en     km
en     km

សកម្មជនបរិស្ថានកោះកុងក្រៅដង្ហែញត្តិជូនខុទ្ទកាល័យនាយករដ្ឋមន្ត្រី​ និងក្រសួងពាក់ព័ន្ធ

Share

ក្រុមយុវជនដែលអះអាងថាជាអ្នកស្រលាញ់ធនធានធម្មជាតិបាននាំគ្នាដង្ហែរញត្តិកោះកុងក្រៅដែលមានអ្នកគាំទ្រជាង១៣ម៉ឺននាក់ ទៅដាក់នៅខុទ្ទកាល័យនាយករដ្ឋនាយករដ្ឋមន្ត្រី និងក្រសួងពាក់ព័ន្ថដើម្បីស្នើសុំ លក្ខខណ្ឌមួយចំនួនជុំវិញការអភិវឌ្ឍតំបន់កោះកុងក្រៅ។ ពួកគេទាមទារឱ្យរដ្ឋាភិបាលដាក់តំបន់កោះកុងក្រៅទៅជាឧទ្យានជាតិសមុទ្រ និងស្នើឱ្យដកហូតអាជ្ញាបណ្ណវិនិយោគក្រុមហ៊ុនរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ រួមនិងលក្ខខណ្ឌមួយចំនួនទៀត។ លោក គីម​ ចាន់ចាវ រាយការណ៍

 

ទីតាំងចម្បងៗដែលត្រូវទៅដាក់ញត្តិនៅព្រឹកនេះ គឺមានខុទ្ទកាល័យនាយករដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន។ ក្នុងការដាក់ញត្តិ នៅព្រឹកថ្ងៃទី១៧ ខែកក្កដានេះ ក្រុមយុវជនសកម្មជនបរិស្ថាន បានធ្វើដំណើរដង្ហែរគ្នាទៅកាន់ទីស្ដីការគណៈរដ្ឋមន្ត្រី មុនគេដោយសំដៅដាក់ញត្តិនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី។ ក៏ប៉ុន្តែនៅពេលកំពុងដង្ហែញត្តិដោយថ្មើរជើងនេះ ត្រូវបានអាជ្ញាធរបញ្ជាឱ្យដាក់នៅខុទ្ទកាល័យនាយករដ្ឋមន្ត្រីមានទីតាំងនៅក្បែរវត្តបទុមវត្តី។ ក្រោយមកពួកគេបន្តធ្វើដំណើរចេញពីតំបន់ទីស្ដីការគណៈរដ្ឋមន្ត្រី ឆ្ពោះទៅកាន់ក្រសួងទេសចរណ៍ ដែលមានទីតាំងមិនឆ្ងាយប៉ុន្មានពីគ្នាឡើយ។​ ដោយសារតែមន្ត្រីក្រសួងទេសចរណ៍អនុញ្ញាតឱ្យតែសកម្មជនម្នាក់អាចចូលទៅដាក់ញត្តិ ក្រុមយុវជនបានកំណត់ឱ្យតំណាងរបស់ពួកគេ គឺកញ្ញា ភួន កែវរស្មី ចូលទៅដាក់ញត្តិនេះតែម្នាក់ឯង ដោយសកម្មជនបរិស្ថានផ្សេងៗទៀតត្រូវឈរចាំនៅមុខក្រសួង។

ពាក់ព័ន្ធនឹងការដាក់ញត្តិនេះ សកម្មជនបរិស្ថានបានឱ្យដឹងថានៅត្រង់ចំណុចនេះ គឺពួកគេទាមទារឱ្យក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន សហការគ្នាជាមួយរដ្ឋាភិបាល នៅក្នុងការរក្សាទ្រង់ទ្រាយដើម ដែលត្រូវធ្វើជាតំបន់ទេសចរណ៍បែបធម្មជាតិកាត់បន្ថយផលប៉ះពាល់ឱ្យបានតិចបំផុត កំណត់ចំនួនមនុស្សចូលទៅលេង និងសហការជាមួយអង្គការជាតិ និងអន្តរជាតិដើម្បីសិក្សាលើធនធានធម្មជាតិនៅកោះកុងក្រៅ ដោយអភិរក្សតំបន់នេះជាកន្លែងបង្កាត់សត្វដែលជិតផុតពូជ ត្បិតកន្លែងនេះមានធនធានសំបូរបែបដែលអាចឱ្យអ្នកជំនាញប្រើប្រាស់ដើម្បីផលប្រយោជន៍ជាតិជាជាងការផ្ដល់ឱ្យក្រុមហ៊ុនឯកជន។

«យើងមើលឃើញថាក្រុមហ៊ុនឯកជន ដែលទទួលបានសិទ្ធិអភិវឌ្ឍទៅលើតំបន់ទេសចរផ្សេងៗ ដូចជាកោះរ៉ុងឬក៏កោះណានានា ហើយនិងតំបន់ការពារធនធានធម្មជាតិផ្សេងៗហ្នឹង គឺតែងតែមានការសាងសង់ជាអគារ មានការឈូសឆាយព្រៃ ជាក់ស្ដែងយើងមើលឃើញការឈូសឆាយព្រៃអស់៦០០ហិកតាជាង នៅភ្នំតាម៉ៅ ថ្មីៗនេះផងដែរចា៎ ហើយក៏ដូចជាការចាក់ដីលុបចូលក្នុងស្ទឹងសង្កែដែលសុទ្ធតែជាគំរូមួយ ដែលបំផ្លិចបំផ្លាញធនធានធម្មជាតិ ធ្វើឱ្យប៉ះពាល់ដល់ជីវៈចម្រុះ។ ដូច្នេះហើយ យើងមិនចង់ឱ្យមានរឿងទាំងអស់ហ្នឹងកើតឡើងនៅកោះកុងក្រៅទេ»។

ក្នុងញត្តិដែលមានអ្នកគាំទ្រប្រមាណ១៣៣,២៤២នាក់ ដាក់ជូនស្ថាប័នរដ្ឋាភិបាលនេះ គឺក្រុមសកម្មជនបរិស្ថានស្នើសុំលក្ខខណ្ឌចម្បងៗចំនួន៣ គឺទី១.ដាក់ពន្លឿនដំណើរការដាក់កោះកុងក្រៅទាំងមូលជាឧទ្យានជាតិសមុទ្រ ទី២. ដកសិទ្ធិអភិវឌ្ឍន៍កោះកុងក្រៅទាំមូលពីក្រុមហ៊ុន Koh Kong SEZ របស់លោកឧកញ៉ា លី យ៉ុងផាត់ និងទី៣. ទម្លាក់គ្រប់បទចោទប្រកាន់មកលើ កញ្ញាឡុង គន្ធា កញ្ញភួន កែវរស្មី លោកថុន រដ្ឋា កញ្ញាស៊ុន រដ្ឋា លោកលី ចាន់ដារ៉ាវុត លោកយ៉ឹម លាងហ៊ី និងសកម្មជនមួយចំនួនទៀត។

បើតាមអង្គការRainforest-rescue កោះកោះកុង ជាកោះធំជាងគេរបស់ប្រទេសកម្ពុជា គឺជាឋានសួគ៌មួយផ្នែកដែលមានព្រៃទំនាបត្រូពិចខៀវស្រងាត់ ទឹកជ្រោះ និងបឹងទឹកសាប ឆ្នេរស និងព្រៃកោងកាង៕

 

Share

ព័ត៌មានទាក់ទង

Image