en     km
en     km

តើធ្វើដូចម្តេចទើបដឹងថា អ្នកមានជំងឺខ្សោយបេះដូង (Heart Failure)?

Share

តាមរបាយការណ៌របស់សមាគមន៍គ្រូពេទ្យជំងឺបេះដូងរបស់អឺរ៉ុបឆ្នាំ ២០១៧ (ESC)បានបង្ហាញថា ចំនួនអ្នកជំងឺខ្សោយបេះដូងនៅលើពិភពលោកមានប្រមាណ ៦២លាននាក់ ដែលជាមូលហេតុទី ១ នៃការចូលសម្រាកពេទ្យ ចំពោះអ្នកជំងឺដែលមានអាយុលើសពី ៦៥ឆ្នាំ។

 

រូបភាពនេះមានប្រភពពីមន្ទីរពេទ្យកាល់ម៉ែត

 

ចំពោះអត្រាមរណៈភាពរបស់ជំងឺនេះគឺមានអត្រាខ្ពស់ ពោលគឺមាន ៣០% បានស្លាប់ក្នុងអំឡុងពេល ១ឆ្នាំ និងមានអត្រា ៦០% ទៀតបានស្លាប់ក្នុងកំឡុងពេល ៥ឆ្នាំ ក្រោយបានធ្វើរោគវិនិច្ឆ័យរួច។ នេះបើយោងតាមការបង្ហាញរបស់គេហទំព័រសុខភាព heathtime។ 

តើអ្វីជាជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ?

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

 

ជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ គឺជាការចុះខ្សោយនូវសមត្ថភាពរបស់បេះដូងក្នុងការច្របាច់បញ្ជូនឈាមឱ្យបានគ្រប់គ្រាន់ដល់សរីរាង្គផ្សេងៗក្នុងរាងកាយ។ ជំងឺនេះអាចកើតមានលើមនុស្សគ្រប់អាយុ គ្រប់វ័យ ប៉ុន្តែជាទូទៅជំងឺនេះច្រើនកើតលើមនុស្សដែលមានវ័យចំណាស់។ នេះបើយោងតាមការបង្ហាញលើទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត។

 

រូបភាពនេះមានប្រភពពីមន្ទីរពេទ្យកាល់ម៉ែត

 

បន្ថែមពីនេះ មន្ទីរពេទ្យកាល់ម៉ែតក៏បានលើកឡើងពីរោគសញ្ញានៃជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយនេះផងដែរ។ ជំងឺនេះ មានរោគសញ្ញាចំបងដូចជា៖ អ្នកជំងឺមានអាការៈហត់ដង្ហក់ ពិបាកដកដង្ហើមពេលធ្វើចលនា ឬពេលនៅស្ងៀម និងពេលគេងផ្ងារជាដើម។ លើសពីនេះ អ្នកជំងឺនឹងមានអាការៈអស់កំលាំងល្ហិតល្ហៃ ហើមជើងទាំងសងខាង និងមានញ័រទ្រូង ឬចង្វាក់បេះដូងលោតញាប់ជាងធម្មតា។ ជាពិសេស អ្នកជំងឺខ្សោយបេះដូងមានក្អកជាប្រចាំ ឬដកដង្ហើមលឺសូរ “ងឺៗ” ហើយថែមទាំងមានកំហាកពណ៌ស ឬពណ៌ផ្កាឈូក និងមានលាយឈាមផងដែរ។           

បន្ថែមលើសពីនេះ រោគសញ្ញាទាំងអស់នេះអាចកើតមានភ្លាមៗយ៉ាងស្រួចស្រាវ ឬកើតមានបន្តិចម្តងៗ អាស្រ័យទៅតាមមូលហេតុ និងស្ថានភាពរបស់អ្នកជំងឺ។

 

រូបភាពនេះមានប្រភពពីមន្ទីរពេទ្យកាល់ម៉ែត

 

យ៉ាងណាមិញ មូលហេតុដែលបណ្តាលឱ្យកើតជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយមានដូចជា៖ ជំងឺស្ទះសរសៃឈាមបេះដូង និងស្លោកសាច់បេះដូង (Ischemic Heart Disease and Heart Attack) ជំងឺលើសសម្ពាធឈាម (Hypertension) និងជំងឺខូចប្រើសបេះដូងជាដើម (Valvular Heart Disease) ។ មួយវិញទៀតក៏អាចបណ្តាលមកពីជំងឺវិបត្តិសាច់ដុំបេះដូង និងរលាកសាច់ដុំបេះដូង (Cardiomyopathy and Myocarditis)  ជំងឺវិបត្តិចង្វាក់បេះដូង (Arrhythmia) ដូចជាបេះដូងដើរលឿនខុសចង្វាក់ (Atrial Fibrillation) និងជំងឺបេះដូងពីកំណើត (Congenital Heart Disease) និងជំងឺបេះដូងចំហរថតខាងលើផងដែរ (Atrial Septal Defect)។ ជាងនេះក៏មានមូលហេតុផ្សេងទៀត ដូចជាជំងឺរ៉ាំរ៉ៃមួយចំនួន ដូចជាជំងឺទឹកនោមផ្អែម ជំងឺអេដស៍ និងជំងឺពកកជាដើម។

រូបភាពនេះមានប្រភពពីមន្ទីរពេទ្យកាល់ម៉ែត

 

តទៅនេះ យើងនឹងលើកយកនូវវិធានការសំខាន់ៗ ដើម្បីបង្ការជំងឺខ្សោយបេះដូងនេះតាមការបង្ហាញរបស់មន្ទីរពេទ្យកាល់ម៉ែតដូចតទៅ៖

គន្លឹះដ៏សំខាន់ក្នុងការបង្ការកុំឱ្យកើតមានជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ គឺអ្នកត្រូវធ្វើយ៉ាងណាដើម្បីកាត់បន្ថយហានិភ័យផ្សេងៗដែលជាមូលហេតុនាំឱ្យកើតមានជំងឺនេះ។ ហើយការកាត់បន្ថយហានិភ័យទាំងនេះ តំរូវឱ្យមានទម្លាប់រស់នៅដែលនាំឱ្យមានសុខភាពល្អ និងព្យាបាលជំងឺដែលជាដើមហេតុនៃជំងឺខ្សោយបេះដូងជាដើម។

ចំពោះទម្លាប់រស់នៅ ដែលនាំឱ្យមានសុខភាពល្អក្នុងការបង្ការជំងឺខ្សោយបេះដូងនេះមានដូចជា៖ កុំជក់បារី និងពិសារគ្រឿងស្រវឹង ធ្វើលំហាត់ប្រាណនិងរក្សាទំងន់ឱ្យបានខ្ជាប់ខ្ជួន និងបរិភោគអាហារដែលល្អសម្រាប់សុខភាពដូចជា បន្លែ ផ្លែឈើ និងត្រីជាដើម។ ជាពិសេសនោះ ត្រូវកាត់បន្ថយភាពស្ត្រេស ភាពតានតឹង និងត្រូវព្យាបាលជំងឺរ៉ាំរ៉ៃមួយចំនួន ដូចជាជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាមឱ្យបានត្រឹមត្រូវ។ 

 

រូបភាពនេះមានប្រភពពីមន្ទីរពេទ្យកាល់ម៉ែត

 

ជាចុងក្រោយមន្ទីរពេទ្យកាល់ម៉ែតក៏បានផ្តល់អនុសាសន៍សម្រាប់អ្នកជំងឺខ្សោយបេះដូងដូចជា អ្នកជំងឺត្រូវលេបថ្នាំឱ្យបានទៀងទាត់ និងត្រឹមត្រូវតាមវេជ្ជបញ្ជា  ត្រូវរក្សាទំងន់ឱ្យបានសមស្រប និងត្រូវកាត់បន្ថយការបរិភោគអំបិល ជាតិប្រៃ ហើយអ្នកជំងឺត្រូវណាត់ជួបគ្រូពេទ្យ បើមានរោគសញ្ញាមិនធម្មតា ឬធ្ងន់ធ្ងរកើតមានឡើង។ ដោយឡែកអ្វីដែលអ្នកជំងឺមិនគួរធ្វើនោះមានដូចជា៖ អ្នកជំងឺមិនត្រូវភ្លេចលេបថ្នាំនោះទេ មិនត្រូវជក់បារី និងសេពគ្រឿងស្រវឹង ជាពិសេសអ្នកជំងឺមិនត្រូវលេបថ្នាំតាមចិត្តខ្លួនឯងឡើយ៕

Share

ព័ត៌មានទាក់ទង

Image