ការឈឺចុកចាប់និងការរលាករ៉ាំរ៉ៃលើសន្លាក់មួយ ឬច្រើន គឺជារោគសញ្ញា និងជាផលរំខានមួយ ដែលជួបប្រទះជាញឹកញាប់ក្នុងជីវភាពរស់នៅរបស់ប្រជាជនសព្វថ្ងៃ។ ការវិវត្តន៍យ៉ាងសន្សឹមៗនៃជំងឺនេះ ហាក់ដូចជាមិនបានទទួលការចាប់អារម្មណ៍ពីអ្នកជំងឺប៉ុន្មាននោះទេ។ ប៉ុន្តែទាំងនេះសុទ្ធសឹងជាហានិភ័យនិងក្តីបារម្ភមួយដែលគួរប្រុងស្មារតី និងគួរពិចារណាផងដែរ។ នេះបើយោងតាមការលើកឡើងរបស់មន្ទីរពេទ្យកាល់ម៉ែត។
តើអ្វីជាជំងឺរលាកសន្លាក់រ៉ាំរ៉ៃ?
យោងតាមគេហទំព័រសុខភាព healthline បានបង្ហាញថា ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ (Rheumatoid arthritis) ជាប្រភេទមួយនៃជំងឺ autoimmune ដែលបណ្តាលឱ្យមានឈឺសន្លាក់ រលាក និងមានការខូចខាចសន្លាក់ពាសពេញរាងកាយ។ ហើយប្រសិនដៃឬជើងម្ខាងមានរលាកសន្លាក់ នោះដៃឬជើងម្ខាងទៀតនឹងទទួលរងផលប៉ះពាល់ផងដែរ។
បន្ថែមពីនេះចំពោះជំងឺរលាកសន្លាក់រុំារ៉ៃនេះ ត្រូវបានសម្គាល់ដោយរោគសញ្ញានៃរលាក និងឈឺចាប់ក្នុងសន្លាក់។ ជាពិសេសរោគសញ្ញានៃជំងឺនេះក៏អាចមានដូចជា មានឈឺចុកចាប់និងហើមនៅក្នុងសន្លាក់មួយឬច្រើន មានរោគសញ្ញាសន្លាក់នៅផ្នែកទាំងសងខាងនៃរាងកាយ ហើយសន្លាក់បាត់បង់មុខងារនិងមានខូចទ្រង់ទ្រាយជាដើម។ រោគសញ្ញាផ្សេងទៀតគឺ អ្នកជំងឺមានភាពទន់ខ្សោយ អស់កម្លាំង មានគ្រុនក្តៅតិចតួច និងមានបាត់បង់់ចំណង់អាហារផងដែរ។
លើសពីនេះរោគសញ្ញានៃជំងឺរលាកសន្លាក់រ៉ាំរ៉ៃ ជាទូទៅប៉ះពាល់ដល់ សន្លាក់ដៃ កដៃ និងជង្គង់ ហើយក៏អាចប៉ះពាល់ដល់ជាលិកា និងសរីរាង្គពាសពេញរាងកាយរួមមានទាំងសួត បេះដូង និងភ្នែកទៀតផង។
ដោយឡែកតាមការបង្ហាញរបស់មន្ទីរពេទ្យកាល់ម៉ែត ជំងឺរលាកសន្លាក់រ៉ាំរ៉ៃអាចបណ្ដាលមកពីមូលហេតុផ្សេងៗជាច្រើនដូចជា៖ ការសឹករិចរឹលនៃសន្លាក់រ៉ាំរ៉ៃ (degenerative arthritis) ជំងឺរលាកសន្លាក់ដោយសារបញ្ហាមេតាបូលីស និងជាតិកំបោរ (microcrystalline and metabolic rheumatism) ជំងឺរលាកលើស្រោមសន្លាក់រ៉ាំរ៉ៃ (rheumatoid arthritis) និងជំងឺរលាកលើសរសៃពួររ៉ាំរ៉ៃ (spondyloarthritis) ហើយនឹងជំងឺរលាកសន្លាក់ដោយប្រព័ន្ធភាពស៊ាំលើកុមារ (systemic juvenile idiopathic arthritis) ។ល។
ម៉្យាងវិញទៀតក៏មានកត្តាមួយចំនួនដែលបង្កហានិភ័យនៃជំងឺរលាកសន្លាក់រុំារ៉ៃនេះដែរ ហើយកត្តាទាំងនោះមានដូចជា កត្តាអាយុ។ ជំងឺនេះភាគច្រើនមានក្នុងចំណោមអាយុជាង ៥០ ឆ្នាំ ហើយជារឿយៗ ជំងឺនេះតែងតែកើតមានចំពោះស្រ្តីអំឡុងវ័យដែលអាចបង្កើតកូនបានពោលគឺ ចន្លោះអាយុ ១៥ ទៅ ៤៤ ឆ្នាំ។ ចំណែកឯកត្តាផ្សេងទៀតគឺ ភេទ។ ជំងឺរលាកសន្លាក់រុំារ៉ៃនេះភាគច្រើនកើតមានចំពោះស្រ្តី ច្រើនជាងបុរស។ ជាពិសេសស្រ្តីដែលមិនធ្លាក់ផ្តល់កំណើត អាចមានហានិភ័យខ្ពស់ក្នុងការវិវត្តជំងឺនេះ ជាងស្រ្តីដែលធ្លាប់សម្រាលកូនរួច។ ហើយកត្តាផ្សេងទៀតគឺ កត្តាហ្សែន ប្រសិនបើអ្នកមានសាច់ញាតិដែលធ្លាប់មានប្រវត្តិជំងឺរលាកសន្លាក់រុំារ៉ៃ នោះអ្នកក៏អាចវិវត្តនៃជំងឺនេះផងដែរ។ ម៉្យាងទៀតមានកត្តាជក់បារី និងកត្តាភាពធាត់។
តាមការសិក្សាបង្ហាញថា អ្នកជក់បារីនិងអ្នកមានជំងឺធាត់សុទ្ធតែមានហានិភ័យខ្ពស់ក្នុងការវិវត្តជំងឺរលាកសន្លាក់រុំារ៉ៃនេះ។ និងចុងក្រោយគឺកត្តារបបអាហារ ចំពោះអ្នកដែលទទួលទានសាច់ក្រហម សារធាតុសូដ្យូម និងជាតិស្ករខ្ពស់ ភាគច្រើនគឺប្រឈមនឹងជំងឺនេះ។
យ៉ាងណាមិញការព្យាបាលនៃជំងឺរលាកសន្លាក់រ៉ាំរ៉ៃ គឺមិនអាស្រ័យតែលើការប្រើប្រាស់ថ្នាំសម្រាប់បន្ថយរោគសញ្ញាឈឺចាប់តែមួយមុខប៉ុណ្ណោះទេ។ ផ្ទុយទៅវិញការព្យាបាលនៃជំងឺនេះ គឺអាស្រ័យទៅតាមប្រភេទនៃជំងឺ ក៏ដូចជាភាពធន់របស់អ្នកជំងឺនីមួយៗ។ លើសពីនេះទៅទៀត ការព្យាបាលជំងឺរលាកសន្លាក់រ៉ាំរ៉ៃបានទាន់ពេល ក៏អាចរួមចំណែកកាត់បន្ថយអត្រាមរណភាព និងពិការភាព នៃការវិវត្តរបស់ជំងឺនេះផងដែរ។
ការពិគ្រោះតាមដានជាមួយគ្រូពេទ្យជំនាញ គឺជាមធ្យោបាយដ៏ត្រឹមត្រូវបំផុតក្នុងការគ្រប់គ្រង និងព្យាបាលជំងឺនេះ។ ជាពិសេស អ្នកជំងឺគប្បីជៀសវាងការប្រើថ្នាំដោយខ្លួនឯង ដែលអាចផ្ដល់ផលប៉ះពាល់ទៅដល់សុខភាព និងអាចមានពិការភាពធ្ងន់ធ្ងរជាដើម៕