ស្ដ្រីកម្មការិនីមានផ្ទៃពោះរោងចក្រ៣នាក់នៅខេត្តស្វាយរៀង ត្រូវបានបណ្ដេញចេញពីការងារភ្លាមៗ ក្រោយរកឃើញថាឈប់សម្រាកឥតច្បាប់ជាច្រើនដង។ យ៉ាងណាករណីនេះ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្វាយរៀង បានអន្ដរាគមន៍ជួយសម្របសម្រួលឱ្យកម្មការិនីបានចូលធ្វើការវិញហើយ។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
ភ្នំពេញ៖ កម្មការិនីមានផ្ទៃពោះ ចំនួន ៣នាក់ដែលបម្រើការងារនៅក្នុងរោងចក្រ សាន ហ្វេង ខេមបូឌា ខមភេនីលីមីធិត ( San Feng Factory Company limited) ត្រូវបានថៅកែជាជនជាតិចិនបញ្ឈប់ពីការងារភ្លាមៗដោយមិនបានប្រាប់ពីមូលហេតុច្បាសលាស់ ។
តែបើតាមសម្ព័ន្ធសហជីពចលនាកម្មករបានឱ្យដឹងថា កម្មការិនីទាំង ៣ នាក់ខាងលើ នៅមានសុពលភាពក្នុងកិច្ចសន្យាការងារនៅឡើយ។ សម្រាប់ទង្វើនេះត្រូវបានសហជីពចលនាកម្មករចាត់ទុកថា ជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់ការងារ និងអនុសាសន៍របស់ប្រមុខរដ្ឋាភិបាលកម្ពុជា។
ទាក់ទិនក្នុងរឿងនេះ កម្មការិនីម្នាក់ដែលត្រូវបានថៅកែរោងចក្របញ្ឈប់ និងមានផ្ទៃពោះ៣ខែ មានឈ្មោះថា លម រ៉ានីន កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ខ្លួនបានចេញលិខិតសុំជំនួយមួយទៅកាន់លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករឱ្យជួយអន្តរាគមន៍ ទាក់ទងករណីក្រុមហ៊ុនបានបញ្ឈប់ការងារទាំងខ្លួនស្ថិតក្នុងកិច្ចសន្យានៅឡើយ ខណៈនាងកំពុងតែមានផ្ទៃពោះ ៣ខែជាងផង។
តាមលិខិតរបស់កម្មការិនី លម រ៉ានីន បានលើកឡើងថា កាលពីថ្ងៃទី១០ ខែកក្កដា កន្លងទៅ នៅវេលាម៉ោង ៣ និង៤០នាទីរសៀល ប្រធានផ្នែកអ្នកគ្រប់គ្រងលើកម្មការិនីមានផ្ទៃពោះឈ្មោះ វី ភេទស្រី បានប្រាប់ទៅរូបនាងខណៈកំពុងបំពេញការងារថា ជនជាតិចិនបានដកកាតរបស់នាងបាត់ទៅហើយ ថ្ងៃស្អែកមិនបាច់មកធ្វើការនោះទេ បន្ទាប់មមនាងត្រូវបានបណ្ដេញចេញពីរោងចក្រ។
ផ្អែកគេហទំព័រសម្ព័ន្ធសហជីពចលនាកម្មករលោក ប៉ាវ ស៊ីណា បានលើកឡើងថា លោកសង្កេតឃើញមានករណី រើសអើងកម្មការិនីមានផ្ទៃពោះ នៅតែកើតមានជាបន្តបន្ទាប់ បើទោះជាបញ្ហានេះ ត្រូវបានរាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់យ៉ាងក៏ដោយ ។ ករណីនេះលោកថា ក្រសួងការងារត្រូវពិនិត្យមើលឲ្យបានហ្មត់ចត់ និងមានវិធានការជាក់លាក់ទៅលើក្រុមហ៊ុនណា ដែលនិងកំពុងបំពានច្បាប់ស្តីការងារ និងអនុសាសន៏របស់ប្រមុខដឹកនាំកម្ពុជា។
រោងចក្រ សាន ហ្វេង ខេមបូឌានេះ មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត ខេត្ដស្វាយរៀង។ លោក អ៊ូ សុខឿន ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្វាយរៀងបានប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី១២ ខែកក្កដានេះថា ក្រុមការងារមន្ទីរបានចុះទៅពិនិត្យដល់រោងចក្រនាព្រឹកមិញនេះ ដោយលទ្ធផល មន្ទីរការងារបានសម្របសម្រួលដល់ភាគីទាំងពីរឱ្យទទួលយកបុគ្គលិកវិញ ហើយបុគ្គលិកនឹងចូលធ្វើការវិញនៅថ្ងៃស្អែក។
បើតាមការបញ្ជាក់ពីមន្ទីរការងារខេត្តស្វាយរៀងដដែលឱ្យដឹងថា មូលហេតុដែលរោចក្រសម្រេចបញ្ឈប់ការងារស្ដ្រីដែលមានផ្ទៃពោះជាង៣ខែខាងលើ ដោយសារស្ដ្រីរូបនោះបានឈប់សម្រាកដោយមិនដាក់ច្បាប់ជាច្រើនដង និងទទួលការព្រមានជាញឹកញាប់ដែរ។ប្រការនេះ ទើបរោងចក្រសម្រេចអនុវត្តតាមបទបញ្ជាផ្ទៃក្នុងបញ្ឈប់ការងាររបស់ស្រ្តីរូបនោះ៕