en     km
en     km

ស្រ្តីម្នាក់បង្ហោះវីដេអូថា មានចោរបើកឡានតាមប្លន់ដល់ក្នុងបុរី ក្រោយផ្សារព្រែកឯងជារឿងពិតឬទេ?

Share

វីដេអូឃ្លីបមួយពាក់ព័ន្ធនឹងស្ត្រីម្នាក់បានអះអាងថា មានករណីដេញប្លន់ដល់ក្នុងបូរី ក្រោយផ្សារព្រែកឯង កាលពីយប់ថ្ងៃទី៧ ខែកក្កដា ត្រូវបានចែកចាយបន្តពាសពេញបណ្ដាញសង្គម។ ម្ចាស់គណនីហ្វេសប៊ុក រៀបរាប់ថា  ក្រុមចោរមួយក្រុមមានទាំងឡាននិងម៉ូតូបានបើកដេញពីក្រោយរថយន្តខ្លួនដល់ក្នុងបុរី។ ករណីនេះបានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមកើតការងឿងឆ្ងល់ថា តើវាជារឿងពិតឬមិនពិត? លោក គីម ចាន់ចាវ រាយការណ៍

 

កាលពីពេលថ្មីៗនេះ មានវីដេអូឃ្លីបមួយពាក់ព័ន្ធនឹងស្ត្រីម្នាក់បានអះអាងថា មានករណីដេញប្លន់ដល់ក្នុងបូរី ក្រោយផ្សារព្រែកឯង កាលពីយប់ថ្ងៃសុក្រ ទី៧ ខែកក្កដា ឆ្នាំ២០២៣ ត្រូវបានសារព័ត៌មានអនឡាញ និងអ្នកលេងបណ្ដាសង្គមជាច្រើនបានយកមកបង្ហោះ និងចែកចាយបន្តពាសពេញបណ្ដាញសង្គម។ តាមរយៈវីដេអូឃ្លីរបស់ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Mey Mey Kim បានរៀបរាប់ថា  ក្រុមចោរមួយក្រុមមានទាំងឡាននិងម៉ូតូបានបើកដេញពីក្រោយរថយន្តខ្លួនដល់ក្នុងបុរី។

«នេះជាវីដេអូក្រុមចោរមួយក្រុមមានឡានមួយគ្រឿងហើយនិងម៉ូតូ៣គ្រឿង ហើយឡានហ្នឹងដូចជារបៀបឡានប៉េអឹមនៅក្រោមក្របខណ្ឌណាមួយអញ្ចឹង ហើយអ្នកអង្គុយក្នុងឡានហ្នឹងហាស៎ ក៏ស្លៀកសម្លៀកបំពាក់របៀបជាប៉េអឹមដែរ។ ហើយនេះវាទម្លាក់គ្នាវា ហើយវាដេញឡានខ្ញុំ ហើយឡានខ្ញុំជិះមកផុតក្នុងបុរីហ្នឹងបាត់ហើយ។ ហើយសកម្មភាពចោរដេញតាមឡានខ្ញុំហ្នឹង គឺនៅម្ដុំបុរីផ្លូវបត់ចូលផ្សារព្រែកឯង ហើយអត់ដឹងថាវាមានបំណងអីឱ្យប្រាកដទេ បើចង់ប្លន់ចង់លួចឬក៏ចង់ចាប់ចំរិតអីទេ។ វាដេញតាមចាប់តាំងពីផ្លូវធំរហូតដល់ចេញបត់ចូលបុរីហើយវានៅតាមយើងទៀតហាស៎។ វានៅឆ្លៀតទម្លាក់គ្នាវាឱ្យមកតាមយើងទៀត»។

 

ទោះយ៉ាងណាករណីនេះ ត្រូវបានម្ចាស់គណនីឈ្មោះ Mey Mey Kim ដែលជាម្ចាស់វីដេអូឃ្លីបនេះបកស្រាយថា  ក្នុងហេតុការណ៍នោះមិនមានឡានឬឯកសណ្ឋានប៉េអឹមណាមួយដូចការអះអាងក្នុងវីដេអូឃ្លីបខាងលើទេ។ ដោយសារខ្លួនមិនបានដឹងច្បាស់លាស់និងនិយាយទាំងមិនដឹង បានប៉ះពាល់កិត្តិយសស្ថាប័នប៉េអឹមទាំងមូល។

ក្រោយពីបានសុំទោសជាសាធារណៈម្ចាស់គណនីហ្វេសប៊ុកនេះក៏បានប្រកាសលុបចំពោះវីដេអូដែលបានបង្ហោះនោះផងដែរ ខណៈវីដេអូនេះត្រូវបានអ្នកលេងហ្វេសប៊ុកផ្សេងទៀតយកទៅបង្ហោះយ៉ាងព្រោងព្រាត។

ពាក់ព័ន្ធបញ្ហានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានឱ្យដឹងថា ការណ៍ដែលថាមានករណីដេញប្លន់ដល់ក្នុងបូរី ក្រោយផ្សារព្រែកឯង កាលពីយប់ថ្ងៃសុក្រ ទី៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១១:២០យប់ ជាការផ្សាយព័ត៌មានមិនពិត។ ក៏ប៉ុន្តែស្នងការរាជធានីភ្នំពេញបញ្ចាក់ថា ស្ត្រីខាងលើជាប់ពាក់ព័ន្ធនឹងករណីពាក្យបណ្តឹងអំពើលួច (ប្រាក់) ដែលចេញដោយព្រះរាជអាជ្ញា នៃអយ្យការអមសា​លា​ដំបូងខេត្តកណ្តាល ចេញដីការបញ្ជាឲ្យចូលខ្លួន តែរហូតមកដល់ពេលនេះស្ត្រីរូបនោះ បានរត់គេចខ្លួន ដោយមិនបានចូលខ្លួនតាមការបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលនោះឡើយ៕

Share

ព័ត៌មានទាក់ទង

Image