en     km
en     km

រដ្ឋបាលខេត្តពោធិ៍សាត់អះអាងថានឹងណែនាំមន្ទីរជំនាញកែលម្អព្រះពុទ្ធរូប១ព្រះអង្គនៅវត្តវាលឱ្យសមរម្យឡើងវិញ

Share

ក្រោយការចុះផ្សព្វផ្សាយតាមបណ្ដាញសង្គម អំពីព្រះពុទ្ធរូបផ្ចាញ់មា១ព្រះអង្គ ស្ថិតនៅក្នុងបរិវេណវត្តវាល ក្នុងក្រុងពោធិ៍សាត់ ថាមានលក្ខណៈមិនស្អាតល្អ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញមកបកស្រាយ ដោយលើកយកសង្ឃដីការបស់ ព្រះចៅអធិការវត្ដវាលដែលថា ការកសាងព្រះពុទ្ធរូបផ្ចាញ់មានេះខ្វះបច្ចេកទេស។

លោក គីម ចាន់ចាវ រាយការណ៍

 

រដ្ឋបាលខេត្ដពោធិ៍សាត់បានចេញសេចក្ដីបំភ្លឺពាក់ព័ន្ធនឹងការកសាងព្រះពុទ្ធរូប ដែលត្រូវបានមហាជនរិះគន់ក្នុងពេលថ្មីៗនេះ ថាមានលក្ខណៈមិនស្អាតល្អ។ តាមសេចក្ដីបំភ្លឺចេញផ្សាយនៅថ្ងៃទី២៧មិថុនា រដ្ឋបាលខេត្ដបញ្ជាក់ថា ក្រោយការចុះពិនិត្យស្រាវជ្រាវ និងវាយតម្លៃរបស់មន្ទីរធម្មការ និងសាសនាខេត្ដ ព្រះពុទ្ធរូបផ្ចាញ់មាមួយព្រះអង្គនេះ ត្រូវបានកសាងឡើងតាំងពីឆ្នាំ២០០៩ ដែលស្ថិតនៅភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្ដពោធិ៍សាត់។

ព្រះពុទ្ធរូបអង្គនេះកើតចេញពីកម្លាំងសាមគ្គីរបស់សប្បុរសជនខ្មែរនានា ដែលមានសទ្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា សាងសង់ឡើងមានកម្ពស់២៩ម៉ែត្រ ព្រះភ្នែន២១ម៉ែត្រ។ រដ្ឋបាលខេត្តបានលើកយកព្រះសង្ឃដីកា ព្រះចៅអធិការវត្ដវាលព្រះនាម ជុំ សារឿន ដែលមានដីកាថា ការកសាងព្រះពុទ្ធរូបផ្ចាញ់មានេះ បានប្រើប្រាស់ជាងដែលមានចំណេះដឹងតិចតួច និងបច្ចេកទេសសូន្យរូបនៅមានកម្រិត ពុំមានរចនាបថត្រឹមត្រូវតាមក្បួនខ្នាតនោះទេ ដែលប្រការនេះបង្កឱ្យមានកំហុសឆ្គងកើតឡើង។ ទោះយ៉ាងណារដ្ឋបាលខេត្តអះអាងថា តាមការពិនិត្យជាក់ស្ដែង បើមើលចំពីមុខ ព្រះភក្ត្រព្រះអង្គ ពិតជាមានទម្រង់សមរម្យជាងមើលពីចំហៀង។

កាលពីពេលថ្មីៗនេះមានការចុះផ្សព្វផ្សាយតាមបណ្ដាញព័ត៌មានសង្គម អំពីព្រះពុទ្ធរូបផ្ចាញ់មា ០១ព្រះអង្គ ស្ថិតនៅក្នុងបរិវេណវត្តវាល ភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ថា មានលក្ខណៈមិនស្អាតល្អ និងខុសលក្ខណៈទម្រង់ស្ដង់ដា ជាដើម។

ពលរដ្ឋអ្នកលេងបណ្ដាញសង្គមម្នាក់ គឺលោក អ៊ុំ តារា បានសរសេរនៅលើបណ្ដាញសង្គមរបស់ខ្លួនក្នុងន័យរិះគន់ថា «និយាយរឿងអស់សំណើចមួយពីការងារមន្រ្តីស្រុករំដួល។ កាលពីរឆ្នាំមុនផ្អើលថាមន្ទីរធម្មការខេត្តបាត់ដំបង ចុះទៅឃាត់ជាងឆ្លាក់រូបព្រះពុទ្ធនៅជញ្ជាំងភ្នំសំពៅដោយសារតែបង្ហាញទម្រង់ដាក់ព្រះហស្ថមិនត្រូវ។ ជាងឆ្លាក់ជិតរួចទៅហើយទើបផ្អើលមកឃាត់ ឆ្លាក់ថ្មភ្នំមួយទាំងមូលមិនមែនឆ្លាក់កូនដុំថ្មឯណា ពេលជាងឆ្លាក់ម៉េចមិនទៅមើល ? មិនដឹងថារូបហ្នឹងមកទល់ឥឡូវយ៉ាងម៉េចទេ ព្រោះផ្អើលមួយប្រាវស្ងាត់វិញទៅ»។

 

លោកបន្តថា «ឯរូបព្រះពុទ្ធនៅវត្តវាលខេត្តពោធិសាត់នេះ តាមអ្នកដឹងថារូបហ្នឹងសង់យូរហើយ គេទើបតែឱ្យជាងលាបថ្នាំថ្មី មានអ្នកថតបង្ហោះ ក៏ផ្អើលឈុលពេញហ្វេសប៊ុកតែម្តងទៅ អ្នកកាសែតសួរទៅក្រសួងធម្មការ ក្រសួងឆ្លើយថាអត់ដឹងអីផង»។

ទោះយ៉ាងណា ករណីព្រះពុទ្ធរូបខាងលើ រដ្ឋបាលខេត្ដពោធិ៍សាត់បញ្ជាក់ថា នឹងណែនាំដល់មន្ទីរជំនាញ សហការជាមួយអ្នកបច្ចេកទេស និងព្រះចៅអធិការវត្ដដើម្បីបន្ដពិនិត្យ និងវាយតម្លៃឱ្យបានល្អិតល្អន់នូវចំណុចខ្វះខាត ឆ្គាំឆ្គងណាដែលគួរកែលម្អឱ្យបានសមរម្យ៕

Share

ព័ត៌មានទាក់ទង

Image