en     km
en     km

តើគំនរឈើធំៗក្នុងចំការកៅស៊ូនៅខេត្តរតនគិរីជាឈើគ្មានច្បាប់មែនទេ?

Share

ភ្នំពេញ៖ សមត្ថកិច្ចបានឱ្យដឹងថា រឿងរ៉ាវដែលសារព័ត៌មានអនឡាញក្នុងស្រុកមួយចំនួនបានចុះផ្សាយករណីរកឃើញគំនរឈើហុបធំៗក្នុងចំការកៅស៊ូមួយនៅខេត្តរតនគិរី គឺជាព័ត៌មានបំពុលសង្គម អាចបង្កឱ្យមានការភ័ន្តច្រលំថាជាករណីបទល្មើសបំផ្លាញព្រៃឈើ។ សមត្ថកិច្ចបំភ្លឺថា គំនរឈើធំៗក្នុងដីចំការកៅស៊ូនោះ ជាប្រភេទឈើហូបផ្លែដែលប្រជាពលរដ្ឋដាំពុំមែនឈើប្រណិតអ្វីនោះទេ ហើយក៏មិនស្ថិតនៅក្រោមច្បាប់ស្តីពីព្រៃឈើនោះឡើយ។ យ៉ាងណាចាងហ្វាងកាសែតអនឡាញមួយដែលបានផ្សាយករណីនេះ បញ្ជាក់ថា ការផ្សាយនេះជាការផ្សព្វផ្សាយព័ត៌មានបឋមដើម្បីជូនដំណឹងដល់សមត្ថកិច្ចឆាប់ធ្វើការស្រាវជ្រាវនិងឈានទៅការបង្រ្កាបករណីរកឃើញថាជាឈើខុសច្បាប់ ដោយការផ្សាយនេះពុំមានចេតនាចោទប្រកាន់ខាងក្រុមហ៊ុនចំការកៅស៊ូប្រព្រឹត្តិបទល្មើសព្រៃឈើអ្វីនោះទេ។

ក្រុមអ្នកសារព័ត៌មានបានចុះពិនិត្យគំនរឈើក្នុងដីក្រុមហ៊ុនចំការកៅស៊ូ។រូបភាពពីគេទំព័រ BNN post news។

នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចេញសេចក្តីប្រកាសព័ត៌មានថា គំនរឈើហុបធំៗក្នុងដីចំការកៅស៊ូដែលសារព័ត៌មានអនឡាញក្នុងស្រុកមួយចំនួនបានធ្វើសេចក្តីរាយការណ៍នោះ គឺជាប្រភេទដើមស្វាយរបស់ប្រជាពលរដ្ឋបានដាំ។ នេះបើតាមទំព័រហ្វេកប៊ុកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅថ្ងៃទី១៩ខែកក្ដដានេះ។

លោក អេង ហ៊ី បន្តថា ក្រោយពីបានទទួលបណ្តឹងជាលាយលក្ខណ៍អក្សរតាមរយៈប្រព័ន្ធតេឡេក្រាមកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ពីចាងហ្វាងការផ្សាយព័ត៌មានគេហទំព័រ ទូរទស្សន៍អនឡាញ “bnnpostnews, slabpkkatikkmav, ANN Hot Newsនិងមួយចំនួនទៀត សមត្ថកិច្ចបានចុះត្រួតពិនិត្យភ្លាមៗ។

សមត្ថកិច្ចចុះពិនិត្យគំនរឈើក្រោយបណ្តាសារព័ត៌មានបានបង្ហោះព័ត៌មានថា មានបទល្មើសព្រៃឈើ។រូបភាពពីហ្វេសប៊ុកលោក អេង ហ៊ី។

ការផ្សាយរបស់សារព័ត៌មានក្នុងស្រុកបានធ្វើសេចក្តីរាយការណ៍ថា “នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានឈ្មួញឈើបានដឹកឈើព្រៃមកស្តុកទុកនៅទីតាំងក្នុងបរិវេណដីរបស់ក្រុមហ៊ុន ម៉ាង យ៉ាង ខេ អភិវឌ្ឍន៍កៅស៊ូ នៅតំបន់ស្រុកវើនសៃ ខេត្តរតនគិរី។ បន្ទាប់ពីទទួលបានដំណឹងនេះ ក្រុមការងារអ្នកសារព័ត៌មានទាំងនោះបានចុះទៅស្រាវជ្រាវរកឃើញថា ពិតជាមានគំនរឈើហុបកាត់ជាកំណាត់ៗជាច្រើនដើមពិតប្រាកដមែន។ ឈើនោះមានទំហំមុខកាត់ចាប់ពី០,៥០ទៅដល់១,២០ម៉ែត្រ និងប្រវែង៤,២០ម៉ែត្រ។ សារព័ត៌មានទាំងនោះ សរសេរបន្តថា នេះបទល្មើសធនធានធម្មជាតិ ដែលមានទីតាំងស្ថិតនៅក្នុងដីចំការកៅស៊ូក្រុមហ៊ុន ម៉ាង យ៉ាង ខេ អភិវឌ្ឍន៍កៅស៊ូ ចំណុចភូមិទៀមក្រោម ឃុំភ្នំកុក ស្រុកវើនសៃ ខេត្តរតនគិរី។ សារព័ត៌មានខាងលើបានស្នើឱ្យសមត្ថកិច្ចមានចំណាត់ការនិងទប់ស្កាត់បង្ក្រាប។

គំនរឈើដែលក្រុមអ្នកព័ត៌មានថាជាដើមអម្ពិលព្រៃ តែសមត្ថកិច្ចថាជាអម្ពិលស្រុក។រូបភាពពីហ្វេសប៊ុកលោក អេង ហ៊ី។

លោក អេង ហ៊ី បញ្ជាក់ដោយផ្អែកលើសេចក្តីរាយការណ៍របស់អភិបាលខេត្តរតនគិរីដោយថា ករណីខាងលើនេះ មិនមែនជាអំពើល្មើសច្បាប់ស្តីពីព្រៃឈើឡើយ។ជាងនេះអាជ្ញាធរមានសមត្ថកិច្ចបានណែនាំឱ្យអ្នកទិញឈើទាំងនោះ ស្នើសុំលិខិតអនុញ្ញាតដឹកជញ្ជូនពីអាជ្ញាធរជំនាញតាមនីតិវិធី។

លោកអភិបាលខេត្តរតនគិរីបន្ថែមថា កន្លងទៅមានបុគ្គលមួយចំនួនបានយករូបភាពផ្សេងៗពាក់ព័ន្ធនឹងធនធានធម្មជាតិមកធ្វើការចុះផ្សាយដោយបំភ្លៃការពិត។

តាមរយៈករណីនេះលោក អេង ហ៊ី អំពាវនាវលើកទឹកចិត្តក្នុងការចូលរួមទប់ស្កាត់និងផ្តល់ព័ត៌មានពិត ដើម្បីធ្វើការបង្ក្រាបបទល្មើសធនធានធម្មជាតិ ជៀសវាងការផ្សាយបំពុលសង្គម ឬបង្កឱ្យមានការភាន់ច្រឡំដល់ការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចអនុវត្តច្បាប់។

ទាក់ទងរឿងនេះចាងហ្វាងកាសែត BNN post news ប្រាប់ក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មានរបស់វិទ្យុស្រ្តីដោយអះអាងថា ឈើទាំងនោះជាប្រភេទដើមស្វាយព្រៃ។ មួយវិញទៀតលោកបញ្ជាក់ថា ការផ្សាយខាងលើគឺគ្រាន់តែជាការផ្សាយព័ត៌មានបឋមដើម្បីជូនដំណឹងដល់អាជ្ញាធរមានសមត្ថកិច្ចទទួលជាដំណឹងតែប៉ុណ្ណោះ ដោយចេតនាចង់ឱ្យឆាប់មានកិច្ចអន្តរាគមន៍ស្រាវជ្រាវឈានដល់ការបង្រ្កាបករណីឈើខុសច្បាប់។ ចាយហ្វាង  BNN post news ប្រាប់ថាលោកពុំមានបំណងបំពុលព័ត៌មានអ្វីនោះទេ ដូច្នេះហើយបានជាក្នុងសេចក្តីរាយការណ៍របស់លោក លោកពុំបានចោទប្រកាន់ក្រុមហ៊ុនចំការកៅស៊ូថា ប្រព្រឹត្តិបទល្មើសព្រៃឈើអ្វីនោះដែរ។

ការលើកឡើងរបស់ចាងហ្វាងកាសែតBNN post news៖

ក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មានមិនទាន់អាចសុំការបំភ្លឺបន្ថែមពីក្រុមហ៊ុនចំការកៅស៊ូ ម៉ាង យ៉ាង ខេ អភិវឌ្ឍន៍កៅស៊ូ នៅតំបន់ស្រុកវើនសៃ ខេត្តរតនគិរីបាននៅឡើយទេនៅថ្ងៃនេះ។

តែយ៉ាងណាលោកចាងហ្វាងកាសែតអនឡាញ BNN post news ប្រាប់ថា កន្លងមកលោកតែងប្រទះករណីដឹកជញ្ជូនឈើធំៗចូលក្រុមហ៊ុនចំការកៅស៊ូនេះ តែពុំមានឃើញសមត្ថកិច្ចចុះអន្តរាគមន៍អ្វីឡើយ៕

Share

ព័ត៌មានទាក់ទង

Image