en     km
en     km

ពលរដ្ឋបារាំងចេញតវ៉ាកាន់តែខ្លាំងទាមទារយុត្តិធម៌ឱ្យក្មេងជំទង់ត្រូវប៉ូលិសបាញ់សម្លាប់

Share

តាមសារព័ត៌មានក្នុងស្រុករបស់បារាំងបានរាយការណ៍ថា ក្មេងជំទង់វ័យ១៧ឆ្នាំម្នាក់ ត្រូវបានប៉ូលីសចរាចរណ៍ក្នុងតំបន់បាញ់សម្លាប់ ខណៈប្រជាពលរដ្ឋបារាំងផ្ទុះហិង្សាចេញមុខតវ៉ាទាមទារយុត្តិធម៌ឱ្យជនរងគ្រោះ។ ក៏ប៉ុន្តែក្រុមគ្រួសារជនរងគ្រោះហាក់មិនចង់ឱ្យមានចលាចល តែសុំអន្តរាគមន៍តាមផ្លូវច្បាប់។

(កញ្ញា កែវ សុជាតា រាយការណ៍)

យោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃច័ន្ទ ទី៣ ខែកក្កដា ឆ្នាំ២០២៣នេះបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ Nahel M មានអាយុ១៧ឆ្នាំ និងជាកូនប្រុសទោលនៅក្នុងក្រុមគ្រួសារមួយ ដែលទទួលបានការស្រឡាញ់ថ្នាក់ថ្នមមើលថែពីម្តាយ និងជីដូនជាខ្លាំង។

ជាអកុសល នៅក្នុងថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅនេះ ប៉ូលីសចរាចរណ៍បារាំងបានបាញ់សម្លាប់លោក Nahel ក្រោមបទចោទប្រកាន់ថា លោក Nahel មិនធ្វើតាមការស្នើសុំរបស់ប៉ូលីសភ្លាមៗ ក្នុងការបញ្ឈប់រថយន្ត។ ប៉ូលីសបានបញ្ជាក់ថា លោក Nahel បានបើកបរនៅលើគំនូសផ្លូវរបស់ឡានក្រុងក្នុងល្បឿនលឿន និងល្មើសភ្លើងសញ្ញាចរាចរណ៍ ហើយព្យាយាមរត់គេចមិនព្រមឱ្យប៉ូលីសសាកសួរ។

នៅក្នុងហេតុការណ៍នោះទៀតសោត ក្រៅពីលោក Nahel ក៏មានមនុស្សពីរនាក់ផ្សេងទៀត ដែលអង្គុយនៅក្នុងឡាន ដែលលោក Nahel បើកបរនោះដែរ។ ប៉ូលីសបានចាប់ខ្លួនបានបុរសម្នាក់ រីឯម្នាក់ទៀតបានរត់គេចខ្លួន ខណៈលោក Nahel បានដេកស្លាប់នៅក្នុងឡាន ដោយសារគ្រាប់កាំភ្លើងបាញ់ទម្លុះដើមទ្រូងរបស់លោក។

ដោយឡែក ម្ដាយ​របស់​លោក Nahel បាន​ជឿ​ជាក់ថា​ មន្ត្រី​ប៉ូលីស​កេះកៃកាំភ្លើងបាញ់កូនប្រុសរបស់អ្នកស្រីគឺ ដោយសារលោក Nahel​​ មានមុខមាត់ជាជនជាតិ​អារ៉ាប់​។ អ្នកស្រីបាន​ប្រាប់​ទូរទស្សន៍ France 5 TV ថា អ្នកស្រីនិយាយបែបនេះមិនមែនចង់​​បន្ទោស​បង្អាប់ប៉ូលីសបារាំងនោះទេ ក៏ប៉ុន្តែអ្នកស្រីសំដៅដល់ប៉ូលីស ដែលបានលើកដៃសម្លាប់កូនប្រុសរបស់អ្នកស្រីប៉ុណ្ណោះ។

ជាការកត់សម្គាល់ ក្រោយការស្លាប់របស់លោក Nahel ប្រជាពលរដ្ឋបារាំងបានប្រមូលផ្តុំគ្នាធ្វើកូដកម្មតវ៉ាទាមទារសិទ្ធិមនុស្ស ក៏ដូចជាយុត្តិធម៌ឱ្យជនរងគ្រោះក្នុងរយៈពេល៥ថ្ងៃមកហើយ។ ក្រុមកូដករទាំងនេះបានប្រាប់សារព័ត៌មាន BBC ថា ពួកគេធ្វើនេះមិនមែនសម្រាប់ Nahel នោះទេ ផ្ទុយទៅវិញគឺដោយសារភាពតានតឹងកម្រិតខ្ពស់ បន្ទាប់ពីមានការបាញ់ប្រហារលើក្មេងជំទង់។ នៅក្នុងនោះដែរ នៅយប់ថ្ងៃអាទិត្យ ទី២ ខែកក្កដានេះ ប៉ូលីសបារាំងបានឃាត់ខ្លួនកូដករជាង ៧០០នាក់។

ក៏ប៉ុន្តែ សាច់ញាតិរបស់លោក Nahel បានអំពាវនាវឱ្យមានការបណ្តុះបណ្តាលប៉ូលីសឱ្យកាន់តែល្អប្រសើរជាងនេះ រួមទាំងបទប្បញ្ញត្តិការប្រើប្រាស់អាវុធ និងពិនិត្យឡើងវិញនូវច្បាប់ ដែលអនុញ្ញាតឱ្យប៉ូលីសប្រើប្រាស់អាវុធ៕

ប្រភព៖ BBC ចុះថ្ងៃច័ន្ទ ទី៣ ខែកក្កដា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image