en     km
en     km

តើចំណាត់ការរបស់រដ្ឋាភិបាលលើក្រុមហ៊ុនហ្វេសប៊ុកជាមធ្យោបាយប្រសើរឬយ៉ាងណា?

Share

បន្ទាប់ក្រុមហ៊ុនMeta (ហ្វេសប៊ុក) សម្រេចព្យួរទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច ហ៊ុន សែន ខណៈសម្តេចបានប្រកាសឈប់ប្រើជាផ្លូវការនៅមុនការសម្រេចនេះ ស្ថាប័នចំណុះរដ្ឋាភិបាលបានប្រកាសបណ្តេញតំណាងក្រុមហ៊ុនហ្វេសប៊ុក(Facebook) ចេញពីកម្ពុជា និងហាមឃាត់សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ២២នាក់នៃក្រុមហ៊ុនMeta (ហ្វេសប៊ុក)មិនឱ្យចូលកម្ពុជា។ ទោះយ៉ាងណា មានការបង្ហាញទន្សនផ្សេងៗគ្នា ដោយអ្នកវិភាគយល់ថា ចំណាត់ការតបរបស់កម្ពុជាអាចឱ្យមានភាពស្មុគ្រស្មាញសម្រាប់កម្ពុជាលើកឆាកអន្តរជាតិ។ ចំណែកមន្ត្រីជាន់ខ្ពស់រាជបណ្ឌិត្យសភាកម្ពុជា បានលើកហេតុផលថា ចំណាត់ការតបរបស់កម្ពុជានេះ គឺជាការអនុវត្តជាច្បាប់ទូទៅ ដែលប្រទេសជាច្រើនបានអនុវត្តស្រដៀងនេះ។ លោក គីម ចាន់ចាវ រាយការណ៍

 

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចេញសេចក្ដីប្រកាសព័ត៌មានកាលពីម៉ោងជិត១២យប់ថ្ងៃទី៣០មិថុនាថា ក្រសួងសម្រេចបណ្តេញតំណាងក្រុមហ៊ុនហ្វេសប៊ុក(Facebook) ចេញពីកម្ពុជា និងបញ្ឈប់រាល់សកម្មភាពដូចជា ភាពជាតំណាងរបស់ក្រុមហ៊ុន ទំនាក់ទំនងជាមួយរាជរដ្ឋាភិបាល និងកិច្ចសហការដៃគូក្នុងវិស័យឯកជននៅព្រះរាជាណាចក្រកម្ពុជាចាប់ពីពេលនេះតទៅ។

ក្រសួងសម្រេចដូច្នេះដោយអះអាងថា ក្រសួងពិនិត្យឃើញភាពមិនប្រក្រតីនៃសេវារបស់ក្រុមហ៊ុនហ្វេសប៊ុក (Facebook) សម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា ដូចជាការបង្កើតគណនីក្លែងបន្លំ ហានិភ័យលើទិន្នន័យឯកជន ការប្រើប្រាស់និងការប្រមូលទិន្នន័យឯកជន ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ កង្វះគណនេយ្យភាពនិងតម្លាភាព និងការជ្រៀតជ្រែកចូលកិច្ចការនយោបាយរបស់ប្រទេសជាអាទិ៍។

ចំណែកក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសកម្ពុជា បានចេញបញ្ជីរាយនាមឈ្មោះបុគ្គលចំនួន២២រូប ដែលជាសមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ (Oversight Board) នៃក្រុមហ៊ុន Meta ដោយចាត់ទុកថាជាបុគ្គលដែលមិនអាចទទួលយកបាន (PERSONA NON GRATA)។បុគ្គលទាំង២២នោះ ត្រូវបានហាមឃាត់មិនឱ្យចូលកម្ពុជា។ ក្នុងករណីមានវត្តមាននៅកម្ពុជា ពួកគេត្រូវចាកចេញពីទឹកដីកម្ពុជា ក្នុងរយៈពេល៤៨ម៉ោង ដោយគិតចាប់ពីម៉ោង៤ល្ងាចថ្ងៃទី៤ ខែកក្កដា។

ក្រសួងការបរទេសកម្ពុជា«អនុសាសន៍របស់ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platforms Inc. ឱ្យផ្អាកគណនីហ្វេសប៊ុកផ្លូវការ សម្តេច ហ៊ុន សែន គឺមានលក្ខណៈនយោបាយ»។ កម្ពុជាថា មិនអាចទទួលយកបានឡើយ ចំពោះអនុសាសន៍ដែលមានចេតនា រារាំងសេរីភាពសារព័ត៌មានរបស់ប្រជាពលរដ្ឋកម្ពុជា និងសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មានពិតពីថ្នាក់ដឹកនាំដែលពួកគេពេញចិត្ត។

ចំណាត់ការជាបន្តបន្ទាប់របស់ក្រសួងពាក់ព័ន្ធទាំងពីរនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ក្រុមហ៊ុន Meta (ហ្វេសប៊ុក) សម្រេចព្យួរទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច ហ៊ុន សែន ខណៈសម្តេចបានប្រកាសឈប់ប្រើជាផ្លូវការនៅមុនការសម្រេចទៅទៀត។

លោកបណ្ឌិត មាស នី អ្នកវិភាគនយោបាយ និងបញ្ហាសង្គមនៅកម្ពុជាយល់ថា ចំណាត់ការរបស់រដ្ឋាភិបាលនេះជារឿងធម្មតាដែលប្រទេសនីមួយៗ ឬនាយករដ្ឋមន្ត្រីនៃប្រទេសត្រូវការពារខ្លួន ក៏ប៉ុន្តែលោកជំរុញឱ្យការឆ្លើយតបនេះត្រូវមើលពីលក្ខខណ្ឌដែលនាំកើតមានការកំហិតនេះផងដែរ ដោយចៀសវាងបញ្ហាប៉ះពាល់បុគ្គលតែម្នាក់ ប៉ុន្តែការឆ្លើយតបអាចជះឥទ្ធិពលដល់មនុស្សទូទាំងប្រទេស។ ទោះយ៉ាងណាលោកសាទរ ដែលសម្តេច ហ៊ុន សែន ធ្លាប់ប្រកាសថានឹងមិនមានការបិទហ្វេសប៊ុកទូទាំងប្រទេសឡើយ។

អ្នកលេងហ្វេសប៊ុកវ័យចំណាស់ម្នាក់ ដែលតែងបង្ហោះទស្សនគំនិតរបស់ខ្លួន គឺលោក អ៊ុំ តារា បង្ហាញទស្សនជុំវិញបញ្ហានេះថា »យើងបិទត្រឹមការិយាល័យគេប្រចាំនៅកម្ពុជា គេមិនសូវចាប់អារម្មណ៍ប៉ុន្មានទេ ប៉ុន្តែដល់ថ្នាក់បិទមនុស្សសំខាន់របស់គេ២២នាក់ មិនឱ្យជាន់ទឹកដីកម្ពុជា មានន័យថា យើងប្រឆាំងនិងក្រុមហ៊ុនគេមែនទែន អឺចឹងតើគេទុកឱ្យយើងប្រើផលិតផលគេទៀតដែរឬអត់?»

ជាមួយគ្នានេះលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ទទួលស្គាល់ថា ក្រុមហ៊ុន Meta (ហ្វេសប៊ុក) មានគោលការណ៍ក្នុងការប្រើប្រាស់ ប៉ុន្តែលោកយល់ថា ទាំងភាគីក្រុមហ៊ុន Meta (ហ្វេសប៊ុក) និងរាជរដ្ឋាភិបាលកម្ពុជា គួរតែមានលក្ខខណ្ឌប្រសើរមួយជាមួយគ្នា។

ងាកមកលោកបណ្ឌិត មាស នី វិញលោកយល់ថា ចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជាលើសមាជិកក្រុមហ៊ុនហ្វេសប៊ុកនេះ អាចឱ្យមានភាពស្មុគ្រស្មាញសម្រាប់កម្ពុជាលើកឆាកអន្តរជាតិ។ មួយចំណុចទៀតលោកព្រួយបារម្ភពីស្ថានភាពហ្វេសប៊ុកនៅកម្ពុជា ថាតើអាចដំណើរការប្រក្រតីដូចពេលកន្លងមកឬយ៉ាងណា?

ចំណែកលោកបណ្ឌិតគិន ភា យល់ថាចំណាត់ការរបស់រដ្ឋាភិបាលដែលហាមឃាត់សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ (Oversight Board) នៃក្រុមហ៊ុន Meta ទាំង២២នោះ មិនឱ្យចូលកម្ពុជា គឺជាការអនុវត្តជាទូទៅទាំងតំបន់និងពិភពលោក។

ទោះយ៉ាងណា ទាំងអ្នកជំនាញនយោបាយខាងលើ និងពលរដ្ឋចាត់ទុកថា ហ្វេសប៊ុកជាបណ្ដាញសង្គមដ៏ពេញនិយមស្ទើរគ្រប់ស្រទាប់វណ្ណៈ។ ជាង១០ឆ្នាំចុងក្រោយនេះ អ្នកលេងហ្វេសប៊ុកបានប្រើប្រាស់វាសម្រាប់ការកម្រាន្ត ចែករំលែករឿងរ៉ាវនានា និងព័ត៌មាន ជាពិសេសវាបានក្លាយជាកន្លែងរកស៊ី ដែលអាចផ្សព្វផ្សាយលក់ផលិតផលយ៉ាងផុសផុល។

លោក អ៊ុំ តារា យល់ថា «ហ្វេសប៊ុកជាវេទិការបញ្ចេញមតិដ៏មានប្រសិទ្ធភាព ព្រោះងាយចែករំលែកគ្នា។ ក្រុមដែលទាមទារឱ្យរដ្ឋាភិបាលបិទហ្វេសប៊ុកគឺជំពូកមនុស្សមានចេតនាបិទសេរីភាពព័ត៌មាន ក្រុមមនុស្សអស់នេះហើយដែលរីករាយធ្វើអ្វីតាមទំនើងចិត្តក្រោយប្រព័ន្ធព័ត៌មានត្រូវបានកំរឹតកំណត់។

តិកតុកអាចប្រើត្រឹមបង្ហោះវីឌីអូខ្លីៗកំសាន្តប៉ុណ្ណោះ តែមិនអាចសរសេរអត្ថបទបានទេ ឯTwitter ក៏មិនទូលំទូលាយដូច facebook ដែរ វាគ្រាន់ជាកន្លែងចែកចាយសារខ្លីៗរបស់អ្នកយកព័ត៌មាន អ្នកនយោបាយ និងសិល្បករល្បីៗ»។

អ្នកមានប្រជាប្រិយលើហ្វេសប៊ុករូបនេះក៏ព្រមានផងដែរថា ផ្តាច់ទំនាក់ទំនងជាfriend ជាមួយអ្នកដែលទាមទារឱ្យបិទហ្វេសប៊ុក ហើយលោកលើកឡើងក្នុងន័យបញ្ចើចដល់អ្នកគាំទ្រឱ្យបិទហ្វេសប៊ុកថា «អ្នកអាច blockខ្ញុំមុនក៏បាន»៕

Share

ព័ត៌មានទាក់ទង

Image