en     km
en     km

តើវិទ្យុបារាំងRFIពិតជាត្រូវបិទការផ្សាយតាមរលកអាកាស FM ដោយផ្សាយតាមប្រព័ន្ធអនឡាញមែនឬទេ?

Share

ភ្នំពេញ៖ ថ្មីៗនេះមានការចែករំលែកតៗគ្នាតាមប្រព័ន្ធតេឡេក្រាមនូវព័ត៌មានមួយដែលថា វិទ្យុបារាំងអន្តរជាតិ RFI ជាភាសាខ្មែរ នឹងត្រូវបិទការផ្សព្វផ្សាយកម្មវិធីនានារបស់ខ្លួនលើរលកអាកាស FM ឬការផ្សាយតាមវិទ្យុតែម្តង ដោយបង្វែរការផ្សាយទាំងអស់តាមប្រព័ន្ធអនឡាញវិញ។ ជុំវិញដំណឹងនេះនាយកគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិ RFI ជាភាសាខ្មែរ ចាត់ទុកជាព័ត៌មានចចាមអារ៉ាម ខណៈបច្ចុប្បន្នវិទ្យុបារាំងកំពុងផ្សាយតាមរលកវិទ្យុFMជាធម្មតា។

អត្ថបទ៖លោក កែវ សុខា រាយការណ៍ដោយ កញ្ញា គុជ ស៊ីកុល

អ្នកប្រើប្រាស់ប្រព័ន្ធតេឡេក្រាមក្នុងក្រុម«សមាគមវិទ្យុFMកម្ពុជា»បានទទួលសារជាអក្សរដែលសមាជិកក្នុងក្រុមម្នាក់បានសរសេរក្នុងសម្រង់សម្តីដើមយ៉ាងដូច្នេះថា៖«គួរឱ្យស្តាយវិទ្យុបារាំងអន្តរជាតិផ្សាយសំឡេងជាភាសាខ្មែរបានបិទការផ្សាយតាមរយៈរលកធាតុអាកាសFMហើយ គឺនៅផ្សាយតែតាមបណ្តាញសង្គមនិងអនឡាញទេ»។ អ្នកបញ្ចេញព័ត៌មានខាងលើបន្តថា មូលហេតុគឺដោយសារចំណូលទ្រទ្រង់អង្គភាពមិនគ្រប់។

នេះជាសារក្នុងក្រុមតេលេក្រាមដែលចែករំលែកព័ត៌មានដែលមានវិទ្យុបារាំងបានបិទផ្សាយលើរលកអាកាសFM.រូបភាពទទួលបានពីតេឡេក្រាម។

ទាក់ទងរឿងនេះ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ នាយកគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិRFI ជាភាសាខ្មែរ និងជាអ្នកជំនាញខាងភូមិសាស្ត្រនយោបាយមួយរូបផង បញ្ជាក់ប្រាប់ក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មាននៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)ថា ដំណឹងនេះជាព័ត៌មានចចាមអារ៉ាមនោះទេ ខណៈបច្ចុប្បន្នភាពវិទ្យុបារាំងនៅបាននិងកំពុងផ្សាយលើរលកអាកាស FM ដដែល គឺនៅភ្នំពេញ សៀមរាប បាត់ដំបង កំពង់ចាម និងកំពង់សោម។

តបតាមសំនួររបស់ក្រុមការងារផ្ទៀងផ្ទាត់របស់វិទ្យុស្រ្តី ដែលចោទសួរថា តើវិទ្យុបារាំងនៅតែបន្តផ្សាយជូនប្រជាពលរដ្ឋដដែល ឬមានការផ្លាស់ប្ដូរមធ្យោបាយផ្សាយដែរឬទេ? ដូចជាផ្សាយតាមរយៈអនឡាញវិញ? ឬក៏បង្កើតស្ថានីយផ្សាយ(FM)បន្តបន្ថែមនៅតាមបណ្ដាខេត្តនានាឱ្យកាន់តែច្រើន ដើម្បីពង្រីកតំបន់គ្របដណ្ដប់ឱ្យកាន់តែធំឬយ៉ាងណា?

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ នាយកគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិRFI ជាភាសាខ្មែរ។រូបភាពពីហ្វេសប៊ុកJean-Francois Tain។

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ តបសារតាមរយៈប្រព័ន្ធតេឡេក្រាមដោយបញ្ជាក់ថា៖ «មកដល់ពេលនេះ ម៉ោងនេះ គ្មានអ្វីប្រែប្រួលទេ។តទៅឆ្នាំក្រោយ រយៈកាលខ្លី មធ្យម ឬវែង ក៏មិនទាន់មានគម្រោងអ្វីជាផ្លូវការដែរទេ។»

វិទ្យុបារាំងអន្តរជាតិ RFI ជាភាសាខ្មែរត្រូវបានគេដឹងថា ជាស្ថាប័នព័ត៌មានមានប្រជាប្រិយភាពមួយដែរក្នុងចំណោមស្ថាប័នព័ត៌មានល្បីៗនៅកម្ពុជា៕

Share

ព័ត៌មានទាក់ទង

Image