KYIV: អ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យទី២ ខែកក្កដាថាកងទ័ពរុស្ស៊ីបានវាយជម្រុលទៅមុខនៅក្នុងតំបន់ចំនួន៤នៅភាគខាងកើត ខណៈដែលការប្រយុទ្ធគ្នាកំពុងប្រព្រឹត្តទៅយ៉ាងខ្លាំងក្លា ប៉ុន្តែអ៊ុយក្រែនបានរាយការណ៍ថាកងកម្លាំងរបស់ខ្លួនកំពុងឆ្ពោះទៅភាគខាងត្បូង។
អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន លោកស្រី Hanna Maliar បាននិយាយថា កងទ័ពរុស្ស៊ីបានរុលទៅមុខជិតទីក្រុង Avdiivka, Mariinka, Lyman និង Svatove ។ លោកស្រី Maliar បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ការប្រយុទ្ធគ្នាយ៉ាងសាហាវកំពុងកើតមាននៅគ្រប់ទីកន្លែង” លោកស្រីបានបន្ថែមថា “ស្ថានភាពស្មុគស្មាញខ្លាំងណាស់” ។
ការវិវឌ្ឍន៍ចុងក្រោយនៅលើសមរភូមិបានកើតឡើងបន្ទាប់ពីមន្ត្រីអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកពេលយប់ជាលើកដំបូងមកលើរដ្ឋធានី Kyiv ក្នុងរយៈពេល១២ថ្ងៃ។ភាគីអ៊ុយក្រែនបាននិយាយថា យន្តហោះគ្មានមនុស្សបើកទាំងអស់ត្រូវបានបាញ់ទម្លាក់។
លោកស្រី Maliar ក៏បាននិយាយផងដែរថា កងទ័ពអ៊ុយក្រែនក៍បានយកជ័យជំនះនៅផ្នែកខ្លះ នៃភាគខាងត្បូងទីក្រុងBakhmut និងនៅក្បែរទីក្រុង Berdyansk និង Melitopol នៅភាគខាងត្បូង។
នៅភាគខាងត្បូង លោកស្រីបាននិយាយថា កងកម្លាំងអ៊ុយក្រែនបានប្រឈមមុខនឹង “ការតស៊ូរបស់សត្រូវយ៉ាងខ្លាំង ជាមួយកងទ័ពជំនួយរបស់រុស្ស៊ីនិងគ្រាប់មីនបញ្ជាពីចម្ងាយ”។ទោះយ៉ាងណាកងទ័ពអ៊ុយក្រែនកំពុងឈានទៅមុខ “សន្សឹមៗ”។លោកស្រីបានបន្ថែមថា៖ «កងទ័ពអ៊ុយក្រែនកំពុងព្យាយាមជម្រុលទៅមុខតាមដែលអាចធ្វើទៅបាន»។
អគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែនលោក Valery Zaluzhny នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្របានសម្តែងការខកចិត្ត ចំពោះលោកខាងលិចដែលផ្ដល់អាវុធមកឱ្យអ៊ុយក្រែនយឺត។
លោក Valery Zaluzhny បានប្រាប់កាសែត Washington Post ថា “វាពិតជាធ្វើឱ្យខ្ញុំខឹង” ប្រទេសលោកខាងលិចខ្លះធ្វើឱ្យយើងរង់ចាំយូរពេក។លោក Zaluzhny បាននិយាយថា អ្នកគាំទ្រលោកខាងលិចគិតថាមិនចាំបាច់ប្រើទ័ពផ្លូវអាកាសនោះទេ ប៉ុន្តែអ៊ុយក្រែនកំពុងរង់ចាំយន្តហោះចម្បាំង F-16 ដែលសន្យាផ្ដល់ឱ្យដោយសម្ព័ន្ធមិត្ត។
លោកបានប្រាប់អ្នកសារព័ត៌មានថា “ខ្ញុំមិនត្រូវការយន្តហោះ១២០គ្រឿងទេ។ បើមានយន្តហោះចម្បាំងខ្លះក៍គ្រប់គ្រាន់ដែរ” ខ្ញុំនឹងមិនគំរាមកំហែងដល់ពិភពលោកទាំងមូលទេ។ លោកក៏បានត្អូញត្អែរថារុស្ស៊ីបានបាញ់កាំភ្លើងធំរាល់ថ្ងៃ “មនុស្សជាច្រើនបានស្លាប់ជារៀងរាល់ថ្ងៃ ដោយសារតែមិនទាន់មានការសម្រេចចិត្តច្បាស់លាស់” ៕
ប្រភព៖ C N A ថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០២៣