រឿងរ៉ាវថ្នាក់ដឹកនាំសហជីពចលនាកម្មករប្រចាំនៅរោងចក្រ ហបឡុក (ខេមបូឌា) ឯ.ក ដែលថា ត្រូវបាន ភាគីនិយោជកបណ្ដេញចេញពីការងារ បានក្លាយជារឿងដ៏ចម្រូងចម្រាស់។ ចម្រូងចម្រាស់ដោយហេតុថា ប្រធានផ្នែករដ្ឋបាលនៃរោងចក្រ បានអះអាងថា ការបង្កើតសហជីពរបស់ពួកគេមិនស្របទៅតាមច្បាប់ ព្រោះយកឈ្មោះមនុស្សដែលមិនពាក់ព័ន្ធក្នុងការបង្កើតសហជីពទៅដាក់ក្នុងបញ្ជីសមាជិករបស់ខ្លួន។ លោក គីម ចាន់ចាវ រាយការណ៍
ថ្នាក់ដឹកនាំសហជីពចលនាកម្មករប្រចាំនៅរោងចក្រ ហបឡុក (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល ត្រូវបានភាគីនិយោជកបណ្ដេញចេញពីការងារ ក្រោយពីបានបោះឆ្នោតបង្កើតសហជីពនៅរោងចក្រ ក្នុងគោលបំណងការពារសិទ្ធិសេរីភាព និងផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត ជាពិសេសក្នុងការកែលម្អលក្ខខណ្ឌការងារនៅក្នុងរោងចក្រឲ្យកាន់តែប្រសើរឡើងស្របតាមនីតិវិធីច្បាប់ស្តីពីការងារ និងអនុសញ្ញាអន្តរជាតិខាងការងារ ILO។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សម្ព័ន្ធសហជីពចលនាកម្មករ ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។
កាលពីថ្ងៃទី០៨ ខែកក្កដា កម្មករកម្មការិនីចំនួន ១៦នាក់ បានស្ម័គ្រចិត្ដរួមគ្នាបោះឆ្នោតបង្កើតសហជីពនៅក្នុងរោងចក្រ ហបឡុក ដែលមានលោក យ៉ន វណ្ណៈ ជាប្រធាន។ ក្រោយពីបានបោះឆ្នោតរួច និងបានជូនដំណឹងទៅកាន់រោងចក្រស្ដីពីក្នុងការបង្កើតសហជីព តែភ្លាមនោះត្រូវបានរដ្ឋបាលរោងចក្រកោះហៅទៅគំរាមកំហែងឲ្យលាឈប់ពីសហជីពវិញ។នេះបើតាមការបញ្ជាក់ពីលោក យ៉ន វណ្ណៈ។
លោកបន្ថែមថា ការព្យាយាមប្រើរូបភាពគំរាមពីសំណាក់រោងចក្រនេះ មិនបានសម្រេចឡើយ ដ្បិតក្រុមសហជីពមានភាពសាមគ្គីគ្នាល្អ ដោយមិនមានបុគ្គលណាម្នាក់យល់ព្រមឡើយ។ តែយ៉ាងនេះក្តី ខាងរោងចក្របានប្ដូរយុទ្ធសាស្រ្តបំបែកពួកគេជាថ្មី ដោយកោះហៅស្ថាបនិកសហជីពម្ដងម្នាក់ៗទៅគំរាមកំហែងឲ្យលាឈប់ពីសហជីពដោយគំរាមឱ្យសមត្ថកិច្ចចាប់ខ្លួនពួកគេ បើសិនជានៅតែរឹងធ្វើសហជីពទៀត។ បន្ទាប់ពីទទួលរងនូវគំរាមកំហែងដ៏ធ្ងន់ធ្ងរពីសំណាក់រដ្ឋបាលរួចមក ស្ថាបនិកសហជីពចំនួន ១៥នាក់ បានបង្ខំចិត្តលាលែង ដោយសារការភ័យខ្លាចពីសុវត្ថិភាព។ នេះបើតាមលោក យ៉ន វណ្ណៈ។
«មានអ្នកខ្លះគាត់ភ័យគាត់ គាត់(រដ្ឋបាលរោងចក្រ)សួរថាហេតុអីបានបង្កើតសហជីព? ចឹងដល់ពេលកូនចៅរបស់ខ្ញុំហ្នឹងគាត់ភ័យគាត់ៗ ឆ្លើយថាអត់ដឹង។ គាត់ថាអត់ដឹងទេៗ រដ្ឋបាលក៏បង្គាប់បញ្ជាឱ្យលាលែងពីសហជីព ផ្ដិតមេដៃ។ ហើយបន្ទាប់មកបង្គាប់ឱ្យគាត់ផ្ដិតមេដៃទារជម្ងឺចិត្តម្នាក់៥០០ដុល្លារពីខ្ញុំ ដែលខ្ញុំគេហៅថាបទ ឆរបោកឱ្យគេចូលសហជីពដោយអត់ដឹងខ្លួន។ តែធាតុពិតគាត់ចឹងបានសហជីពណាស់ គាត់ឈឺចាប់ដោយសារគេគាបសង្កត់»។
វិទ្យុស្ត្រីមិនទាន់អាចទាក់ទងសុំការបំភ្លឺពីលោក អ៊ិន រិទ្ធី ប្រធានផ្នែករដ្ឋបាលនៃរោងចក្រហបឡុកបានទេ ប៉ុន្តែ តាមរយៈវិទ្យុសំឡេងសហរដ្ឋអាមេរិកវីអូអេ លោកបានបដិសេធទៅនឹងការចោទថាក្រុមហ៊ុនគំរាមកំហែង។ ប៉ុន្តែ លោក អ៊ិន រិទ្ធី នៅតែចោទថា ការបង្កើតសហជីពរបស់ពួកគេមិនស្របទៅតាមច្បាប់ ព្រោះយកឈ្មោះមនុស្សដែលមិនពាក់ព័ន្ធក្នុងការបង្កើតសហជីពទៅដាក់ក្នុងបញ្ជីសមាជិករបស់ខ្លួន។ វីអូអេបានដកស្រង់សម្ដីដើមរបស់លោកថា ៖ «ហើយគាត់ទៅចោទថារោងចក្ររើសអើងគាត់ ចោទថារោងចក្របញ្ឈប់គាត់ មានមកពីណា។ គាត់ទៅប្តឹងbuyers(អ្នកបញ្ជាទិញ)៣ស្ថាប័នទៀត ឥឡូវខាងBuyers គាត់ចុះមកស៊ើបអង្កេតហើយតើ»។
រូបភាពតំនាង! កម្មការិនីកំពុងដេរសំលៀកបំពាក់ក្នុងរោងចក្រមួយនៅតំបន់សេដ្ឋកិច្ចពិសេស។
ទោះយ៉ាងណាសម្ព័ន្ធសហជីពចលនាកម្មករ ចាត់ទុកជារឿងមួយដែលបន្ដកើតឡើងដដែលៗ ចំពោះការរើសអើសប្រឆាំងនឹងសេរីភាពនៃការបង្កើតសហជីព ដោយការបណ្ដេញឬបញ្ចប់កិច្ចសន្យាការងារ ថ្នាក់ដឹកនាំនិងសកម្មជនសហជីព ចេញពីការងារទាំងកំរោល។ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា បានលើកឡើងថា
ក្រុមសហជីពបានចុះជួបប្រជុំពួកគាត់៣-៤លើកមកហើយ មុននឹងឈានដល់ការបោះឆ្នោតនៅថ្ងៃទី៨ ខែកក្កដា កន្លងទៅក្នុងការបង្កើតសហជីពនេះ ហើយលោក យ៉ន វណ្ណៈ ដែលជាប់ឆ្នោតជាប្រធានសហជីព យកលិខិតនោះទៅជូនរដ្ឋបាលរោងចក្រ។ ក្រោយប្រធានសហជីពដែលជាប់ឆ្នោត យកលិខិតជូនដំណឹងទៅឱ្យរដ្ឋបាល ខាងរោងចក្រក៏ហៅកម្មករ ១៥នាក់ផ្សេងទៀតដែលចូលរួមបោះឆ្នោតនិងជាស្ថាបនិកសហជីព ឱ្យលាលែងទាំងអស់។ ប៉ុន្តែអ្នកទាំង ១៦នាក់បានបដិសេដមិនព្រមលាលែងនោះឡើយ។
«គេហៅទៅម្ដងម្នាក់ដោយគំរាមថានឹងប្រើប្រាស់សមត្ថកិច្ចដើម្បីមកចាប់ពួកគាត់ បើសិនជាពួកគាត់នៅបន្តបង្កើតសហជីព នៅតែបន្តចូលរួមនៅក្នុងចលនាសហជីពហ្នឹងទៀត គេហ្នឹងហៅសមត្ថកិច្ចមកចាប់។ ដូច្នេះធ្វើឱ្យគាត់ភ័យខ្លាច នៅពេលដែលគេហៅមកម្ដងមួយៗ គំរាម»។
ដោយយល់ថា ករណីស្រដៀងនេះបានកើតឡើងមិនចំពោះតែរោងចក្រ ហប ឡុក ខាងលើនេះ លោក ប៉ាវ ស៊ីណា បានជំរុញឲ្យក្រសួងការងារ ចាត់មន្រ្តីជំនាញ ដើម្បីចុះត្រួតពិនិត្យ និងដាក់សម្ពាធ ក៏ដូចជាចាត់វិធានការជាក់លាក់ទៅលើរោងចក្រទាំងឡាយណា ដែលកំពុងរំលោភសិទ្ធិសេរីភាពរបស់កម្មករនៅក្នុងការបង្កើតសហជីព ដែលជាសិទ្ធិត្រូវបានធានាដោយច្បាប់៕