en     km
en     km

លោក គី សេរីវឌ្ឍន៍៖វិស័យសំណង់បង្កើតការងារ ប៉ុន្តែគ្រឿងសំណង់នាំចូលពីក្រៅប្រទេសជិត៨០%

Share

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាលើកឡើងថា ពលរដ្ឋជាច្រើនបានទិញដីឡូត៍ ឬផ្ទះភាគច្រើនគឺជាការវិនិយោគ គឺទិញដើម្បីលក់មិនមែនដើម្បីប្រើប្រាស់ឬរស់នៅឡើយ។ លោកទទួលស្គាល់ថា វិស័យសំណង់បង្កើតការងារ ប៉ុន្តែ គ្រឿងសំណង់នាំចូលពីក្រៅប្រទេសជិត៨០% ទៅហើយ។

(លោក គីម ចាន់ចាវ ជូនសេចក្តីរាយការណ៍)

 

លោកលើកឡើងបែបនេះក្នុងកិច្ចពិភាក្សាតុមូល ស្តីពី «ស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជា»នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ នៅរាជបណ្ឌិត្យសភាកម្ពុជាដោយបន្តថា ក្រសួងដែនដីនគររូបនីយកម្ម និងសំណង់អះអាងថា កម្ពុជាមានតម្រូវការផ្ទះ ៥ម៉ឺនល្វែងក្នុងមួយឆ្នាំ ក៏ប៉ុន្តែលោកអះអាងថា តម្រូវការនេះមិនមែនជាតម្រូវការស្នាក់នៅទេ គឺជាត្រូវការទិញដើម្បីលក់បន្ត ដូច្នេះផ្ទះក្លាយជាទំនិញស្ដុកទុកសម្រាប់លក់បន្ត។ លោកក៏បានរំលឹកថា ផ្ទះគឺជាទ្រព្យមូលធនដែលត្រូវសឹករិចរិល ពោលគុណភាពបាត់បង់ពីមួយឆ្នាំទៅមួយឆ្នាំ បើទុកយូរបាត់បង់តម្លៃរបស់ផ្ទះកាន់តែច្រើនទៅៗ។ លោកបន្តថា ការណ៍នាំគ្នាទិញផ្ទះទុកច្រើនកន្លងមកធ្វើឱ្យអ្នកចំណាយលុយទិញទាំងនោះមិនចំណេញឡើយ ដែលទីផ្សារនេះធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាថយ។

«យូរទៅវាក្លាយជាអ្នកលក់ផ្ទះទាំងអស់ ចឹងដល់ពេលក្លាយជាអ្នកលក់ផ្ទះអត់មានអ្នកទិញហ៍ មានន័យថា Liquidity របស់យើងវាធ្លាក់ Liquidityវាធ្លាក់ ចឹងវាជាន់ដានវិបត្តិឆ្នាំ២០០៨ នៅសហរដ្ឋអាម៉េរិកហ៍ ដែលអត់បានមើលប្រវត្តិសាស្ត្រ ជាន់ដានដូចណាប៉ូឡេអុងចឹង។ បានអានេះគឺវិបត្តិ នៅពេលដែលនៅលើទីផ្សារសុទ្ធតែអ្នកលក់ យើងដើរមើលតាមផ្ទះដាក់ផ្លាកលក់ទាំងអស់ មិនមែនទិញផ្ទះដើម្បីនៅឯណា ចឹងដោយសារតែការផ្គត់ផ្គង់លើស..»

បន្ថែមពីនេះលោកបណ្ឌិត គី សេរីវឌ្ឍន៍ ទទួលស្គាល់ថា វិស័យអចលនទ្រព្យបានបំបែកទីផ្សារផលិតកម្មរបស់កម្ពុជាអស់ ព្រោះអ្នកវិនិយោគបានងាកចេញពីការផលិត(SME) ដែលដកដើមទុនពី(SME) ទៅវិនិយោគអចលនទ្រព្យវិញ។ ជាមួយគ្នានេះដែរ អ្នកជំនាញសេដ្ឋកិច្ចរូបនេះឯកភាពការលើកឡើងដែលថា វិស័យសំណង់បង្កើតឱ្យមនុស្សមានការងារធ្វើ ប៉ុន្តែលោកអះអាងថា គ្រឿងសំណង់នាំចូលពីក្រៅប្រទេសជិត៨០ភាគរយទៅហើយ ដែល៨០ភាគរយនេះគឺជាលុយដែលបានចេញទៅក្រៅប្រទេស។

«ការឡើងថ្លៃអចលនទ្រព្យដល់កប់ពពក…ផ្ទះល្វែងលក់មួយល្វែងជាង១០ម៉ឺនដុល្លារ គេថាវិស័យសំណង់ខុសពីវិស័យអចលនទ្រព។ វិស័យសំណង់បង្កើតប្រតិកម្មមនុស្សមានការងារធ្វើ តែគ្រឿងសំណង់នាំចូលចង់៨០ភាគរយទៅហើយ។ ទៅមើលស្ថិតិរបស់គយទៅ នាំចូលគ្រឿងសំណង់ពីណាមកខ្លះ? ចឹងវាក៏. វាបានលេចធ្លាយទៅវិញ យើងខំបង្កើតលុយ ខំធ្វើស្រែ បានលុយមកៗបង់រម្លស់ផ្ទះល្វែង តែលុយបានចេញទៅក្រៅប្រទេសវិញអស់៨០ភាគរយ តាមរយៈការនាំចូលវត្ថុធាតុដើម»

បើតាមការកត់សម្គាល់របស់អ្នកជំនាញសេដ្ឋកិច្ច និងអ្នកជំនាញអចលនទ្រព្យជាទូទៅ រួមទាំង លោកបណ្ឌិត គី សេរីវឌ្ឍន៍ ផងនោះ រយៈពេលឆ្នាំ៣ហើយ ដែលវិស័យអចលទ្រព្យនៅកម្ពុជា បានរងផលប៉ះពាល់ រាប់ចាប់តាំងពីឆ្នាំ២០២០មក ដែលបានជះឥទ្ធិពលមកដល់សេដ្ឋកិច្ចកម្ពុជា ធ្វើឱ្យកម្លាំងទិញថមថយ ហើយរហូតមកដល់ពាក់កណ្តាលឆ្នាំ២០២៣នេះ សន្ទុះនៃការទិញអចលទ្រព្យគ្រប់ប្រភេទ មិនមានផុសផុលនៅឡើយទេ បើទោះបីជាសេដ្ឋកិច្ចចាប់ផ្តើមរើបឡើងវិញ ជាបណ្តើរៗក្ដី៕

Share

ព័ត៌មានទាក់ទង

Image