en     km
en     km

ប្រមុខការពាជាតិចិននិងវៀតណាមជួបពិភាក្សាគ្នាបន្ទាប់ពីនាវាចម្បាំងអាមេរិកចូលចតនៅកំពង់ផែវៀតណាម

Share

ប៉េកាំង៖ យោងតាម C N A រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Li Shangfu បាននិយាយកាលពីថ្ងៃអង្គារ ទី២៧ ខែមិថុនាថាប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសវៀតណាម ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់រវាងយោធារបស់ប្រទេសទាំងពីរ។ រាយការណ៍ដោយ…

ក្រសួងការពារជាតិចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងកិច្ចប្រជុំរបស់ប្រទេសទាំងពីរនៅទីក្រុងប៉េកាំង លោក Li បាននិយាយថា ស្ថានភាពអន្តរជាតិមានភាពវឹកវរ និងជាប់ទាក់ទងគ្នា ហើយ​សន្តិសុខនៅតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងមានបញ្ហាប្រឈមមុខខ្លាំង។លោក Li បាននិយាយនៅក្នុងកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាមលោក Phan Van Giang ថា“ចិន និងវៀតណាមគួរតែបន្តធ្វើការរួមដៃគ្នា និងរិតចំណងមិត្តភាពយ៉ាងជិតស្និទ្ធក្នុងមាគ៌ាថ្មីតាមបែបសង្គមនិយម ដើម្បីការពារផលប្រយោជន៍យុទ្ធសាស្ត្ររួមរបស់ប្រទេសទាំងពីរ និងរួមចំណែកជាវិជ្ជមានដល់ការថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។

លោក Li បាន​ប្រាប់លោក Phan ថាទំនាក់ទំនង​រវាង​យោធា​របស់​ប្រទេសទាំងពីរ​បាន​អភិវឌ្ឍ​យ៉ាង​ល្អ ដោយ​លោក​បាន​បន្ថែម​ថា យោធា​របស់​ចិន​មាន​ឆន្ទៈ​ក្នុង​ការ​ជំរុញ​ទំនាក់ទំនងឈាន​ទៅ​កម្រិត​ថ្មីមួយ។

កិច្ចប្រជុំរបស់ពួកគេបានកើតឡើងបន្ទាប់ពីនាវា USS Ronald Reagan របស់អាមេរិកបានឈប់សំចតនៅកំពង់ផែទីក្រុង Danang របស់វៀតណាមកាលពីថ្ងៃអាទិត្យទី២៥ មិថុនា ឆ្នាំ២០២៣។នេះជាលើកទីបីហើយដែលនាវាផ្ទុកយន្តហោះអាមេរិកបានចូលចតនៅកំពង់ផែរបស់វៀតណាមចាប់តាំងពីសង្គ្រាមវៀតណាមបានបញ្ចប់។

ដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹកអាមេរិកកើតឡើងចំពេលមានភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិកនៅក្នុងសមុទ្រចិនខាងត្បូងដែលដែនទឹកភាគច្រើនចិនអះអាងថាជារបស់ខ្លួន ខណៈដែលមហាអំណាចទាំងពីរកំពុងដណ្តើមឥទ្ធិពលគ្នានៅក្នុងតំបន់ដែលសម្បូរទៅដោយធនធានធម្មជាតិជាច្រើន។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ លោក Li បានជួបជាមួយមេបញ្ជាការការពារប្រទេសអាហ្វ្រិកខាងត្បូង និងមេទ័ពរបស់ប្រទេសថៃ ប៉ុន្តែលោកមិនបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin នោះទេ។ទាំងលោក Li និងលោក Austin បានចូលរួមកិច្ចប្រជុំកំពូលសន្តិសុខនៅប្រទេសសិង្ហបុរីកាលពីដើមខែមិថុនា ប៉ុន្តែលោក Li បានបដិសេធការជួបប្រជុំជាមួយអាមេរិក។

លោក Li ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិកាលពីខែមីនា ស្ថិតក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកជុំវិញតួនាទីរបស់លោកនៅក្នុងការទិញអាវុធកាលឆ្នាំ២០២១៧ ពីក្រុមហ៊ុននាំចេញអាវុធដ៏ធំបំផុតរបស់រុស្ស៊ី។ ចិន​បាន​និយាយ​ថា ខ្លួន​ចង់​ឲ្យ​អាមេរិកទម្លាក់​ចោលទណ្ឌកម្ម​នេះសិន ​ដើម្បី​សម្រួល​ដល់​ការ​ពិភាក្សាគ្នា។

 

នៅពេលដែលភាពតានតឹងកាន់តែក្តៅគគុកនៅក្នុងសមុទ្រចិនខាងត្បូង ដែលជាកន្លែងប្រទេសជាច្រើនបានទាមទារដែនទឹកត្រួតស៊ីគ្នា។ទីក្រុងប៉េកាំងបានលុបចោលមធ្យោបាយទំនាក់ទំនងយោធាជាមួយសហរដ្ឋអាមេរិកសំខាន់ៗចំនួនបីកាលពីខែសីហាឆ្នាំមុន ដើម្បីឆ្លើយតបដ៏ខឹងសម្បារចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក Nancy Pelosi ទៅកាន់កោះតៃវ៉ាន់៕

ប្រភព៖ C N A ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៣

Share

ព័ត៌មានទាក់ទង

Image