en     km
en     km

លោក Pita ព្រមានសមាជិកព្រឹទ្ធសភាមិនត្រូវរារាំងលោកពីតំណែងនាយកមន្រ្តី

Share

មេដឹកនាំគណបក្ស Move Forward លោក Pita Limjaroenrat បានចេញមុខព្រមានសមាជិកព្រឹទ្ធសភានៅថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣ថា កុំរារាំងការបោះឆ្នោតឱ្យលោកក្លាយទៅជានាយករដ្ឋមន្ត្រីថៃក្នុងអាណត្តិថ្មីនេះ ដោយគ្រាន់តែយកលេសថាផែនការធ្វើវិសោធនកម្មច្បាប់របស់គណបក្ស Move Forward មានបញ្ហា។
(ព័ត៌មាននេះប្រែសម្រួលដោយលោក ហុង សេរីហ្វុង)

លោក Pita Limjaroenrat មេដឹកនាំគណបក្ស Move Forward បាននិយាយនៅក្នុងសភានៅថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣ថា សមាជិកព្រឹទ្ធសភាមួយចំនួនព្យាយាមរារាំងលោកមិនឱ្យឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថៃនៅក្នុងអាណត្តិថ្មីនេះ។ លោកបានគូសបញ្ជាក់ថា សមាជិកព្រឹទ្ធសភាបានលើកយកផែនការការធ្វើវិសោធនកម្មច្បាប់មាត្រា១១២ របស់គណបក្ស Move Forward មកចោទជាបញ្ហា។
ទន្ទឹមគ្នានេះដែរ លោក Pita កើតក្តីព្រួយបារម្ភជាខ្លាំង ដ្បិតសមាជិកព្រឹទ្ធសភាព្យាយាមរារាំង ខណៈគណបក្សជាច្រើនកំពុងយល់ច្រឡំពីគោលការណ៍របស់គណបក្ស Move Forward។
គួរបញ្ជាក់ថា ច្បាប់មាត្រា១១២ របស់ប្រទេសថៃបានចែងថា «ជនណាដែលបង្ខូចកិត្តិស័ព្ទ ប្រមាថចេស្តា ឬគំរាមកំហែងដល់ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី អ្នកស្នងរាជ្យ ឬអ្នករាជានុសិទ្ធិ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៣ ទៅ ១៥ឆ្នាំ»។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយ។
ទៀតសោត គណបក្សរបស់លោក Pita មានផែនការធ្វើវិសោធនកម្មច្បាប់នេះ ក៏ប៉ុន្តែលោកអះអាងថា លោកមិនដកច្បាប់នេះចេញពីរដ្ឋធម្មនុញ្ញនោះឡើយ។ លោកបានចង្អុលបង្ហាញបន្ថែមទៀតថា ដើម្បីរក្សារបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញរបស់ប្រទេសថៃបាន ត្រូវតែមានការផ្លាស់ប្តូរសមស្របណាមួយ ដ្បិតបច្ចុប្បន្ននេះ ប្រទេសថៃកំពុងស្ថិតក្នុងដំណាក់កាលអន្តរកាល។
យ៉ាងណាមិញ ប្រជាពលរដ្ឋថៃបានគាំទ្រនូវផែនការការធ្វើវិសោធនកម្មច្បាប់នេះ ជាពិសេសពួកគេនៅតែបន្តផ្តល់កម្លាំងចិត្ត និងនៅតែសង្ឃឹមយ៉ាងមុតមាំថា លោក Pita នឹងអាចឡើងធ្វើជានាយកមន្ត្រីថៃក្នុងអាណត្តិនេះបាន។
សូមជម្រាបថា គណបក្ស Move Forward របស់លោក Pita ទទួលបានអាសនៈសភាចំនួន ១៥១ ដែលជាចំនួនអាសនៈច្រើនជាងគណបក្សដទៃទៀត។ ដើម្បីក្លាយជានាយករដ្ឋមន្ត្រី លោក Pita ត្រូវការការគាំទ្រពីសមាជិកសភាចំនួន ៧៥0 នាក់ ពោលគឺយ៉ាងហោចណាស់ ៣៧៦ សំឡេង។ ក៏ប៉ុន្តែ លោក Pita បានអះអាងកាលពីថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣ថា លោកមានការគាំទ្រពីសំណាក់សមាជិកព្រឹទ្ធសភាច្រើនគួរសម ដែលអាចធានាបានថា លោកនឹងអាចជ្រើសតាំងជានាយករដ្ឋមន្ត្រី៕

ប្រភព៖ Bangkok Post ចុះថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image