ប្រជាពលរដ្ឋមានជម្លោះដីធ្លីនៅក្បែរតំបន់បឹងតាមោក ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅម្នាក់ គឺអ្នកស្រី អ៊ំ ភឿន ដែលត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ កោះហៅឱ្យចូលខ្លួនបំភ្លឺនៅ រសៀលថ្ងៃទី០៣ ខែកក្កដានេះ បានដាក់ពាក្យទៅតុលាការនៅព្រឹកនេះ ដើម្បីស្នើសុំពន្យាពេលឆ្លើយបំភ្លឺ។ អ្នកស្រីមានការព្រួយបារម្ភ នៅពេលដែលខ្លួនតែងរងការចោទប្រកាន់ជុំវិញវិវាទដីធ្លី ជាមួយអាជ្ញាធរនេះ។ លោក គីម ចាន់ចាវ រាយការណ៍
អ្នកស្រី អ៊ំ ភឿន ជាពលរដ្ឋម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ៧៧ខ្នងផ្ទះ ដែលមិនទាន់យល់ព្រមទទួលសំណងជាថ្នូរឱ្យពួកគាត់ចាកចេញពីតំបន់ដែលគាត់កំពុងរស់នៅ។ អ្នកស្រីអះអាងថា អ្នកស្រីទទួលបានដីកាកោះនេះ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីឱ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី០៣ ខែកក្កដានេះ ពោលគឺ អ្នកស្រីទទួលបានដីការមុនមួយថ្ងៃដែលត្រូវចូលបំភ្លឺនៅតុលាការ។ តាមរយៈពាក្យស្នើសុំពន្យារពេល ដែលដាក់ជូនតុលាការនៅព្រឹកនេះ អ្នកស្រី អ៊ំ ភឿន បានអះអាងថា រយៈពេល១ថ្ងៃនេះ គឺខ្លីប្រថុចញ៉ុចពេក ធ្វើឱ្យអ្នកស្រីមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីស្វែងរកមេធាវីការពារក្ដីឱ្យអ្នកស្រី ទៅតាមផ្លូវច្បាប់។
នៅពេលនេះ អ្នកស្រី អ៊ំ ភឿន កំពុងទាក់ទងរកមេធាវីដើម្បីការពារក្ដីក្នុងករណីនេះ។ ទោះយ៉ាងណា ទាំងអ្នកស្រីអ៊ំ ភឿន និងប្រជាសហគមន៍មិនបានដឹងទេថា ដីកាកោះនេះ ឱ្យបំភ្លឺពាក់ព័ន្ធរឿងរ៉ាវអ្វី។ ក៏ប៉ុន្តែក្នុងដីកាកោះនេះ បានបញ្ជាក់ថា ឱ្យចូលបំភ្លឺ ពីដំណើររឿងដែលឈ្មោះ ងួន ម៉ុង តំណាងឱ្យ ឈ្មោះ ថៃ អ៊ុយ និងឈ្មោះ តាំង គីម ប្ដឹងពីបទ៖ រំលោភកាន់កាប់អចនវត្ថុដោយចេតនា និងប្រើប្រាស់អំពើហិង្សាលើអ្នកកាន់កាប់អចនវត្ថុដោយសុចរិត។
អ្នកស្រីប្រាក់សុភា តំណាងពលរដ្ឋនៅបឹងតាមោក ដែលបានចូលរួមដាក់ពាក្យពន្យាពេលនេះ បានដាក់ការសង្ស័យថា ដីកាកោះនេះ គឺពាក់ព័ន្ធនឹងករណី ប្រមូលផ្ដុំតវ៉ាមិនឱ្យអាជ្ញាធរខណ្ឌព្រែកព្នៅរុះរើស្ពាន ដែលពលរដ្ឋសាងសង់សម្រាប់ឆ្លងទៅក្នុងបឹងដើម្បីបេះត្រកួន រាវខ្យង និងរកត្រីផ្គត់ផ្គង់ជីវភាពគ្រួសារ កាលពីអំឡុងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។
«ដីកានេះវាដាក់នេះ វាដាក់បិតមុខ អត់មានបញ្ជាក់ថា រឿងអីចឹងហាស៎បង តែការសង្ស័យរបស់ខ្ញុំទេ ពីព្រោះអី វាមានតែថ្ងៃស្ពានទេដែលពួកយើងប៉ះទង្គិចគ្នាហ្នឹង។ វាអត់មានបញ្ហាអី ពីព្រោះអីគាត់ថាយើងធ្វើលើដីឯកជនចឹង យើងថា យើងរស់នៅលើហ្នឹង១០-២០ឆ្នាំមិនមានជនណាដែលអះអាងថាជារបស់ពួកគាត់។ យើងរស់នៅដោយសុខសាន្ត ចឹងយើងមានតែវិវាទជាមួយអាជ្ញាធរ ដល់ឥលូវនេះពួកគាត់បានយក អ្នក៣នាក់នេះចេញមុខថា ជាម្ចាស់ដីឯកជនចឹងហាស៎ណាបង»។
អ្នកស្រី អ៊ំ ភឿន មានអាយុ៥៣ឆ្នាំ អះអាងថា អ្នកស្រីមិនដែលប្រើអំពើហិង្សាជាមួយបុគ្គលឯកជនណាឡើយ ប៉ុន្តែអ្នកស្រីធ្លាប់តវ៉ាជាមួយអាជ្ញាធរជុំវិញវិវាទដីធ្លីដែលអ្នកស្រីកំពុងអាស្រ័យផល។
«ខ្ញុំមានការព្រួយបារម្ភខ្លាំង ហើយណាវាហួសចិត្តតែហ្មង វាប្ដឹងហើយប្តឹងទៀតតែរឿងដីម៉ាបង្វិចហ្នឹង»។
ពលរដ្ឋ
ប្រជាពលរដ្ឋមានជម្លោះដីធ្លីនៅក្បែរតំបន់បឹងតាមោក ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅប្រមាណ១៥០នាក់ កាលពីថ្ងៃទី០៩ ឧសភា បានប្រមូលផ្ដុំតវ៉ាមិនឱ្យអាជ្ញាធរខណ្ឌព្រែកព្នៅរុះរើស្ពានឫស្សីប្រវែង ៨០ម៉ែត្រ ដែលពួកគេ សាងសង់សម្រាប់ឆ្លងទៅក្នុងបឹងដើម្បីបេះត្រកួន រាវខ្យង និងរកត្រី។
អាជ្ញាធរប្រមាណ ៤០នាក់បានយករណាយន្តកាត់រុះរើស្ពានឫស្សី ហើយករណីនេះធ្វើឱ្យមានការតវ៉ា និងការហាមឃាត់ រហូតឈានដល់មានករណីរុញច្រានធ្វើឱ្យស្រ្តីប្រមាណ១០នាក់រងរបួស។ ក្រៅពីការប៉ះទង្គិចពាក្យសម្ដី និងការរុញច្រានជាមួយក្រុមស្ត្រី ក្រុមអាជ្ញាធរបានប្រកាន់ពួកគេថារំលោភយកដីរដ្ឋដើម្បីសាងសង់ស្ពាន ប៉ុន្តែផ្ទុយពីនេះ ពលរដ្ឋអះអាងថាពួកគាត់សាងសង់នៅលើដីរបស់ពួកគេ៕