en     km
en     km

ស្នងការខេត្តបាត់ដំបងបើកការស្រាវជ្រាវករណីផ្សាយថា មេប៉ុស្ដិ៍ ប្រព្រឹត្តិបទល្មើសលើក្មេង ដើម្បីដាក់ទោសអ្នកពាក់ព័ន្ធ

Share

អ្នកលេងហ្វេសប៊ុកម្នាក់បានបង្ហោះនូវរូបភាព និងវីដេអូឃ្លីបក្មេងប្រុស ដែលមានស្នាមរបួសជាំ មុខនិងដងខ្លួន ដោយចោទថាលោក សេង សុខា មេប៉ុស្តិ៍ ឃុំតាម៉ឺន ប្រព្រឹត្តិបទល្មើស លើក្មេង ដោយចាប់ដាក់ខ្នោះដៃ និងវាយទាត់ធាក់យ៉ាងធ្ងន់ធ្ងរ។ ករណីនេះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កំពុងស្រាវជ្រាវស៊ើបអង្កេតជាបន្ទាន់។ ស្នងការអះអាងថា បើករណីនេះជាការពិតមេប៉ុស្តិ៍នឹងមានទោស ប៉ុន្តែបើមិនពិតអ្នកបង្ហោះសារខាងលើនឹងប្រឈមនឹងផ្លូវច្បាប់។ លោក គីម ចាន់ចាវ រាយការណ៍ 

 

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានបញ្ជាក់ថា ថ្មីៗនេះមានគណនីហ្វេសប៊ុកឈ្មោះ David jhon បានបង្ហោះរូបភាព និងសរសេរខ្លឹមសារចោទប្រកាន់មន្រ្តីនគរបាលប៉ុស្តិ៍តាម៉ឺន នៃអធិការដ្ឋាននគរបាលស្រុកថ្មគោលថា បានធ្វើទារុណ្ឌកម្មទៅលើក្មេងប្រុសនៅបរិវេណប៉ុស្តិ៍នគរបាលរដ្ឋបាលរបស់ខ្លួនកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣។

ហ្វេសប៊ុកឈ្មោះ David john បង្ហោះនូវរូបភាព និងវីដេអូឃ្លីបក្មេងប្រុសឈ្មោះវឿត តាវណ្ណឈឿត ដែលមានស្នាមរបួសជាំមុខនិងដងខ្លួន ដោយសរសេរថា «លោក មេប៉ុស្តិ សេង សុខា មេប៉ុស្តិ ឃុំតាម៉ឺន ប្រព្រឹត្តិ បទល្មើស លើក្មេង ដោយចាប់ដាក់ខ្នោះដៃ នៅក្នុងបន្ទប់នគរបាលប៉ុស្តិតាម៉ឺន ហើយអោយ អង្គុយ លុតជង្គង់ បានប្រព្រឹត្តធ្វើទារុណកម្មលើ ក្មេងដោយទាត់ មុខ ក្រោយ ដួលរមៀលជិត២០ជើង ហើយយកខ្សែក្រវ៉ាត់វាយបំពង់ក ហើយយក ជើង ទាត់ឈូសទៅលើផ្ទៃមុខទាំងពាក់ស្បែកជើង ក្នុងខណៈដៃក្មេងកំពុងជាប់ ខ្នោះ ហេតុការណ៏នេះបាន កើតឡើងកាលពីថ្ងៃទី ២០ខែ០៧ ឆ្នាំ ២០២៣»។

ពាក់ព័ន្ធករណីនេះ លោកឧត្តមសេនីយ៍ទោ សាត គឺមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានដាក់បទបញ្ជាភ្លាមៗដល់ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាន ជាមួយការិយាល័យបុគ្គលិក ស្រាវជ្រាវស៊ើបអង្កេតជាបន្ទាន់លើបញ្ហាដែលម្ចាស់គណនីខាងលើបានសរសេរបង្ហោះ។ នេះបើតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២៧ ខែកក្កដា។

ស្នងការខេត្តបាត់ដំបងអះអាងថា ក្នុងករណីស្រាវជ្រាវរកឃើញថា មន្រ្តីនគរបាលដែលទទួលរងនូវការចោទប្រកាន់នោះបានប្រព្រឹត្តដូច្នេះមែននោះ មន្រ្តីនគរបាលរូបនោះនឹងទទួលខុសត្រូវទាំងស្រុងចំពោះសកម្មភាពរបស់ខ្លួនចំពោះមុខច្បាប់ ចំពោះមុខវិន័យលេខ០០៦របស់កងកម្លាំងនគរបាលជាតិ។ ក៏ប៉ុន្តែក្នុងករណីដែលសមត្ថកិច្ចស្រាវជ្រាវរកឃើញថា ករណីនេះពុំមែនជាការពិតទេនោះ ម្ចាស់គណនីខាងលើក៏ត្រូវប្រឈមនឹងការចោទប្រកាន់ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត និងការចោទប្រកាន់ទម្លាក់កំហុសចំពោះមន្រ្តីអ្នកអនុវត្តច្បាប់ដោយចេតនាទុច្ចរិតផងដែរ។

ស្នងការខេត្តបាត់ដំបងក៏បានលើកឡើងពីដំណើររឿងថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចក្រុមទី២៥ ភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល មានករណីហិង្សាដោយចេតនា (ប្រើប្រាស់កាំបិត) បង្កដោយក្រុមក្មេង១ក្រុម(មិនស្គាល់អត្តសញ្ញាណ)ដេញកាប់ទៅលើមនុស្សមួយក្រុមដែលកំពុងអង្គុយលេងនៅស្រះទឹកម្តុំបត់កង។ ក្រោយធ្វើសកម្មភាពរួច ភាគីបង្កបានជិះម៉ូតរត់គេចខ្លួន ប៉ុន្តែភ្លាមៗត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាម៉ឺន នៃអធិការដ្ឋាននគរបាលស្រុកថ្មគោលដេញតាមចាប់ ខណៈភ័យស្លន់ជនបង្កជិះម៉ូតូដួលដោយខ្លួនឯង ក៏ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃាត់ខ្លួនបានចំនួន០៣នាក់។ 

ទោះយ៉ាងក្នុងចំណោមអ្នកទាំង៣នាក់នោះមិនមានឈ្មោះក្មេងប្រុស វឿត តាវណ្ណឈឿត នោះឡើយ។ម្ចាស់គណនី David jhon យល់ថា ប្រហែលជាខាងស្នងការយល់ច្រលំពីរ ករណីផ្សេងគ្នា ក្មេងដែលខាងស្នងការខេត្តបាត់ដំបងផុសនោះជាក្មេងផ្សេង រីឯក្មេងដែលគណនី David jhon ផុសនេះជាមនុស្សផ្សេងពីគ្នា ឈ្មោះខុសគ្នា មនុស្សខុសគ្នា តែវាជារឿងរបស់លោកមេប៉ុស្តិ៍តែម្នាក់។ ទោះយ៉ាងណាករណីនេះស្ថិតនៅក្នុងការស្រាវជ្រាវស៊ើបអង្កេតនៅឡើយ៕

Share

ព័ត៌មានទាក់ទង

Image