en     km
en     km

តើពិតទេដែលអង្គរក្សអ្នកធំ៤នាក់ធាក់ម៉ូតូពលរដ្ឋតាមផ្លូវ?

Share

មហាជនមានការងឿងឆ្ងល់រឿងអង្គរក្សអ្នកធំ៤នាក់ ដែលជិះម៉ូតូតាមពីក្រោយរថយន្តចៅហ្វាយនាយរបស់ខ្លួនមានរឿងជាមួយពលរដ្ឋតាមផ្លូវឈានដល់ការប្រើហិង្សាជារឿងពិតឬយ៉ាងណា? ករណីនេះត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហៅក្រុមអង្គរក្សទាំងនោះមកសួរនាំ និងឱ្យសុំទោសជាសាធារណៈ។ ការសុំទោសនេះ បន្ទាប់ពីមានការរិះគន់ព្រោងព្រាតពីអ្នកលេងបណ្ដាញ​សង្គម និងព្រួយបារម្មណ៍ពីសន្ដិសុខតាមដងផ្លូវពេលធ្វើដំណើរ។

លោក គីម ចាន់ចាវ រាយការណ៍

 

ហេតុការណ៍មួយដែលបានកើតឡើងរវាងប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ និងបុរស៤នាក់ ជាអង្គរក្សជិះតាមការពាររថយន្តចៅហ្វាយនាយរបស់ខ្លួនម៉ាក Rolls Royce ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2BL-1717 ដោយប៉ះទង្កិចគ្នាជាពាក្យសម្ដី និងឈានដល់ធាក់ម៉ូតូពលរដ្ឋអ្នកដំណើរ  នៅថ្ងៃទី១២ ខែកក្កដា។ ព័ត៌មាននេះត្រូវបានចែកចាយយ៉ាងព្រោងព្រាតនៅលើបណ្ដាញសង្គមដោយខ្លះបានសរសេរសាររិះគន់និងបង្ហាញក្ដីបាម្មណ៍បញ្ហាសន្ដិសុខតាមដងផ្លូវខ្លាចក្រែងមានដូចករណីស្រដៀងនេះ។

ទោះយ៉ាង ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅអង្គរក្សទាំង៤នាក់មកសួរនាំ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ។ អ្នកទាំង៤នោះរួមមាន៖ ទី១៖ ឈ្មោះ មិន សុជាតិ អាយុ៣៧ឆ្នាំ, ទី២៖ ឈ្មោះ កែវ សុវណ្ណូរ៉ា អាយុ៣៤ឆ្នាំ, ទី៣៖ ឈ្មោះ សោប ចាន់ធូ អាយុ៣០ឆ្នាំ និងទី៤៖ ឈ្មោះ អ៊ិត ស៊ុនណាត អាយុ៣៤ឆ្នាំ។

នៅចំពោះមុខសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បុរសទាំង៤នាក់បានឲ្យដឹងថា កាលពីម្សិលមិញ ពួកគេទាំង៤នាក់ បានជិះតាមពីក្រោយដើម្បីការពារចៅហ្វាយនាយរបស់ខ្លួន មកដល់ចំណុចឡឥដ្ឋផ្លូវជាតិ២ ដោយសារចរាចរណ៍ចង្អៀតក៏មានបុរសម្នាក់ជិះម៉ូតូ១គ្រឿងមកក្បែរម៉ូតូរបស់គេ ហើយក៏ប៉ះឈ្នាន់ម៉ូតូគ្នា ពេលនោះពួកគេក៏លើកដៃរាឃាំង មិនឲ្យគាត់ទៅមុខបន្ត។ ពេលនោះហើយដែលធ្វើឲ្យមានការប៉ះទង្គិចពាក្យសម្តីគ្នាទៅវិញទៅមក និងមានកាយវិការមិនសមរម្យ។ ក្រុមអង្គរក្សម្ចាស់រថយន្ដទំនើបខាងលើ បានទទួលស្គាល់រាល់កំហុសខុសឆ្គងដែលកើតមានឡើង។

«យើងខ្ញុំសូមទទួលស្គាល់កំហុងខុសឆ្គង ដែលពួកខ្ញុំបានប្រព្រឹត្ត ដែលបានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍សាធារណៈជននៅតាមដងផ្លូវ និងប្រជាពលរដ្ឋខ្មែរដែលបានឃើញហេតុការណ៍ដោយផ្ទាល់ និងតាមបណ្តាញសង្គម។ សូមប្រជាពលរដ្ឋមានការយោគយល់អធ្យាស្រ័យដល់យើងខ្ញុំផង។យើងខ្ញុំសូមសន្យាថានឹងខិតខំកែប្រែខ្លួនជាពលរដ្ឋល្អ ហើយបើអាចខ្ញុំចង់ជួបបងប្រុសកាលពីម្សិលមិញ ដើម្បីសូមទោសដោយផ្ទាល់»។

បើទោះបីជាអត្តសញ្ញាណរបស់អង្គរក្សទាំង៤នាក់ត្រូវបានបង្ហាញ ប៉ុន្តែសម្រាប់ម្ចាស់រថយន្ដទំនើប Rolls Royce  ដែលជាចៅហ្វាយនាយរបស់ពួកគេមិនត្រូវបានគេទម្លាយឲ្យដឹងនៅឡើយទេ៕

 

 

Share

ព័ត៌មានទាក់ទង

Image