en     km
en     km

សំណើរសុំចុះបញ្ជីដីធ្លីជា និងអភិវឌ្ឍនៅនឹងកន្លែង របស់ពលរដ្ឋ៩២គ្រួសារ ក្នុងសង្កាត់ស្វាយប៉ាក ហាក់ស្ងប់ស្ងាត់

Share

ប្រជាពលរដ្ឋ៩២គ្រួសារ រស់នៅក្នុងក្រុមទី៥ និងក្រុមទី៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ បានឱ្យដឹងថា សំណើររបស់ពួកគេដែលស្នើឱ្យ អាជ្ញាធរជួយអន្តរគមន៍ ចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ និងអភិវឌ្ឍនៅនឹងកន្លែងរយៈពេលជាង៣ខែមកនេះ ហាក់មានសភាពស្ងាត់ឈឹងមិនមានការឆ្លើយតបអ្វីឡើយ។ លោក គីម ចាន់ចាវ រាយការណ៍

 

ប្រជាពលរដ្ឋ៩២គ្រួសារ រស់នៅក្នុងក្រុមទី៥ និងក្រុមទី៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ  ដែលអះអាងថា បានរស់នៅទីនេះអស់រយៈពេលជាង ៣០ឆ្នាំមកហើយ បានរអ៊ូរទាំថា ការណ៍ដែលមិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីនេះ ធ្វើឱ្យពួកគេមានការពិបាកខ្លាំងណាស់ ស៊ូទ្រាំរស់ក្នុងភក់ជ្រាំ ស៊ូទ្រាំរស់ក្នុងភាពលិចលង់ រស់ក្នុងការមិនទទួលបានសិទ្ធិសាងសង់ផ្ទះ, សិទ្ធិជួសជុលផ្ទះ និងសិទ្ធិចាក់ដីបំពេញទីធ្លាផ្ទះ នាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរស់នៅ សេដ្ឋកិច្ចគ្រួសារ និងការសិក្សារបស់កូនៗ។ ម្យ៉ាងទៀតមិនអាចខ្ចីចងការប្រាក់ ពីមីក្រូហិរញ្ញវត្ថុ និងពីធនាគារផ្សេងៗបាន ក្នុងគោលបំណងពង្រឹង និងពង្រីកមុខរបរ ដើម្បីឱ្យជីវភាពគ្រួសារមានភាព ប្រសើរឡើងបានឡើយ។ នេះបើតាមសំណើររបស់ពួកគេដាក់ជូនលោកចៅសង្កាត់កាលពីពេលកន្លងទៅ។

តាមរយៈសំណើសុំ ចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ និងអភិវឌ្ឍនៅនឹងកន្លែង របស់ប្រជាសហគមន៍ទាំង៩២គ្រួសារនេះ ជូនលោក ផាន ហ៊ួត ចៅសង្កាត់ស្វាយប៉ាកកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានអំពាវនាវ ឱ្យលោកចៅសង្កាត់ជួយសម្របសម្រួល និងដោះស្រាយនូវ សំណើរបស់ពួកគេ ដូចអ្វីដែលអាជ្ញាធរធ្លាប់បានសន្យា កន្លងមក ដើម្បីឱ្យពួកគេទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីស្រប ច្បាប់ និង ទួលបានការអភិវឌ្ឍនៅនឹងកន្លែង ដូចឯកជន និងបុរីមួយចំនួនដែរ។

តែយ៉ាងណាពួកគេអះអាងថាស្ថាប័នទាំងនោះបញ្ជូនទៅសាលាក្រុង​ បែរជាសាលាក្រុងមិនដោះស្រាយ។ ពលរដ្ឋសមាជិកសហគមន៍ម្នាក់បានឱ្យដឹងថាសំណើរចម្បងរបស់ពួកគេមាន២ចំណុច ទី១.​ ក្នុងភូមិរបស់គេ​ អាជ្ញាធរចុះបញ្ជីដីធ្លីជាលក្ខណ:ប្រព័ន្ធឱ្យតែក្រុមផ្សេង​ ចំណែកក្រុម៥​ និងក្រុម៧​ របស់ពួកគេ រស់នៅដោយអាជ្ញាធរឱ្យមិនចុះបញ្ជីឱ្យទេ។ ទី២.​ ពួកគេពិបាករស់នៅ​ ព្រោះទឹកលិចរាល់ឆ្នាំ​ ពួកគេស្នើទៅអាជ្ញាធរច្រើនលើកហើយ​ តែអាជ្ញាធរមិនខ្វល់។

បើតាមប្រភពពីសហគមន៍ដដែលនេះ ដោយសារតែជារដូវភ្លៀងធ្លាក់ ភាពលិចលង់ជាប់ៗគ្នាជាច្រើនឆ្នាំកន្លងមក​ របស់អ្នកភូមិឡកំបោរ​ ក្នុងក្រុម5 និងក្រុម7 សង្កាត់ស្វាយប៉ាក​ ខណ្ឌឫស្សីកែវ​នេះតែងកើតមាន។​ ហើយប្រជាសហគមន៍នេះគិតថា ជារឿងតូចតាចពេកទើបបអាជ្ញាធរមើលមិនឃើញហើយទុកពួកគេចោល៕

Share

ព័ត៌មានទាក់ទង

Image