en     km
en     km

ជនជាតិដើមភាគតិចប្រឆាំងនឹងការខួងយកប្រេងនៅព្រៃអាម៉ាហ្សូន

Share

 

អេក្វាឌ័រ៖ ស្ត្រីជនជាតិដើមភាគតិច Waorani មួយក្រុមបានតវ៉ាប្រឆាំងនឹងការធ្វើអាជីវកម្មប្រេងនៅក្នុងសហគមន៍ខ្លួន ខណៈដែលអណ្តូងប្រេងផ្សេងទៀតនៅក្បែរនោះកំពុងប្រតិបត្តិការនៅក្នុងព្រៃបម្រុងការពារនៃព្រៃអាម៉ាហ្សូន។រាយការណ៍ដោយ

មេដឹកនាំស្ត្រីជនជាតិដើមភាគតិច Waorani បាននិយាយថា “យើងនឹងមិនអនុញ្ញាតឱ្យជនចម្លែកចូលទេ” អ្នកស្រីបានបន្ថែមថា “ពួកយើងនឹងមិនអនុញ្ញាតឱ្យជនចម្លែកចូលក្នុងតំបន់យើងការពារនោះទេ”។ នេះបើតាមការបកប្រែពីក្រុមស្រ្តីមកពីសហគមន៍ Kawymeno ជាទីដែលអាជីវកម្មខួងយកប្រេងនៅវាល Ishpingo ក្បែរនោះកំពុងដំណើរការ។

សហគមន៍ជនជាតិដើមភាគតិច បានប្រឆាំងនឹងការធ្វើអាជីវកម្មខួងយកប្រេងពីក្រោមដីអស់រយៈពេលមួយទសវត្សរ៍មកហើយ។កាលពីខែឧសភា តុលាការធម្មនុញ្ញរបស់អេក្វាឌ័របានសម្រេចយល់ព្រមលើអាជីវកម្មខួងយកប្រេងដែលបានគ្រោងប្រតិបត្តិការនៅខែសីហាខាងមុខនេះ។

ឈរអមដោយអ្នកចម្បាំងកាន់លំពែងផងនោះ ស្ត្រីមកពីសហគមន៍ជនជាតិដើមភាគតិច Kawymeno កាន់ដៃគ្នារាំក្នុងសម្លៀកបំពាក់ប្រពៃណីពួកគេនៅច្រកចូលវេទិកាជនជាតិដើមភាគតិច Ishpingo A ។ស្ត្រីជនជាតិដើមភាគតិចឈ្មោះ អ៊ីម៉ា បានពន្យល់ថា ពួកគេទាមទារឱ្យមានការពិគ្រោះយោបល់ជាមួយ “ម្ចាស់”​ ទឹកដី ម្ចាស់ព្រៃព្រឹក្សា មិនមែននិយាយជាមួយអ្នកផ្សេងនោះទេ” ។

នៅប្រទេសអេក្វាឌ័រ រដ្ឋធម្មនុញ្ញទទួលស្គាល់ “កម្មសិទ្ធិសមូហភាពដីធ្លីរបស់ជនជាតិដើមភាគតិចដែលអាច​​ប្រើប្រាស់អាស្រ័យផលដីធ្លីតាមប្រពៃណីដូនតា”។តែទោះយ៉ាងណាក៏ដោយ រដ្ឋរក្សាសិទ្ធិគ្រប់គ្រ​ងធនធានធម្មជាតិទាំងអស់ដែលមាននៅក្រោមដី។

សហគមន៍ជនជាតិដើមភាគតិចនៅតំបន់ Ishpingo  តំបន់ Tiputini និងតំបន់ Tambococha បង្កើតបានជាប្លុកអាជីវកម្មខួងយកប្រេង ITT ឬហៅប្លុក៤៣ ដែលគេប៉ាន់ស្មានថាមានស្តុកប្រេងឆៅប្រហែល ២៨២លានធុង។ការខួងយកប្រេងនៅតំបន់ Tiputini និង Tambococha បានចាប់ផ្តើមនៅឆ្នាំ ២០១៦បន្ទាប់ពីមានការជជែកដេញដោលគ្នាជាច្រើនឆ្នាំ។

សូមបញ្ជាក់ផងដែរថាបញ្ហានេះបានកើតឡើងបន្ទាប់ពីរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Rafael Correa បរាជ័យក្នុងការបញ្ចុះបញ្ចូលសហគមន៍អន្តរជាតិឱ្យផ្ដល់ប្រាក់ចំនួន៣.៦ ពាន់លានដុល្លារសហរដ្ឋអាមេរិកឱ្យប្រទេសអេក្វាឌ័រ ជំនួសឱ្យការផ្អាកគម្រោងអាជីវកម្មខួងប្រេងនៅក្នុងប្លុក ITTឬប្លុក៤៣ ដើម្បី​ការពារព្រៃ Amazon និងជួយទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ជាមួយគ្នានេះកាលពីខែមេសាឆ្នាំកន្លងទៅ រដ្ឋាភិបាលអេក្វាឌ័របានប្រកាសថា ការបូមយកប្រេងក៏គ្រោងធ្វើនៅតំបន់ Isphingo ផងដែរ៕

ប្រភព៖ C N A ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៣

 

Share

ព័ត៌មានទាក់ទង

Image