន​ និងកំពុងប្រឆាំង​នឹង​ទោស​ប្រហារ​ជីវិត​ជាខ្លាំង។

មហាសេដ្ឋីអង់គ្លេស លោក Sir Richard Branson បានរិះគន់សិង្ហបុរីជាច្រើនលើកជាច្រើនសារជុំវិញច្បាប់ប្រហារជីវិតនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដានេះថា ទោសប្រហារជីវិតមិនមែនជាការរារាំងឧក្រិដ្ឋកម្មនោះទេ។ លោកគូសបញ្ជាក់ថា អ្នកជួញដូរគ្រឿងញៀនខ្នាតតូចភាគច្រើនត្រូវគេសម្លុតគំរាមឱ្យលក់​ ឬដោយសារបញ្ហាជីវភាពណាមួយ។

ដោយឡែក អង្គការលើកលែងទោសអន្តរជាតិបានកត់សម្គាល់ថា ក្រៅពីប្រទេសសិង្ហបុរី ក៏មានបណ្តាប្រទេសមួយចំនួនដូចជាប្រទេសចិន អ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត បានអនុវត្តច្បាប់ប្រហារជីវិតទៅលើជនណា ដែលហ៊ានប្រព្រឹត្តបទល្មើសជួញដូរគ្រឿងញៀននេះផងដែរ៕

ប្រភព៖ BBC ចុះថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣

 

Share

ព័ត៌មានទាក់ទង

Image