en     km
en     km

អង្គការមួយរកឃើញថាការបោះឆ្នោតនៅកម្ពុជាបន្ដខ្វះភាពសេរីនិងយុត្តិធម៌ ខណៈ គ ជ ប បដិសេធ

Share

អង្គការបណ្ដាញអាស៊ីសម្រាប់ការបោះឆ្នោតដោយសេរី ANFREL បានចេញរបាយការណ៍មួយដោយមើលឃើញពីគ្រប់ទិដ្ឋភាពនៃដំណើរការមុនការបោះឆ្នោតថា កង្វះការចូលរួមពីបក្សប្រឆាំងដ៏មានប្រជាប្រិយភាព ក្នុងនោះមានការសង្កត់ធ្ងន់លើសង្គមស៊ីវិល រិតត្បិតលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ពោលគឺខ្វះភាពសេរី និងយុត្តិធម៌។ តែយ៉ាងណា គ.ជ.ប ដែលជាស្ថានប័នរៀបចំការបោះឆ្នោតធ្លាប់បានលើកឡើងថា របាយការណ៍ដែលចេញអំឡុងមុនការបោះឆ្នោត ជាការបង្កឱ្យមានការភន្ដច្រលំដល់កម្ពុជា។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖


អង្គការបណ្ដាញអាស៊ីសម្រាប់ការបោះឆ្នោតដោយសេរី ANFREL បានចេញរបាយការណ៍មួយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ដោយបង្ហាញថា ការបោះឆ្នោតនៅកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ គឺនៅតែបន្ដខ្វះភាពសេរី និងយុត្តិធម៌។
ការលើកឡើងរបស់អង្គការ ANFREL ដូច្នេះដោយហេតុថា កាលពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ អង្គការនេះបានដាក់ក្រុមការងារ ៣នាក់ ទៅសម្ភាសន៍អ្នកពាក់ព័ន្ធសំខាន់ៗក្នុងការបោះឆ្នោតតំណាងរាស្ដ្រនីតិកាលទី៧នេះ។
ក្រុមការងាររបស់អង្គការអន្ដរជាតិនេះ បានរាយការណ៍ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានភាពលម្អៀងទៅកាន់បក្សកាន់អំណាច អាចធ្វើឱ្យខូចដល់សុចរិតភាពនៃដំណើរការបោះឆ្នោត។ ក្រៅពីនេះ អវត្តមាននៃបក្សប្រឆាំងដ៏មានប្រជាប្រិយភាព គឺគណបក្សភ្លើងទៀន ក៏ជាឧទាហរណ៍ជាក់ស្តែងមួយបង្ហាញពីលំហនយោបាយថា មានការរឹតត្បិតខ្ពស់ និងធ្ងន់ធ្ងរលើគណបក្សប្រឆាំងដែរ។


បើយោងតាមរបាយការណ៍ពីអង្គការ ANFREL ដដែលក៏បានដាក់មានការព្រួយបារម្ភអំពីការថយចុះនៃសង្គមស៊ីវិល និងការកំណត់គោលដៅដោយចេតនាលើអ្នកការពារសិទ្ធិមនុស្ស និងសកម្មជនថា ជាហេតុនាំឱ្យការបោះឆ្នោតខ្វះភាពសេរី និងយុត្តិធម៌ដែរដែរ។
ទាក់ទងនិងប្រព័ន្ធផ្សព្វផ្សាយវិញ ANFRELបានបង្ហាញថា សេរីភាពសារព័ត៌មាន និងការទទួលបានព័ត៌មានគឺមានដែនកំណត់ ហើយប្រព័ន្ធផ្សព្វផ្សាយឯករាជ្យក៏ប្រឈមមុខនឹងការរឹតបន្តឹង ជាមួយគ្នាអ្នកសារព័ត៌មានជួបប្រទះការយាយីជាដើម។
លើសពីនេះ របាយការណ៍ ANFREL បន្ថែមថា ការលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយពហុនិយម ការការពារសិទ្ធិរបស់អ្នកសារព័ត៌មាន និងការធានាឱ្យមានសិទ្ធិទទួលបានព័ត៌មានដោយសមធម៌សម្រាប់តួអង្គនយោបាយ និងប្រជាពលរដ្ឋទាំងអស់ គឺជាកត្តាចាំបាច់ ដើម្បីធានាឱ្យមានដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌។
រីឯកត្តាដែលនាំឱ្យការបោះឆ្នោតខ្វះភាពសេរី និងយុត្តិធម៌បន្ដទៀត គឺបណ្ដាលមកពីការចូលរួមពីវិស័យទន់ខ្សោយ ដូចជាស្ត្រី ជនជាតិភាគតិច ជនមានពិការភាព និងយុវជននៅមានកម្រិតដូចគ្នា។
ដោយមើលឃើញពីគ្រប់ទិដ្ឋភាពមានសភាពបែបនេះ អង្គការបណ្ដាញអាស៊ីសម្រាប់ការបោះឆ្នោតដោយសេរី ANFREL បានវាយតម្លៃថា ការបោះឆ្នោតដែលនឹងមកដល់នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនឹងបន្តខ្វះភាពសេរី និងយុត្តិធម៌។
អង្គការអន្ដរជាតិមួយនេះ បានស្នើឱ្យអាជ្ញាធរកម្ពុជាធ្វើការកែតម្រូវចំណុចខ្វះខាតទាំងនេះ និងធានាថាការបោះឆ្នោតនាពេលខាងមុខពិតជាប្រកាន់ខ្ជាប់នូវគោលការណ៍យុត្តិធម៌ គណនេយ្យភាព និងការគោរពសិទ្ធិមនុស្ស។ បើការខកខានក្នុងការដោះស្រាយកង្វល់ទាំងនេះនឹងបន្តដំណើរការបោះឆ្នោតខុសឆ្គង និងគ្មានលទ្ធិប្រជាធិបតេយ្យ ដែលមិនឆ្លុះបញ្ចាំងពីឆន្ទៈ និងសេចក្តីប្រាថ្នារបស់ប្រជាជនកម្ពុជា។
កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ Human Right Watch ក៏បានចេញរបាយការណ៍បង្ហាញពីការព្រួយបារម្ភថា ការរាប់សន្លឹកឆ្នោតក្នុងការបោះឆ្នោតខាងមុខ អាចនឹងមានភាពមិនប្រក្រតីដែរ ដោយសារកាលពីបោះឆ្នោតឃុំ/សង្កាត់ឆ្នាំ២០២២ មានភាពមិនប្រក្រតីកើតឡើង។
ទោះបីជាមានការចេញរបាយការណ៍ពីអង្គការអន្ដរជាតិនានា តែអ្នកនាំពាក្យ គ.ជ.ប ចេញមុខអះអាងថា របាយណ៍ការណ៍នោះគឺបង្កឱ្យមានការភន្ដច្រលំដល់ដំណើរការបោះឆ្នោតនៅកម្ពុជា ដោយសំអាងថាភាពមិនប្រក្រតីនេះ សូម្បីតែប្រទេសមហាអំណាចធំៗដូចជាបារាំង អាមេរិកក៏កើតមានដែរ៕

Share

ព័ត៌មានទាក់ទង

Image