en     km
en     km

សមត្ថកិច្ចបំបែកសំណុំរឿងរំលោភសម្លាប់ស្ត្រីនិងកូនតូចរួចដុតផ្ទះបង្វែរដានជាករណីគ្រោះអគ្គិភ័យ

Share

ករណីរំលោភសម្លាប់ស្ត្រីនិងកូនតូចនៅស្រុកស្វាយអន្ទរ ត្រូវបានសមត្ថកិច្ចចម្រុះចុះស៊ើបអង្កេត ស្រាវជ្រាវ បំបែកសំណុំរឿងឃាតកម្មយ៉ាងព្រៃផ្សៃមួយហើយ ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រី ២នាក់ពាក់ព័ន្ធករណីរំលោភសម្លាប់ស្ត្រីម្នាក់ និងកូនតូចអាយុ២ឆ្នាំម្នាក់ ហើយដុតផ្ទះដើម្បីបង្វែរដានទៅជាករណីគ្រោះអគ្គិភ័យ។

លោក គីម ចាន់ចាវ រាយការណ៍

 

ប្រតិបត្តិការចុះស៊ើបអង្កេតស្រាវជ្រាវ រហូតឈានដល់កំណត់អត្តសញ្ញាណជនសង្ស័យបាននេះ ធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ដោយជនសង្ស័យពីរនាក់។ រីឯជនរងគ្រោះជាស្ត្រី អាយុ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃល្វាយ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងកូនប្រុសម្នាក់អាយុ ២ឆ្នាំ ។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដែលចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនានេះបញ្ជាក់ថា តាមចម្លើយសារភាពរបស់ជនជាប់ចោទឈ្មោះក្រៅហៅ ម៉ៅ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ចាប់តាំងពីខែឧសភា ឆ្នាំ២០២៣ ខ្លួនចាប់ផ្តើមប្រច័ណ្ឌប្ដីរបស់ខ្លួន ជាមួយស្ត្រីជនរងគ្រោះ ពីព្រោះខ្លួនបានឃើញភាពស្និតស្នាលខុសពីធម្មតារវាងប្តីនិងជនរងគ្រោះ។ រហូតដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ម៉ោង០៨និង៣០នាទីយប់ ជនជាប់ចោទក៏បានបបួលជនដៃដល់ទៅផ្ទះរបស់ជនរងគ្រោះ គោលបំណង ដើម្បីឱ្យជនដៃដល់ចាប់រំលោភជនរងគ្រោះ។

ជនសង្ស័យបានបន្តថា ពេលទៅដល់ផ្ទះជនរងគ្រោះ ក៏បញ្ជាឱ្យធ្វើសកម្មភាពរំលោភសម្លាប់លើនារីរងគ្រោះនិងកូនតែម្តង។ បន្ទាប់មកជនសង្ស័យក៏ដុតផ្ទះ ដើម្បីបង្វែរដានជាករណីគ្រោះថ្នាក់អគ្គិភ័យវិញ ។

ក្រោយហេតុការណ៍នេះសមត្ថកិច្ចជំនាញបានមកដល់ទីតាំងកើតហេតុ យកសំណាកផ្សេងៗ ព្រមទាំងយកសពស្ត្រីរងគ្រោះមកវះកាត់ពិនិត្យវិភាគសន្និដ្ឋានរកឃើញថា សពជនរងគ្រោះបានស្លាប់មុនភ្លើងឆេះទៅទៀត ។ សមត្ថកិច្ចស្រាវជ្រាវបន្ត រហូតកំណត់មុខសញ្ញាសង្ស័យបាន២នាក់ឃាត់ខ្លួនមកសួរចម្លើយពួកគេរយៈពេលពីរថ្ងៃពេញ ទើបចេញលទ្ធផលសារភាពស៊ីសង្វាក់គ្នាគ្រប់បែបយ៉ាង ទាំងវត្ថុតាង ពេលវេលា សាក្សី និងអង្គហេតុ ។

ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបញ្ជាក់ថា បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីមន្ត្រីនគរបាលយុត្តិធម៌ កសាងសំណុំរឿងបញ្ជូនទៅតុលាការគ្មានការលើកលែង៕

Share

ព័ត៌មានទាក់ទង

Image