កាលពីពេលថ្មីៗនេះ មានសារព័ត៌មានមួយចំនួនបានចុះផ្សាយ និងបង្ហាញឃ្លីបវីដេអូមួយបង្ហាញ មនុស្សមួយក្រុមនៅអាគារទាន់ទី៦នៃកាស៊ីណូបារីសបូព៌ា ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង បានវាយកញ្ចក់អាគារផ្នែកខាងក្រោយ ហើយស្រែកស្នើសុំអន្តរាគមន៍ នាំឱ្យមហាជនដាក់ការសង្ស័យថា ជាករណីបង្ខាំងមនុស្សខុសច្បាប់។ តើសកម្មភាពក្នុងវីដេអូឃ្លីបនោះ ជាករណីបង្ខាំងជួញមនុស្សដូរ ឬយ៉ាងណា? លោក គីម ចាន់ចាវ រាយការណ៍
កាលពីល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ មានសារព័ត៌មានមួយចំនួនបានចុះផ្សាយថា កាស៊ីណូនៅក្រុងបាវិតមួយកន្លែង មានមនុស្សជាច្រើនស្រែកឲ្យជួយ នាំឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅតំបន់នោះ។ មានសារព័ត៌មានខ្លះបានដាក់ការសង្ស័យថាជាករណីបង្ខាំងមនុស្ស។ អមដោយឃ្លីបវីដេអូដែលមានជនបរទេសឈរមួយក្រុម ស្រែកនឹងលើកដៃបក់-រា ហៅអ្នកនៅខាងក្រៅ សារព័ត៌មានទាំងនោះរាយការណ៍ថាជនបរទេសច្រើននាក់អើតពីលើអគារ៧ជាន់ ស្រែកឲ្យគេជួយ នៅក្រុងបាវិត វេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ។
VIDEOS QUOTE: «នេះបងប្អូននេះ មានករណីពួកឥណ្ឌូចិនស្រែកឱ្យគេជួយនែក»
បញ្ហានេះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឱ្យដឹងថា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៥និង៣០នាទីល្ងាច មានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចថា បានឃើញបុគ្គលិកក្នុងក្រុមហ៊ុនកាស៊ីណូបារីសបូព៌ា បានវាយកញ្ចក់អាគារជាន់ទី៦ ផ្នែកខាងក្រោយ ហើយស្រែកស្នើសុំអន្តរាគមន៍ ។
ក្រោយពីទទួលបានព័ត៌មានបែបនេះស្នងការដ្ឋាននគរបាលខេត្តបានធ្វើការជាមួយព្រះរាជអាជ្ញាអមតុលាការខេត្តស្វាយរៀង បានចុះទៅដល់កន្លែងកើតហេតុ បានពិនិត្យឃើញមានបុគ្គលិកក្រុមហ៊ុនកាស៊ីណូទាំងនោះជាជនជាតិវៀតណាម សរុបចំនួន ៣៥នាក់ ស្រី ១០ នាក់ ប្រមូលផ្តុំគ្នាមិនធ្វើការ នៅអាគារជាន់ទី៦ និងឃើញមានការខូចខាត សម្ភារតុកៅអី និងកុំព្យូទ័រ របស់ក្រុមហ៊ុនមួយចំនួនផងដែរ។នេះបើតាមគេហទំព័រអគ្គស្នងការនគរបាលជាតិ នៅល្ងាចថ្ងៃទី១៩ ខែកក្កដា។
ស្នងការខេត្តស្វាយរៀងបន្តថា ក្រោយចុះដល់ទីតាំងសមត្ថកិច្ច នាំខ្លួនបុគ្គលិកជាជនជាតិវៀតណាម ទាំង៣៥នាក់ ខាងលើ ទៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីធ្វើការសាកសួរ ។ ក្រោយពីសមត្ថកិច្ច បានសាកសួរជាបឋម បុគ្គលិកទាំង៣៥នាក់ខាងលើ ពួកគាត់បានឆ្លើយប្រាប់សមត្ថកិច្ចថា៖ «ពួកគេតវ៉ាសុំអន្តរាគមន៍ ពាក់ព័ន្ធទៅនឹងលក្ខខណ្ឌការងារមួយចំនួន»។
បច្ចុប្បន្នបុគ្គលិកទាំង៣៥នាក់ រួមជាមួយបុគ្គលិករដ្ឋបាលក្រុមហ៊ុន០១នាក់ និងអ្នកគ្រប់គ្រង០១នាក់ កំពុងត្រូវបានសមត្ថកិច្ចជំនាញធ្វើការសាកសួរ និងបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលក្រុងបាវិត៕